ស្មានដល់សោះ​ថា សឿ សុធារ៉ា មានក្តី​ស្រមៃ​​ថតរូប​ជុំគ្រួសារជាមួយនឹង​​សម្តេចហ៊ុន សែន​

107


ភ្នំពេញៈ ថ្មីៗ​ស្រាប់​តែ អតីតតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព អ្នកនាង សឿ សុធារ៉ា ជាភរិយារបស់តារាចម្រៀងប្រុស សាពូន មីដាដា បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង តាមរយៈការបង្ហាញវត្តមានក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ហើយ​​ត្រូវ​គេ​គិតថា ភរិយាស្វាមី​គូនេះ នឹងត្រឡប់ចូលវិស័យសិល្បៈវិញ បន្ទាប់ពីផ្អាកសម្តែងអស់រយៈពេលច្រើនឆ្នាំមក​។
ប៉ុន្តែអ្វីដែលសំខាន់ ពេល​នោះ​ស្រាប់​អ្នកនាង សឿ សុធារ៉ា និងស្វាមី ​បង្ហើប​ប្រាប់​ក្តី​ស្រមៃ​មួយ​ថា ​៖ ​«ចង់សម្រេច​ក្តី​ស្រមៃនៅ​ក្នុ​ង​ជីវិត គឺថតរូបជុំគ្រួសារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន»។


អ្នកនាង សឿ សុធារ៉ា និងស្វាមីគឺលោក សាពូន មីដាដា ថ្មីៗនេះ បានបង្ហាញវត្តមានក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» ប្រកប​ដោយស្នាមញញឹម ស្ទើរគ្រប់វិនាទី ព្រមជាមួយគ្នានេះ អ្នកទាំងពីរបានរួមគ្នា ច្រៀងចម្រៀងមួយបទ ក្រោម​ចំណង​ជើង​ថា «អក្ខរាលោហិត» យ៉ាងពីរោះ។
អ្នកនាង សឿ សុធារ៉ា និយាយថា ដោយសារតែនឹករឭកដល់ទស្សនិកជន ជាពិសេសគឺនឹករឭកដល់សម្ដេច តេជោ​ដែល​អ្នកនាង​តែងហៅថា «សម្ដេចតេជោ មហាវិរៈបិតា សន្តិភាពជាតិខ្មែរ» ទើបអ្នកនាងទទួលច្រៀង ក្នុងកម្មវិធីនោះ ព្រោះ​ដឹង​ថា សម្ដេចតែងចូលទស្សនាក្នុងកម្មវិធីនោះរាល់ពេលផ្សាយផ្ទាល់។ អ្នកនាងថា ខ្លួន និង​គ្រួសារ​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង នៅពេលដែលបកស្រាយបទចម្រៀង ហើយត្រូវបានសម្ដេចនាយករដ្ឋ មន្ត្រីចូលទស្សនា និង​ចូល Comment សួរ​សុខ​ទុក្ខ​នាង និងស្វាមី ព្រមទាំងកូនទាំង ២ នាក់។ សឿ សុធារ៉ា បានបង្ហាញក្តីស្រមៃថា អ្នកនាង និងគ្រួសារ នៅ​មាន​បំណង​ធំមួយទៀត គឺបានថតរូបជាមួយសម្ដេចនាយករដ្ឋ មន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាលក្ខណៈគ្រួសារ ដើម្បី​ដាក់​តាំង​ក្នុង​ផ្ទះ៕​