​​ខប់ៗ និស្សិត​រៀនចប់​ជំនាញ​ចុង​ភៅ​​​ពី​សាលា​​​ម្អូប​​អាហារ​​កម្ពុជា អាច​ទៅ​ធ្វើ​​​​ការ​ងារ​ក្រៅ​ប្រទេស​បាន​

107


ភ្នំពេញៈ ការ​សិក្សា​ជំនាញ​ចុង​ភៅ​រយៈ​ពេល​ ២​ ឆ្នាំ នេះ​​​ ត្រូវ​បាន​ទទួល​ស្គាល់​លក្ខណៈ​អន្តរជាតិ ដោយ​និស្សិត​ ដែល​​បាន​រៀនចប់​គឺ​​សង្ឃឹម​មាន​​ទី​ផ្សារ​ការ​ងារ​ផ្នែក​ចុង​ភៅ​ ទាំង​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេសបាន ខណៈ​ការ​សិក្សា​មាន​ទាំង​បង់​ថ្លៃ​សិក្សា និង​ទទួល​បាន​អាហារូប​ករណ៍​ផង​ដែរ​​ សម្រាប់​និស្សិតក្រី​ក្រ​​ប្រសិ​ន​បើ​មាន​ចំណាប់​អារម្មណ៍​​​ចង់​ចាប់​យក​ជំនាញជា​ចុង​ភៅ​នេះ​។
ក្រុម​និស្សិត​​​ប្រុស​ស្រី មានចម្រុះ​​វ័យ​ ​ ដែល​មក​ពី​ខេត្ត​ក្រុង​នានា​ និង​មាន​​ជន​ជាតិ​បារាំង​​​ផង​ដែរ សរុប​​​ចំនួន ​២១​ រូប បាន​បញ្ចប់ការ​សិក្សា​​ជំនាញ​ចុង​ភៅ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ៣១ ខែ​ឧសភា ឆ្នាំ​២០១៩ ចុង​​​សប្តាហ៍​កន្លង​មក នៅ​វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា​​ ក្រោយ​ពី​បង្កើត​នៅ​ឆ្នាំ​២០១៧​មក​នោះ​។​ ​


អ្នក​ស្រី ឆាយ សុភី ជា​អ្នក​​ទំនាក់​ទំនង​សាធារណៈ​របស់​វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា ឬ Academy of Culinary Arts Cambodia (ACAC) បាន​ឲ្យ​ដឹង​ថា៖ «​នេះគឺ​ជា​និស្សិត​ជំនាន់​ទី ​១ ដែល​មាន​ចំនួ​ន ២១ រូប ​មក​ពី​ខេត្ត​ក្រុង​នានា​ និង​មាន​​ជាជន​ជាតិ​​បារាំង​ខ្លះផង​​ដែរ ​ដោយ​មាននិស្សិត​​ស្រី ៩ រូប និង​ប្រុស​ចំនួន​ ១២ រូប​ បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​ចុង​​ភៅ​របស់​​ខ្លួន​​ និង​​​ទទួល​សញ្ញា​បត្រ​​ផងដែរ ​កាល​ពីល្ងាច​​ថ្ងៃសុក្រ​ទី ​៣១​ ខែ​ឧសភា ឆ្នាំ​២០១៩ ខណៈ​វិទ្យាស្ថាន​យើង​បាន​បង្កើត​ និង​ចាប់​ផ្តើម​ទទួល​​​សិស្ស និស្សិត​ដំបូង​កាល​ពីឆ្នាំ​២០១៧​​​ ដែល​កម្ម​វិធី​សិក្សាគឺ​​មាន​រយៈ​ពេល​ ២​ ឆ្នាំ ទៅ​លើ​ជំនាញ​ផ្នែក​​ចុង​ភៅ​សុទ្ធសាធ​តែ​ម្តង​»​។
​អ្នកស្រី ឆាយ សុភី បង្ហើប​ឲ្យ​ដឹង​ថា៖ «ជាក់​ស្តែង​ដូចជា​ចំណោម​និស្សិត​ជំនាន់​ទី១ ចំនួន ​២១ រូប​នេះ ដែល​ទើប​បាន​​បញ្ចប់​ការ​សិក្សា និង​ទទួល​​សញ្ញា​បត្រ​នេះ មាន ១០ ភាគ​រយ ​គឺ​ជា​និស្សិត​ ដែល​ទទួល​បាន​​អាហា​រូប​ករណ៍​​ពី​វិទ្យាស្ថាន​យើង។​ ខណៈ​ពួក​គាត់​ត្រូវ​ឆ្លង​កាត់​នូវ​អ្វីជា​តម្រូវ​ការ​តាម​លក្ខខណ្ឌ​ពី​វិទ្យា​ស្ថាន​​​​គឺ​ត្រូវ​តែ​​ជា​និស្សិត​ក្រី​​ក្រ​​ពិត​ប្រាកដ​ ដោយ​​មាន​លិខិត​បញ្ជាក់​ភាព​ត្រឹ​ម​ត្រូវ​ចេញ​ពី​​អាជ្ញាធរ​ភូមិ​ឃុំ​​របស់​ខ្លួន​ផ្ទាល់​ និង​ពាក្យ​សុំ​អាហារូប​ករណ៍​​ពី​វិទ្យាស្ថាន​​។​ ម្យ៉ាង​វិញ​ទៀត សម្រាប់​ការ​សិក្សា​នេះ​ ទទួល​​និស្សិត​គ្រប់​​ភេទ និង​គ្រប់​វ័យ​ចន្លោះ​ពី ១៨ ឆ្នាំ ដល់ ៤០ ឆ្នាំ​ ហើយ​ចំពោះ​និស្សិត​ក្មេងៗ​ត្រូវ​មាន​ការ​កំណត់​ចាប់​ពី​​ការ​​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី ​១២ ឡើង​ទៅ ឬជា​និស្សិត​ជាប់​បាក់ឌុប ឬ​ធ្លាក់​បាក់​ឌុប​ ។​ ចំណែកឯ​​ការ​បង់​ថ្លៃ​វិញ​គឺ​ប្រសិន​បើ​ជា​និស្សិត​​ខ្មែរ​ត្រូវ​បង់​​​ថ្លៃ​សិក្សា​មួយ​​ឆ្នាំ​ចំនួន​ ៤០០០​ ដុល្លារ ខណៈ​​ជា​និស្សិត​បរ​ទេសវិញ​ក្នុង​​មួយ​ឆ្នាំ ​ត្រូវ​បង់​​ថ្លៃ​​​ ៦៥០០ ដុល្លារ​»៕​