អបអរសាទរ! កម្ពុជា ក្លាយ​ជា​ប្រទេស​ទីមួយនៅ​អាស៊ាន ដែលនឹងប្រើ​​អ៊ីនធឺណិត​លឿន​​ផុត​លេខ 5G

100


ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុង “មហាសន្និបាតទូរស័ព្ទចល័តពិភពលោកឆ្នាំ២០១៩-Mobile World Congress 2019-MWC19” និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។

មហាសន្និបាតនេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ “ប្រជាពលរដ្ឋឌីជីថល” ដែលបានធ្វើឱ្យអ្នកចូលរួមបានស្វែងយល់ពីអ្វីដែលជាការផ្លាស់ប្តូរឌីជីថល ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងពិភពលោក ក៏ដូចជាផលប៉ះពាល់នៃបច្ចកវិទ្យាថ្មីទៅលើកំណើនសេដ្ឋកិច្ចរយ:ពេលវែង។ ជាមួយគ្នានេះ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការដាក់តាំងពិព័រណ៍នូវឧបករណ៍បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) និងដំណោះស្រាយនានាពាក់ព័ន្ធនឹងប្រព័ន្ធ5G ដែលជាប្រធានបទឈានមុខគេ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញទស្សនានូវឧបករណ៍ និងដំណោះស្រាយនានាដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យាទំនើបៗចុងក្រោយ ដែលបានដាក់តាំងពិព័រណ៍ដោយក្រុមហ៊ុននានានៅលើពិភពលោក។

គូសបញ្ជាក់ផងដែរថា បណ្តាប្រទេសធំៗនៅលើពិភពលោក មាន ចិន កូរ៉េ រុស្ស៊ី សហភាពអឺរ៉ុប និងបណ្តាប្រទេសដទៃទៀត កំពុងត្រៀមខ្លួនក្នុងការដាក់អោយប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) នៅក្នុងពេលខាងមុខឆាប់ៗនេះ។ ព្រះរាជាណាចក្រកម្ពុជា ក៏កំពុងត្រៀមខ្លួន ហើយនឹងអាចជាប្រទេសទី១ ដែលប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) មុនគេនៅក្នុងតំបន់អាស៊ាន៕

 

ដកស្រង់ដោយ​៖ លោក ប៊ុត ហេង (den-sharing)

ប្រភព៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍