តោះ! យើងមកមើលគំរូ ផ្លូវល្បឿនលឿនដ៏អស្ចារ្យ «ភ្នំពេញ-ក្រុងព្រះសីហនុ» ដែលចាប់ផ្តើសាសង់ ចុងខែមិនានេះ

108


ភ្នំពេញ ៖ ផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជានេះ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុប ១៩០.៣៦៥គ.ម សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ។ ផ្លូវនេះ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កំរាស់ ១០ ស.ម និងថ្មលាយកៅស៊ូ (ATB) ១២ ស.ម ដែលមានទទឹងផ្លូវដល់ ២៤.៥ ម៉ែត្រ ខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវការពារសត្វ រឺ មនុស្សឆ្លងកាត់ ។ តាមបណ្តោយផ្លូវនេះ ក៏មានកន្លែងឈប់សំចតដែលមានលក្ខណៈងាយស្រួល មិនបង្កអោយមានការកកស្ទះចរាចរណ៍ ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ។

កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា នឹងអញ្ជើញជាអធិតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ នៅថ្ងៃទី២២ មីនា ខាងមុខនេះហើយ ។

បើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សាងសង់ចេញពីម្តុំផ្លូវរថភ្លើង នៃតំបន់ទំនប់កប់ស្រូវ ស្ថិតនៅខាងស្តាំដៃផ្លូវជាតិលេខ៤ និងសាងសង់ស្របគ្នានឹងផ្លូវជាតិនេះ រហូតជិតដល់ទីរួមខេត្តកំពង់ស្ពឺ ទើបផ្លូវនេះ ឆ្លងកាត់ផ្លូវជាតិលេខ៤ ងាកមកខាងឆ្វេងដៃវិញ ហើយបន្តរហូតដល់ស្រុកព្រៃនប់ ទើបផ្លូវនេះងាកមកស្តាំដៃ រហូតដល់មាត់សមុទ្រនៃក្រុងព្រះសីហនុ ។

លោក វ៉ាស៊ីម សូរិយា បានមានប្រសាសន៍ឲ្យដឹងទៀតថា ផ្លូវល្បឿនលឿននេះ នឹងមានការធ្វើរបងព័ទ្ធជុំវិញ លើកលែងតែចំណុចឆ្លងកាត់មួយចំនួនដែលមានស្ពានអាកាស និង ស្ថានីយឈប់សំចត ព្រោះវាជាផ្លូវលឿនដែលអាចបើកបរក្នុងល្បឿនពី១២០ ទៅ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ហេតុនេះទើបផ្លូវនេះ មិនតម្រូវឲ្យមានចំណុចឆ្លងកាត់ច្រើននោះទេ ៕