តោះ!​សាកជាមួយ​ផ្ទះ​តូច​មាន​បរិក្ខា​ទំនើប​ សម្រាប​ការ​លម្ហែ​សម័យ​​ថ្មី​​បែប​​ធម្មជាតិពិតៗ!​

253


ភ្នំពេញ: ពិតជា​អស្ចារ្យណាស់​សម្រាប់​ការ​ផ្ដួច​ផ្ដើម​កសាង​ផ្ទះ​តូច​ ដែល​អាច​តម្លើង​នៅតាម​ទី​ជម្រាល​ព្រៃ​ភ្នំ​ដោយ​មិន​ប៉ះពាល់​ដល់​ធម្មជាតិ​ ​បាន​កកើត​ឡើង​ដោយ​អ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យ​ម្នាក់​ ដែល​មាន​បំណង​បង្កើត​អេកូ​រីសត​ផ្ទាល់​ខ្លួន​។
ដោយសារ​​ស្គាល់​ថា​ជា​ក្រុមហ៊ុនសង់​ផ្ទះ​ចល័ត​ទំនើប ​Glamping Pods Cambodia ត្រូវបាន​បង្កើត​ឡើង​ក្នុង​បំណង​ផ្ដល់​សេវាកម្ម​សង់​ផ្ទះ​តូច​សម្រាប់​តម្លើង​នៅ​តាម​សណ្ឋាគារ ​​អេកូ​រីសត​ និង​ចម្ការ​ធំ​ៗ​។ ផ្ទះ​តូច​ក្នុង​រូប​រាង​ដំបូល​កោង​ ដែល​ស្រដៀង​នឹង​ផ្ទះ​ជន​ជាតិ​ដើម​ភាគ​តិច​​ បំពាក់​ទាំង​បន្ទប់​ទឹកកន្លែង​ចម្អិន​អាហារនិង​កន្លែង​ទទួល​ភ្ញៀវ​ជាមួយ​បរិក្ខា​ទំនើប​ៗ​។


លោក រិទ្ធី ដែល​ស្ថាបនិក Glamping Pods Cambodia ប្រាប់​ថា​៖ «ខ្ញុំ​ចង់​សង់​ផ្ទះ​ឲ្យ​តូច និង​រស់​នៅ​ស្រួល​។ ខ្ញុំ​មាន​ទីតាំង​មួយ​ចំនួន​ ដោយ​ចង់​ប្រែ​ក្លាយ​ជា​អេកូ​រីសត​។ យើង​ចាប់​ផ្ដើម​គិត​ថា តើ​យើង​គួរ​ធ្វើ​ផ្ទះ​បែប​នេះ ដោយ​ចំណាយ​ប្រាក់​តិច​ និង​ចំណេញ​ពេលវេលា ព្រមទាំង​ដឹក​ជញ្ជូន​ស្រួល​។ យើង​ចង់​សង់​ឲ្យ​រួច​រាល់​ ទើប​ដឹក​យក​ទៅ​ដល់​ទី​កន្លែង​តែម្ដង​»។
លោក​បាន​ព្យាយាម​សិក្សា​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត ប្រឹក្សា​ជាមួយ​មិត្ដភក្ដិ​ជា​វិស្វករ​សំណង់​ និង​ធ្វើ​ដំំណើរ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ស្វែង​រក​លទ្ធភាព​បង្កើត​ក្ដី​ស្រមៃ​របស់​ខ្លួន​។ លទ្ធភាព​នៃ​ការ​ទិញ​ផ្ទះ​ចល័ត​ទាំង​នោះ​ពី​ក្រៅ​ប្រទេស វា​មិន​អាច​ទៅ​រួច​ ដោយសារតែ​វា​ធំ​ និង​ចំណាយ​​ថ្លៃដើម​ដឹក​ជញ្ជូន​ខ្ពស់​។
អ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យ​រូប​នេះបាន​ទិញ​ដី​ជា​ច្រើន​រយ​ហិកតា​បម្រុង​ទុក​សម្រាប់​សង់​អេកូ​រីសតហើយ​កាល​ពី​ប៉ុន្មាន​ខែ​មុនលោក​បាន​សម្រេច​ចិត្ដ​សង់​ផ្ទះ​គំរូ​មួយ​ បំណង​យក​ទៅ​តម្លើង​នៅ​លើ​ដី​របស់​ខ្លួន​។ ផ្ទះ​គំរូ​ដំបូង​បាន​ទាក់​ចិត្ដ​មហាជន​លើ​បណ្ដាញ​សង្គម​ដែល​មាន​ការ​ចាប់​អារម្មណ៍​លើ​ម៉ូដ​ និង​ភាព​ទំនើប​របស់​ផ្ទះ​តូច​។​
លោកបាន​​អះអាង​ថា​ទើប​តែ​មាន​រយៈ​ពេល ២ ឬ ៣ ខែ​នេះពេល​យើង​ធ្វើ​ទៅស្រាប់តែ​មាន​ការ​គាំទ្រ​ច្រើន​។ មាន​ការ​កុម្ម៉ង់​ច្រើន​តាម​រយៈ​ការ​បង្ហោះ​វីដេអូ 3D តាម​បណ្ដាញ​សង្គម​។


Glamping Pods Cambodia ​មានផ្ទះ​​ ៤ ប្រភេទ គឺ​រំដួល និង​​​ក្រវាន់​ដែល​មាន​ដំបូល​រាង​មូល​​​ព្រមទាំង Modern &A1 ដែល​មាន​រូប​រាង​ជ្រុង ​​ពីរ​ម៉ូដ គឺ​ប្រភេទ​ផ្ទះ​ស្នាក់ (ទ្វារ​មួយ​ដូច​ផ្ទះ​)​ និង​ប្រភេទ​សណ្ឋាគារ (មាន​កញ្ចក់ទ្វារ​មុខ​ក្រោយ​) ហើយ​ចំណែក​ប្រភេទទី ៤​ ដែល​ស្ថិត​ក្នុង​គម្រោង​ គឺ​មាន​បំពាក់​កង់​ ដែល​អាច​ចល័ត​តាម​រថយន្ដ​។
ម៉ូដ​រំដួល ឬ​ក្រវាន់ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន តែ​ចំពោះ​ការ​កុម្ម៉ង់​ជាក់​ស្ដែង ម៉ូដ Modern & A1 បែរ​ជា​ពេញ​និយម​ទៅ​វិញ​ ដោយ​បច្ចុប្បន្ន​ភ្ញៀវ​បាន​បញ្ជា​ទិញ​ម៉ូដ​រំដួល ឬ​ក្រវាន់​ប្រមាណ ២០ ផ្ទះ និង​ម៉ូដ​ Modern & A1 ៣០ ផ្ទះ បូក​បន្ថែម​ផ្ទះ​តូច​ៗ​អត់​បន្ទប់​ទឹក​ប្រមាណ ៥០ ផ្ទះ​ទៀត​។
ផ្ទះ​តូច​ជាងគេ ទំហំ ២,៥ x ៣ ម៉ែត្រ មាន​ឬ​អត់​មាន​បន្ទប់​ទឹក​ តម្លៃ​ពីជាង​ ៣០០០ ទៅ ៤៥០០០ ដុល្លារ​។ ទំហំទីពីរ​ ២,៥ x ៦ តម្លៃ ប្រហាក់​ប្រហែល ៦០០០ ទៅ ៧០០០ ដុល្លារ​ ទំហំ​ទីបី ៣ x ៦ ដែល​ចាត់​ទុក​ថា​ធំ​ដែល​អាច​ដាក់​គ្រែ បន្ទប់ទឹក សាឡុង មាន​តម្លៃ​ចន្លោះ ៧៥០០ ដុល្លារ​​ ហើយ​ធំ​មួយ​ទៀត គឺ ៤ x ៦ ខ្នាត​ធំ​ជាង​ហើយ មានតម្លៃ​ប្រហាក់​ប្រហែល ៩០០០ ដុល្លារ​។
ព័ត៌មាន​បន្ថែម Glamping Pods Cambodia មាន​ទីតាំង​នៅ​ផ្ទះ ២២៣ ផ្លូវ​ ៥៩៨ ភ្នំពេញ​ថ្មី សែន​សុខ ភ្នំពេញ ឬតាម​ទូរស័ព្ទ ០១៧ ៦១៧ ០០៧៕