ថៃគ្រោងនឹងកែឆ្នៃរថយន្តមួយទឹកចាស់ៗទៅជារថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងឆ្នាំ ២០២០ ដើម្បីកាត់បន្ថយចំណាយប្រជាជន និងដើម្បីការពារបរិស្ថាន

141


ថៃ៖ អាជ្ញាធរផ្គត់ផ្គង់អគ្គិសនីនៃប្រទេសថៃគ្រោងនឹងកែឆ្នៃរថយន្តមួយទឹកចាស់ៗនៅក្នុងប្រទេសខ្លួនទាំងអស់ឲ្យក្លាយទៅជារថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងឆ្នាំ ២០២០ នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន BANGKOKPOST។ បើយោងតាមលោក Jiraporn Sirikum ដែលជាប្រធានគម្រោងមួយនេះបានឲ្យដឹងថា រហូតមកទល់នឹងពេលនេះអាជ្ញាធរកំពុងតែធ្វើការបង្កើតក្រុមសិក្សាស្រាវជ្រាវមួយរួចហើយ ដែលមានសមាជិកចូលរួមពីក្រុមអ្នកវិទ្យាសាស្ត្រជាតិ និងក្រុមអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា ដើម្បីការកែច្នៃរថយន្ត៣ប្រភេទ គឺរថយន្ត Toyota Vios, Honda Jazz និង Nissan Almera។

តាមគម្រោងតម្លៃនៃការកែច្នៃរថយន្តពីរថយន្តមួយទឹកទៅជារថយន្តដើរដោយអគ្គិសនី គឺក្នុងមួយគ្រឿងត្រូវចំនាយប្រហាក់ប្រហែល ៣០០,០០០ បាត (៩,៤១១ ដុល្លារអាមេរិក) ហើយបើធៀបទៅនឹងការទិញរថយន្តដើរដោយថាមពលអគ្គិសនីថ្មីមួយគ្រឿង (ម៉ូដែល Tesla របស់អាមេរិក) គឺមានតម្លៃប្រមាណជា ៣ លានបាត (៩៤,១១០ ដុល្លារអាមេរិក)។ ដូចតម្លៃនៃការកែច្នៃរថយន្តគឺថោកជាងតម្លៃនៃការទិញរថយន្តដើរដោយថាមពលអគ្គិសនីថ្មីឆ្ងាយខ្លាំងណាស់។ គេរំពឹងថា ក្រោយគម្រោងមួយនេះទទួលបានជោគជ័យប្រជាជនថៃនឹងរីករាយក្នុងការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដោយមិនសូវចំណាយច្រើនលើថ្លៃសាំង និងអាចជួយរក្សាបរិស្ថានបានមួយផ្នែកផងដែរ៕

អត្ថបទ៖ ភក្តី (Khmernote)

ប្រភព៖ bangkokpost