Mourinho ទទួល​បាន​ទឹក​​ប្រាក់ ១០០លាន​ផោន ដើម្បី​ទិញ​កីឡាករ​សំខាន់ៗ​មក Man Utd ដើម​ឆ្នាំ​ក្រោយ

325


(មេនឆេស្ទើ)៖ ក្លឹបបិសាចក្រហម Manchester United ត្រៀមកញ្ចប់ទឹកប្រាក់ជាង ១០០លានផោន ដើម្បីបន្តឲ្យគ្រូ បង្វឹកលោក Jose Mourinho ចំណាយក្នុងការទិញកីឡាករបន្ថែមនៅដើមឆ្នំា២០១៩ ខាងមុខ ដើម្បីដោះស្រាយស្ថានភាពដ៏តានតឹងរបស់ក្លឹបក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ នេះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Guardian កាលពីពេលថ្មីនេះបានឲ្យដឹងថា Mourinho នៅតែបន្តចង់បានខ្សែការពារកណ្តាល និងខ្សែប្រយុទ្ធដែលអាចរកគ្រាប់បាល់បានច្រើនឲ្យក្លឹប បន្ទាប់ពីគាត់បានបរាជ័យ មិនអាចចុះកិច្ចសន្យានាំយកកីឡាករសំខាន់ណាម្នាក់មកលេង អំឡុងទីផ្សារដោះដូរកីឡាករបើកទ្វារកាលពីខែកក្កដាកន្លងទៅ។

លោក Mourinho បានចាប់អារម្មណ៍ខ្សែការពាររបស់ក្លឹប Real Madrid កីឡាករ Raphaël Varane តាំងពីមុនបើករដូវកាល Premier League រដូវកាលនេះ បើអាចទៅរួចគាត់ចង់រៀបចំទឹកប្រាក់នេះ ដើម្បីនាំយកកីឡាករបារាំងវ័យ ២៥ឆ្នាំមករួមក្រុមជាមួយរួមទាំងកីឡាករ Harry Maguire ពី Leicester City និង Jérôme Boateng ពី Bayern Munich ដើម្បីមកបំពេញតំបន់កណ្តាល និងតំបន់ការពារកណ្តាលខាងក្រោមផងដែរ៕