Microsoft ក៏​ចូលរួម​ដាក់​បំរាម​លើ Huawei ដូច Google បានធ្វើដែរ!

115


(អាមេរិក)៖ ក្រុមហ៊ុន Microsoft ដែលពីដើមឡើយបានបដិសេធក្នុងការបញ្ជាក់ថា ខ្លួនយល់ព្រម ឬមិនទាន់យល់ព្រមដាក់បំរាមណាមួយលើក្រុមហ៊ុនចិន Huawei តាមរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចនោះ ពេលនេះប្រហែលជាមិនអាចអូសបន្លាយទៀតបាន ទើបខ្លួន សម្រេចបញ្ចេញនូវចំណាត់មួយដែរ នោះគឺបញ្ឈប់ការលក់ Huawei MateBook X Pro នៅក្នុងអនឡាញ Store របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ Sputnik នាយប់ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។

ការសម្រេចរបស់ Microsoft ខាងលើត្រូវបានគេមើលឃើញថា ក្រុមហ៊ុនយក្សអាមេរិកមួយនេះមិនអាចស៊ូទ្រាំនឹងសម្ពាធពីរដ្ឋបាលលោក ដូណាល់ ត្រាំ តទៅទៀតឡើយព្រោះ Huawei បានស្ថិតនៅក្នុងបញ្ជីខ្មៅអាមេរិករួចទៅហើយ ខណៈក្រុមហ៊ុនអាមេរិកជាច្រើន ត្រូវបានណែនាំឲ្យបញ្ឈប់ជំនួញជាមួយនឹង Huawei។ បើតាមសារព័ត៌មាន The Verge ក្រុមហ៊ុន Microsoft នឹងនៅតែបន្តឲ្យលក់ផលិតផលកុំព្យូទ័ររបស់ Huawei ខាងលើនេះ រហូតដល់អស់ពីស្តុកដែលមានស្រាប់។

គួរបញ្ជាក់ថា ការសម្រេចរបស់ Microsoft គឺហាក់នៅក្រោយបន្តិចពី Google និងក្រុមហ៊ុនអាមេរិកមួយចំនួនទៀត ដែលបានព្យាយាមអនុឡោមតាមការសម្រេចពីរដ្ឋបាលក្រុងវ៉ាស៊ីតោន បើទោះបីជាត្រូវផ្ទុះការរិះគន់ និងព្រួយបារម្ភពីអតិថិជនទូទាំងពិភពលោកក៏ដោយ។ យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មអាមេរិកបានសម្រេចទុកពេលឲ្យ Huawei ចំនួន ៩០ថ្ងៃ ដើម្បីរៀបចំកម្មវិធីប្រតិបត្តិការរបស់ខ្លួន ប៉ុន្តែគេនៅមិនទាន់ច្បាស់ថា តើកំឡុងពេល ៩០ថ្ងៃ គិតចាប់តាំងពីថ្ងៃ២០ ខែឧសភាតទៅ និងបន្ទាប់ពីពេល ៩០ថ្ងៃនោះ នឹងមានរឿងអ្វីកើតឡើងបន្តទៀតឡើយ៕