អបអរសាទរ! ក្រុមគោព្រៃកម្ពុជា បន្ដឈ្នះប៉ាគីស្ថាន ២-១ ឡើងជុំទី២ នៃវគ្គជម្រុះ FIFA World Cup 2022

80


(ដូហា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា (FIFA World Cup 2022) ជាផ្លូវការហើយ បន្ទាប់ពីបន្ដយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី២ នៅទីក្រុងដូហា ប្រទេសកតា នារាត្រីថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ។

ឆ្លងកាត់ការប្រកួតកាត់សេចក្ដីដ៏តានតឹង ៩០នាទីពេញ ប៉ាគីស្ថាន បាននាំមុខក្រុមរហស្សនាមគោព្រៃកម្ពុជា ១គ្រាប់ តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រ ក្រោយទាត់បាល់ប៉ះដៃខ្សែការពារកម្ពុជា ក្នុងប្រអប់គ្រោះថ្នាក់ ហើយមានការព្យាយាមជួយពីអ្នកចាំទី កែវ សុខសិលា តែមិនបានសម្រេច ។ លទ្ធផលនេះ បានរក្សាបណ្ដោះអាសន្ន រហូតដល់ចប់តង់ទី១ ។

លុះចូលតង់ទី២ ក្រោមការដឹកនាំផ្ទាល់របស់អ្នកចាត់ការទូទៅក្រុម លោក Keisuke Honda បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា ផ្លាស់ប្ដូរយុទ្ធសាស្ដ្រថ្មី និងធ្វើបានយ៉ាងល្អ រហូតវាយបកបាន ២គ្រាប់វិញ ដែលធ្វើសម្រេចដោយកីឡាករ សេត រ៉ស៊ីប នៅនាទី៦៤ និងកីឡាករ រឿង ប៊ុនហៀង នៅនាទី៨៩ ទម្លាក់ក្រុមប្រជុំដោយកីឡាករកូនកាត់ប៉ាគីស្ថាន ជាមួយជ័យជម្នះ ២-១ តែម្ដង។

សរុបលទ្ធផល ២ជើង ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមប៉ាគីស្ថាន ៤-១ ដ្បិតកាលពីជើងទី១ កម្ពុជា បានយកឈ្នះប៉ាគីស្ថាន ២-០ ក្នុងដីម្ដងរួចមកហើយ ។ ដូច្នេះក្រុមគោព្រៃកម្ពុជា ត្រូវឡើងទៅជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកតា ជាថ្មី បន្ទាប់ពីធ្លាប់ទម្លាក់ក្រុមម៉ាកាវ ៤-១ ឡើងជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup 2018 កាលពីឆ្នាំ២០១៥ កន្លងទៅ ៕

ប្រភព Freshnews