ពេល​ទៅ​លេងសៀមរាប កុំ​ភ្លេច​ឈៀង​ឲ្យស្តេចគំនូរ​រូប​ឲ្យ​ផង!

314


សៀមរាបៈ ស្នាដៃ​គំនូរ​ដូចជា​រូបលោក​វេជ្ជបណ្ឌិត Beat Richner អតីត​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​​ទើប​តែ​បាន​ចែក​ឋាន​នោះ មើល​ទៅ​មាន​លក្ខណៈ​ដូចគ្នា​បេះ​បិទ​តែ​ម្តង មិន​នឹក​ស្មាន​ថា ជា​គំនូរ​​ឡើយ ខណៈ​ជា​ស្នាដៃ​វិចិត្រកម្ម​របស់​វិចិត្រករ​ម្នាក់​មាន​ដុង​ពី​កំណើត និង​ធ្លាប់​បាន​រៀន​ជំនាញ​​វិចិត្រកម្ម​នៅ​​​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ មាន​អាថ៌​កំបាំង​មិន​ទាន់​ឲ្យ​មហាជន​ស្គាល់​ឈ្មោះ​ពិត ​នៅ​ឡើយ​​ដោយ​ឲ្យ​ស្គាល់​ត្រឹម​ឈ្មោះ​ក្រៅ​ហៅថា «វិចិត្រករ​ខ្មែរ ឬ ស្តេច​គំនូរ»។ ដោយមាន​ទេពកោសល្យ​ផ្នែក​គំនូរ​តាំងពី​តូច​មក ទើប​នាំ​ឲ្យ​វិចិត្រករ​ខ្មែរម្នាក់ ដែលមហាជនខ្លះដាក់​​រហស្ស​នាម​ថា «ស្តេច​គំនូរ» សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​បច្ចុប្បន្ន​វ័យ ៣១ ឆ្នាំ បាន​កសាង​ស្នាដៃ​ផ្នែក​គំនូរ​ប្រេង​យ៉ាង​ច្រើន និង​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​គ្រប់​ស្រទាប់​វ័យ កោត​សរសើរ​ពី​ទឹកដៃ​ដ៏​ល្អ​វិចិត្រ​នេះ។


​វិចិត្រករ​លាក់​ឈ្មោះ​រូបនេះរៀបរាប់​ប្រាប់​ថា៖ «តាម​ពិត ជំនាញ​គូរ​គំនូរ​រូប​នេះ ខ្ញុំ​ចេះ​គូរ​វាស​បាន​ល្អ​ជា​​រូបរាង​តាំង​ពី​ខ្ញុំ​រៀន​នៅ​សាលា​បឋម​ម្ល៉េះ ដោយ​ពេល​នោះ ខ្ញុំ​គូររូប​ឲ្យ​មិត្តភក្តិ ដែល ១ សន្លឹក​ក្រដាស A4 ឬ A3 តម្លៃ ១ ៥០០ រៀល ហើយ​ពេល​រៀន​នៅ​អនុ​វិទ្យាល័យ​ខ្ញុំ​នៅ​តែ​ជួល​គូររូប​ឲ្យ​គេ​ដដែល ដោយ​តម្លៃ​​ឡើង​មក ១ សន្លឹក ៥ ០០០ រៀល ហើយ​ក្រោយ​មក​ខ្ញុំ​ក៏​ចាប់​ផ្តើម​គូរគំនូរ​តាម​ជញ្ជាំង​វិហារ​វត្ត​នានា»។ ខណៈ​ការងារ​សិល្បៈ​ផ្នែក​គំនូរប្រេង ដែល​មើលទៅ​មាន​លក្ខណៈ​ដូចគ្នា​បេះបិទ​នឹង​រូប​ភាព​ដើម គូរ​នៅ​លើ​ផ្ទាំង​គំនូរ បាន​ជួយ​កសាង​កេរ្តិ៍​ឈ្មោះ​វិចិត្រករ​ខ្មែរ មាន​ស្រុក​កំណើត​នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ដែល​ពេល​បច្ចុប្បន្ន​កំពុង​តែ​បើក​ហាង​លក់​គំនូរ​ដ៏​ធំ​នៅ​ឯ​ផ្សារ​រាត្រី ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប។


វិចិត្រករខ្មែរមាន​រហស្សនាម​ថា «ស្តេច​គំនូរ» ដែល​ធ្លាប់ជា​ក្មេង​រស់នៅ​វត្ត​សារាវ័ន កាល​ពី​ពេល​រៀន​មហា​វិទ្យាល័យ និង​កើត​ឆ្នាំ​នាគ ហើយ​មាន​និស្ស័យ​ស្រឡាញ់​គំនូរ​មាន​និមិត្ត​រូប​សត្វ​នាគ​ដែរ​នោះ បាន​បន្ត​ថា៖ «សព្វ​ថ្ងៃ​នេះ ខ្ញុំ​មាន​ហាង​លក់​ផ្ទាំង​គំនូរ​ផ្ទាល់​ខ្លួន​នៅ​ឯ​ក្រុង​សៀមរាប ក្បែរ​ផ្សារ​រាត្រី ហើយ​រាល់​ស្នាដៃ​គំនូរ​របស់​ខ្ញុំ​លក់​ដាច់ សឹង​តែ​គ្មាន​គំនូរ​ឲ្យ​ភ្ញៀវ​ទាន់​តាម​តម្រូវការ​ឡើយ។ ចំពោះ​គំនូរ​ខ្ញុំ​មាន​តម្លៃ​ទាប​បំផុត​ចាប់​ពី ១ ផ្ទាំង ១០ ដុល្លារ រហូត​ដល់ ១ ផ្ទាំង​តម្លៃ ២ ០០០ ដុល្លារ។ តែ​ការ​គូរគំនូរ​របស់​ខ្ញុំ​ប្រើ​អារម្មណ៍​ច្រើន ដូច្នេះ​រាល់​ការ​កុម្ម៉ង់​គូរ​រូប​ណា ដែល​មាន​លក្ខណៈ​ប្រញាប់​ប្រញាល់​នោះ​ខ្ញុំ​ក៏​មិន​ទទួល​ដែរ ព្រោះ​ឈរលើ​គោល​ការណ៍​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​គូរ​ខ្លាំង​ជាង​ការ​កំណត់​ពេល។ អ៊ីចឹង​ហើយ​បាន​ជា​ផ្ទាំង​គំនូរ​របស់​ខ្ញុំ​ភាគ​ច្រើន​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​ភ្ញៀវ»៕​​