សៀង ចន្ធា បង្ហើប​សំដី​​គ្រូបង្វឹក មុន​ដាក់​ឲ្យលេង និង​រកគ្រាប់​នាំ​មុខ​ឲ្យ​កម្ពុជា ទល់​នឹង​ប៉ាគីស្ថាន

123


(ភ្នំពេញ)៖ ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ផ្លាស់ប្ដូរស្ថានការណ៍ប្រកួតលើទីលានប្លែក បន្ទាប់ពីគ្រូបង្វឹកលោក Felix Gonzales Dalmas ប្ដូររូបគេជំនួសកីឡាករ សេត រ៉ស៊ីប នៅនាទី៧៥ ក្នុងជំនួបជើងទី១ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថានកាលពីយប់មិញ រហូតរកបានគ្រាប់បាល់នាំមុខ ១គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ ក្រោយប្ដូរបាន ៦នាទីទៀតផង។

តើលោក Felix បាននិយាយអ្វីខ្លះទៅកាន់ សៀង ចន្ធា មុនដាក់រូបគេឲ្យចូលលេង ហើយធ្វើឲ្យមានការផ្លាស់ប្ដូរស្ថានការណ៍​លើទីលានស្ទើរមិនគួរឲ្យជឿដូច្នេះ? ពាក់ព័ន្ធការផ្លាស់ប្ដូរនេះ សៀង ចន្ធា បានទម្លាយថា មុនដាក់ខ្ញុំចូល គាត់(Felix) បានប្រាប់នូវតាក់ទិចលេង តែសំខាន់បំផុត គាត់ប្រាប់ថា ត្រូវរកគ្រាប់បាល់ឲ្យគាត់ឲ្យបាន។

ជាការពិតក្រោយប្ដូរចូល ចន្ធា មិនបានធ្វើឲ្យគ្រូបង្វឹក និងសិស្សច្បងខកចិត្តឡើយ ដោយនៅនាទី៨១ គេបានទាត់បំប៉ោងសំណាញ់ទីប៉ាគីស្ថាន ១គ្រាប់ មុនសិស្សច្បង គួច សុកុម្ភៈ បន្ថែម ១គ្រាប់ទៀត នៅនាទី៨៤ ដែលជួយឲ្យក្រុមគោព្រៃកម្ពុជា យកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ២-០ រហូតដល់ចប់ការប្រកួតពេញម៉ោង។

តាមរយៈការរកបាន ១គ្រាប់ដំបូងឲ្យក្រុមជម្រើសជាតិកម្ពុជាឈុតធំនេះដែរ សៀង ចន្ធា ត្រូវបានចារឈ្មោះក្នុងប្រវត្តិសាស្ដ្រ ក្នុងនាមជាកីឡាករវ័យក្មេងជាងគេ ដែលរកបានគ្រាប់បាល់ឲ្យក្រុមគោព្រៃកម្ពុជា ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធវ័យក្មេង មកពីសាលាបាល់ទាត់ជាតិបាទីរូបនេះ ទើបមានវ័យ ១៦ឆ្នាំ និងក្បែរ ៩ខែប៉ុណ្ណោះ។

ចំពោះក្រុមគោព្រៃកម្ពុជា បន្ទាប់ពីទទួលបានជ័យជម្នះក្នុងដី ២-០ សម្រាប់ធ្វើដើមទុនហើយនោះ ពួកគេនឹងធ្វើដំណើរទៅទីក្រុងដូហា ប្រទេសកាតាល្ងាចនេះ ដើម្បីត្រៀមប្រកួតកាត់សេចក្ដីជើងទី២ ជាមួយប៉ាគីស្ថាន នាថ្ងៃទី១១ ខែមិថុនាខាងមុខ ដើម្បីកំណត់ក្រុមខ្លាំង ឡើងជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC)៕

ប្រភព Freshnews