តារា​ចម្រៀង​មាឌធំកញ្ញា​ រ័ត្ន រចនា ក្លាយជា​តារា​​ផលិត​កម្ម ​Galaxy Navatra

313


ភ្នំពេញៈ​ ទី​បំផុត​តារា​ចម្រៀងស្រី ​ដែល​ផ្ទុះ​ភាព​ល្បី​ខ្លាំង​ពេញ​ហ្វេសប៊ុក​ដោយសារ​​​លើកយក​ចម្រៀង​​មរតក​​សំនៀង​ដើម​​លោក​ស្រី ប៉ែន រ៉ន ដែល​មាន​ចំណង​ជើង​ថា «មេម៉ាយ​សប្បាយ​ចិត្ត» មក​បក​ស្រាយ​តាម​កម្មវិធី​ជប់​លៀង ឬ​អាហ្វែរ​នានា គួប​ផ្សំ​នឹង​ទឹក​ដម​សំឡេង​ពីរោះ និង​កាយ​វិការ ក្រមិច​​ក្រមើម​​ដ៏​សម​សួន​គឺ​កញ្ញា រ័ត្ន រចនា មាន​ទ្រនំ​​ជ្រកកោន​ហើយ​ ដោយ​បាន​ចុះ​កុងត្រា​ជាមួយ​ផលិត​កម្ម​​Galaxy Navatra ចំនួន​ ៣ ឆ្នាំទៀតផង​​។

តារាចម្រៀងស្រី​សម្បូរ​សាច់ទ្រលុកទ្រលន់ កញ្ញា រ័ត្ន រចនា ដែលគេដាក់រហ័សនាថា អ្នក​មេម៉ាយ​សប្បាយ​​ចិត្តនោះ បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង​ ក្រោយពីរូប​នាង​​លេច​វត្តមាននៅ​​​ក្នុងផលិតកម្ម Galaxy Navatra របស់​​ឧក​ញ៉ាវ័យ​ក្មេងលោក​ ឡេង ណាវ៉ាត្រា ជាមួយ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​គឺ​បទ ​«ប្រមូល​អ្នក​Single​ ចូល​សារមន្ទីរ» ដែល​កំពុង​តែ​ស្រូប​ប្រជាប្រិយ​ពី​អ្នកគាំទ្រ​យ៉ាង​ខ្លាំង​។​
​អតីត​តារាចម្រៀង​ស្រី​គ្មាន​ផលិតកម្ម ដោយ​​ជ្រក​​ក្រោម​ទ្រនំ​ប៉ុស្តិ៍​ហ្វេ​ស​ប៊ុ​ក សំឡេង​មាន​ទឹក​ដម​ដ៏​ពីរោះ​ទៅ​លើ​ការ​បក​ស្រាយ​បទ​ចម្រៀង​មរតក​ដើម កញ្ញា រ័ត្ន រចនា ដែល​ប្រឡូក​នៅ​ក្នុង​វិថី​សិល្បៈ​ចម្រៀង​ជាង ២០ ឆ្នាំ​ហើយ​នោះ ក៏​មិន​នឹក​ស្មាន​ដល់​ឡើយ​ថា នាង​អាច​មាន​ឱកាស​ទទួល​ការ​គាំទ្រ​ពី​បង​ប្អូន​ប្រិយ​មិត្ត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី នឹង​សំនៀង​បក​ស្រាយ​បទ «មេម៉ាយ​សប្បាយ​ចិត្ត» នៃ​ក្រុម​វង់​តន្ត្រី​អ័រ​កាដង់​​នៅ​តាម​ភូមិ​នោះ​បង្ហើប​ប្រាប់​ឲ្យ​​ដឹង​ពី​​ការ​ចូល​​ផ​លិត​កម្ម​Galaxy Na​vatra ខណៈ​ពេល​​កំពុង​តែ​សម្តែង​នៅ​ប្រទេស​​អូស្រ្តាលី​មុន​ចូល​ឆ្នាំ​ខ្មែរ​។ កញ្ញា រចនា ប្រាប់​ថា៖ «ចាសបង!នាងខ្ញុំ​បាន​ចុះ​កុងត្រា ជាមួយ​នឹង​ផលិត​កម្ម​ Galaxy Na​vatra ចំនួន​បី​ឆ្នាំ​ ខណៈ​ខ្ញុំ​បាន​ចូល​​ផលិតកម្ម​​នេះ​ប្រមាណ​ជិត​បី​ខែ​មក​ហើយ​ដែរ​»។​

គួរ​រំឮក​ថា កញ្ញា រ័ត្ន រចនា តារាចម្រៀង​ស្រី​រះ​លើ​វិថី​សិល្បៈ​ចម្រៀង​នៃ​ក្រុម​ត្រ​ន្តី​អ័​រកា​ដង់​នៅតាម​ភូមិ អតីត​ក៏​ជា​កូន​សិស្ស​របស់​តន្ត្រីករ និង​តារា​ចម្រៀង​ជើង​ចាស់​លោក ម៉ិញ សុធីវណ្ណ ហើយ​បច្ចុប្បន្ន​កំពុង​តែ​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​ពី​សំណាក់​មហាជន​ខ្មែរ​គ្រប់​ច្រក​ល្ហក​ជាមួយ​នឹង​បទ​ពេញ​និយម​របស់​កញ្ញា​គឺ​បទ ​«មេម៉ាយ​សប្បាយចិត្ត» ដែល​ជា​សំនៀង​ដើម​របស់​លោកស្រី ប៉ែន រ៉ន នោះ​៕​