ទំនើបណាស់! បច្ចេកវិទ្យាស្កេនមុខចុះវត្តមាន ត្រូវបានប្រើប្រាស់ក្នុងវិស័យអប់រំដំបូងគេនៅកម្ពុជា

141


(ភ្នំពេញ)៖ បច្ចេកវិទ្យាស្កេនមុខ (Facial Recognition) គឺជាបច្ចេកវិទ្យា ដែលត្រូវបានប្រើប្រាស់ ដើម្បីកំណត់អត្តសញ្ញាណ នៃបុគ្គលម្នាក់ៗតាមរយៈការស្កេនមុខ។ ប្រព័ន្ធគ្រប់គ្រងសាលា ដែលត្រូវបានគេស្គាល់ថា Wiki School បាននាំយកបច្ចេកវិទ្យាស្កេនមុខនេះ មកប្រើប្រាស់ក្នុងវិស័យអប់រំដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជាយើង ដើម្បីយកវត្តមានប្រចាំថ្ងៃ។

ក្នុងឱកាសដែលវិទ្យាស្ថានជាតិអប់រំ រៀបចំកម្មវិធីការតាំងពិព័រណ៍អប់រំ លើស្នាដៃស្រាវជ្រាវរបស់គរុសិស្សកម្រិតឧត្តម (បរិញ្ញា+១) ជំនាន់ទី២៤ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ លោក ងន់ ម័រ សហស្ថាបនិក និងជានាយកប្រតិបត្ដិ ក្រុមហ៊ុន POSCAR Cambodia បានថ្លែងថា ជាទូទៅបច្ចេកវិទ្យាស្កេនមុខនេះ ត្រូវបានយកមកប្រើប្រាស់ក្នុងវិស័យសន្តិសុខជាតិ។ ប៉ុន្តែដោយសារមានការរីកចម្រើនខ្លាំង នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតវៃឆ្លាត ក្នុងរបត់បដិវត្តន៍ឧស្សាហកម្ម ៤.០ ធ្វើឲ្យបច្ចេកវិទ្យានេះ ត្រូវបានយកមកប្រើប្រាស់នៅក្នុងវិស័យផ្សេងៗទៀត ជាពិសេស គឺទាក់ទងជាមួយនឹងវិស័យអប់រំ។

លោកថ្លែងថា ដោយមើលឃើញអំពីសក្តានុពល នៃបច្ចេកវិទ្យាទំនើបនេះ ក្រុមហ៊ុន POSCAR Cambodia បានសិក្សាស្រាវជ្រាវ និងដាក់បញ្ចូលទៅក្នុងប្រព័ន្ធ គ្រប់គ្រងសាលារៀន Wiki School របស់ខ្លួន ដែលនឹងអនុញ្ញាតឲ្យសិស្សានុសិស្ស ស្កេនមុខដើម្បីយកវត្តមានប្រចាំថ្ងៃ។ នេះជាលើកដំបូង ដែលបច្ចេកវិទ្យាដ៏ទំនើបនេះ ត្រូវបានយកមកដាក់បញ្ជូល ទៅក្នុងប្រព័ន្ធគ្រប់គ្រង នៃវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាយើង។

គួរជំរាបថា កម្មវិធី Wiki School ជាប្រព័ន្ធគ្រប់គ្រងសាលារៀន ដែលមានមុខងារ គ្រប់គ្រងព័ត៌មានសិស្ស គ្រូ និងបុគ្គលិកអប់រំរបស់សាលារៀន។ ជាមួយស្មាតកាតរបស់សិស្ស និងបុគ្គលិកអប់រំ សាលារៀនអាចយកវត្តមាន ជាមួយឧបករណ៍វត្តមានឌីជីថលផងដែរ និងអាចពិនិត្យមើលរបាយការណ៍ តាមស្មាតហ្វូនបានឆាប់រហ័ស។ Wiki School អាចឱ្យសាលារៀន បង្កើតកាលវិភាគបានងាយស្រួល ហើយអាចចេញជាកាលវិភាគសម្រាប់សិស្ស និងសម្រាប់គ្រូ ហើយព័ត៌មាននេះ អាចមើលតាម Mobile App។ សាលារៀនអាចជូនដំណឹង ដល់បុគ្គលិកអប់រំ និងអ្នកអាណាព្យាបាលបានតាមប្រព័ន្ធ Wiki School បានយ៉ាងឆាប់រហ័ស។

ប្រព័ន្ធ Wiki School ត្រូវបានអភិវឌ្ឍន៍ដោយ ក្រុមហ៊ុន POSCAR Cambodia ដោយក្រុមបច្ចេកទេស សុទ្ធតែជាបញ្ញាវ័ន្តខ្មែរ ដែលមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងវិស័យអប់រំ និងផ្នែកបច្ចេកវិទ្យាទំនើប។ គោលបំណងនៃការបង្កើតប្រព័ន្ធ Wiki School គឺជួយដល់សាលារៀន ឱ្យគ្រប់គ្រងរបាយការណ៍ផ្សេងៗបានឆាប់រហ័យ កាត់បន្ថយការបោះពុម្ពរបាយការណ៍ សេចក្តីជូនដំណឹង ដោយជំនួយដោយ Mobile App Wiki School។ ក្រុមហ៊ុន POSCAR បានសហការណ៍រៀបចំប្រព័ន្ធ Wiki School និងឧបករណ៍វត្តមានឌីជីថល នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា សាលាភូមិន្ទរដ្ឋបាល សាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារាជធានីភ្នំពេញ និងក្រសួងព័ត៌មានផងដែរ៕

 

 

 

 

 

ប្រភព Freshnews