អាហ្សង់ទីន ប៉ះម្ចាស់​ផ្ទះ​ប្រេស៊ីល ព្រឹក​ស្អែក​នេះ ដើម្បី​ប្រជែង​យក​កៅ​អីវគ្គ​ផ្តាច់​ព្រ័ត្រ Copa America

98


(ក្រុងរីយ៉ូ)៖ ក្រុមបាល់ទាត់ពពកស អាហ្សង់ទីន នឹងពើបប្រទះទល់នឹងម្ចាស់ផ្ទះសាំបាប្រេស៊ីល ដើម្បីប្រជែងកៅអីវគ្គ ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិកឡាទីន Copa America 2019 ដែលនឹងធ្វើឡើងនៅថ្ងៃពុធ ទី០៣ ខែកក្កដា ម៉ោង ៧៖៣០នាទីព្រឹក (ម៉ោងនៅកម្ពុជា)។

ក្រុមដែលមានកីឡាករសំខាន់ Lionel Messi បានទម្លាក់វេណេហ្សូអេឡា ក្នុងលទ្ធផល ២-០ ក្នុងវគ្គ ៨ក្រុមចុង ក្រោយ បន្ទាប់ពីពួកគេបានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ចេញពីពូល B ដើម្បីឡើងមកជួបប្រេស៊ីលក្នុង វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅព្រឹកស្អែកនេះ។ ប្រេស៊ីល បានឆ្លងផុតវគ្គ ៨ក្រុមចុងក្រោយទាំង ត្រដាបត្រដួស បន្ទាប់ពី យកឈ្នះគូប្រជែងប៉ារ៉ាហ្គាយ ៤-៣ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីប្រកួតពេញម៉ោង ៩០នាទី ស្មើគ្នា ០-០។

ជំនួបដែលត្រូវបានគេឲ្យឈ្មោះថា «El Clasico» ប្រចាំតំបន់អាមេរិកឡាទីនផងនោះ ខកខានជួបគ្នាជិត ១ឆ្នាំមកហើយ គិតចាប់តាំងពីប្រេស៊ីល បានយកឈ្នះអាហ្សង់ទីនត្រឹម ១-០ កាលខែតុលា ឆ្នាំ២០១៨ កន្លងទៅមានកីឡាករឆ្នើម Neymar ចូលរួមជាមួយសាំបាផងនោះ។

ក្រុមឈ្នះនឹងឡើងទៅឈរចាំមុនក្នុងវគ្គ Final ដោយត្រូវរង់ចាំក្រុមឈ្នះរវាងប៉េរូ ប៉ះក្រុការពារតំណែងជើងឯក ឈីលី ផងដែរដែលនឹងធ្វើការប្រកួតនៅថ្ងៃបន្ទាប់ មុនពេលវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពេលប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៧ ខែកក្កដានោះ៕