ស្វែងយល់ទាំងអស់គ្នា!!! ក្រសួងសុខាភិបាលពន្យល់បញ្ហាពីរយ៉ាង ដែលបណ្ដាលឱ្យអ្នកជំងឺគ្រុនឈាមគ្រោះថ្នាក់ដល់ជីវិត

149


(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា បញ្ហាពីរយ៉ាងធ្វើឱ្យអ្នកជំងឺគ្រុនឈាមគ្រោះថ្នាក់ដល់ជីវិត (ស្លាប់) ពេលដែលទទួលការព្យាបាលមិនបានត្រឹមត្រូវ ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា «បញ្ហាពីរយ៉ាងនោះ គឺពេលខ្លួន ឬកូនរបស់ខ្លួនក្ដៅខ្លួន ផ្ដល់ឱសថដោយខ្លួនឯង និងទៅពេទ្យដែលមិនមានជំនាញ ឬមួយទៅកន្លែងលក់ឱសថ ឱ្យគេផ្សំឱ្យលេប ដែលធ្វើឱ្យកើតមានបញ្ហាពីរ គឺទី១៖ ការប្រើប្រាស់សេរ៉ូមទឹកខ្ពស់ ធ្វើឱ្យទឹកលេចសួត និងទី២៖ ប្រើប្រាស់ថ្នាំបញ្ចុះកំដៅ ប៉ារ៉ាសេតាម៉ុល (Paracetamol) ច្រើនលើសចំណុះ ធ្វើឱ្យយើងខូចថ្លើម ឬរលាកថ្លើម ដែលជំរុញឱ្យមានការហូរឈាមចេញមក ដែលបណ្ដាលឱ្យគ្រោះថ្នាក់ដល់ជីវិតបាន» ។

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ គ្រូពេទ្យេឯកជន និងអ្នកលក់ថ្នាំនៅតាមឱថសការីទាំងអស់ សូមកុំចេះតែលក់ថ្នាំ ដោយគ្មានវេជ្ជបណ្ឌិតត្រឹមត្រូវ និងផ្សំថ្នាំផ្ដេសផ្ដាស ព្រោះជំងឺគ្រុនឈាមនេះ វាខុសប្លែកពីជំងឺដទៃទៀត ដែលត្រូវមានការពិនិត្យតាមដាន វិនិច្ឆ័យឱ្យបានច្បាស់លាស់។