លោក Guardiola ចុះកុងត្រាថ្មីដើម្បីបន្តោជាមួយនឹង Man City ដល់ឆ្នាំ២០២១

318


លោក Pep Guardiola បានចុះហត្ថលេខាលើកុងត្រាថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបន្តនៅក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម Man City រហូតដល់ឆ្នាំ២០២១ ក្រោយពីជួបរដូវកាលដ៏ប្រកបដោយកំណត់ត្រាមួយ ដោយក្លិបនេះ បានឈ្នះពាន Premier League ជាមួយនឹងពិន្ទុដាច់យ៉ាងឆ្ងាយ។

លោក Guardiola បានដឹកនាំឲ្យជួបយុទ្ធនាការជាប្រវត្តិសាស្ត្រមួយ ខណៈដែល Man City បានក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រនៃកីឡាបាល់ទាត់អង់គ្លេស ក្នុងការរកបាន ១០០ពិន្ទុ ក្នុងក្របខ័ណ្ឌកំពូល ដើម្បីបន្ថែមពាននេះ ទៅលើពាន League Cup របស់ពួកគេ។ គ្រូបង្វឹកវ័យ ៤៧ឆ្នាំរូបនេះបានអះអាងថា ទំនាក់ទំនងដ៏ខ្លាំងរបស់លោកជាមួយនឹងក្រុមយុវជនរបស់ Man City បានធ្វើឲ្យលោកមានការជឿជាក់ក្នុងការបន្តកិច្ចសន្យានៅឯកីឡដ្ឋាន Etihad។

លោក Guardiola បានឲ្យដឹងថា៖ «ខ្ញុំពិតជារំភើបណាស់។ វាជាការរីករាយមួយក្នុងការអាចធ្វើការនៅទីនេះ។ ខ្ញុំពិតជារីករាយក្នុងការធ្វើការជាមួយនឹងកីឡាកររបស់យើងជារៀងរាល់ថ្ងៃ ហើយយើងនឹងព្យាយាមធ្វើការងារឲ្យអស់ពីសមត្ថភាពរបស់យើងក្នុងរយៈពេលខាងមុខនេះ។ ក្នុងនាមជាអ្នកចាត់ការទូទៅ អ្នកត្រូវតែមានអារម្មណ៍ល្អជាមួយនឹងកីឡាករ ហើយខ្ញុំពិតជាមានអារម្មណ៍ល្អ»។ លោក Guardiola នៅសល់រយៈពេល១រដូវកាលទៀតក្នុងកិច្ចសន្យារបស់លោកជាមួយនឹង Man City នៅមុនពេលចុះកុងត្រាថ្មីរយៈពេល២ឆ្នាំ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia