ជប៉ុន ប្រមូលសំរាមប្លាស្ទិកចំនួន ៤៥តោន សម្រាប់ធ្វើវេទិកាជ័យលាភីឈរទទួលមេដាយ ក្នុងឱកាសកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំក្រោយនេះ

110


វេទិកាសម្រាប់ជ័យលាភីទទួលមេដាយ (Podium) របស់កីឡាអូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០ នឹងត្រូវធ្វើឡើងពីសំណល់ប្លាស្ទិក ដែលនឹងត្រូវយកពីអ្នកស្រុក ឬប្រមូលពីតំបន់សមុទ្រ។ វាជាលើកទីមួយហើយ ដែលវេទិកាសម្រាប់ទទួលជ័យលាភីនេះត្រូវបានគេធ្វើឡើងពីវត្ថុធាតុដើមដែលចេញពីសំរាមកែច្នៃឡើងវិញ ហើយអ្នករៀបចំកម្មវិធីបាននិយាយថា ពួកគេត្រូវការប្លាស្ទិកប្រហែល ៤៥តោន ដើម្បីធ្វើវេទិកាចំនួន ១០០ទុកសម្រាប់ការប្រកួតកីឡាអូឡាំពិកនេះ។

នាយកប្រតិបត្តិកីឡាអូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០ លោក Toshiro Muto បាននិយាយថា ផែនការនេះគឺដូចជាសារដ៏សំខាន់មួយ ដែលអ្នករៀបចំចង់ឱ្យវាក្លាយទៅជាប្រធានបទចម្បង។ ជាក់ស្តែងមិនមែនត្រឹមតែវេទិកាសម្រាប់ជ័យលាភីទទួលមេដាយនេះទេដែលជប៉ុននឹងធ្វើវាចេញពីសំណល់ប្លាស្ទីក ជាក់ស្តែងកាលពីដើមឆ្នាំនេះពួកគេក៏បានបង្ហើបផងដែរថា នឹងធ្វើមេដាយចេញពីសំណល់អេឡិចត្រូនិកដូចជា៖ សំណល់ទូរស័ព្ទ គ្រឿងយន្ត…។ សូម្បីតែឈុតកីឡារបស់ពួកគេក៏ត្រូវបានកែច្នៃពីក្រណាត់ចាស់ៗ (recycled clothes) ផងដែរ ដែលនេះវាបានបង្ហាញថា សារសម្រាប់កីឡាអូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០ គឺនិយាយពីបរិស្ថាន៕

អត្ថបទ៖ លីដា
ប្រភព៖ CNA