តោះ​! ​ចង់ជួប​ក្រុមចម្រៀង​ល្បី​ជប៉ុន​ TEMPURA KIDZ​ ទៅ​​​​ចូល​រួម​​ពិធី​​​បុណ្យ​ផ្កាយ​ឆ្នាំ​២០១៩​ទាំង​អស់​គ្នា!

340


ភ្នំពេញៈ បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​ប្រទេសកម្ពុជា​ ដែលបាន​ចេញ​កាល​​ពី​ចុង​សប្តាហ៍​​កន្លង​​មក ​ឲ្យ​ដឹងពីកម្ម​វិធី​ត្រួសៗ​ នៃ​កម្ម​វិធី​បុណ្យ​ផ្កាយ​ឆ្នាំ​២០១៩ ចាប់​ពី​ថ្ងៃ​ទី​១៣ -១៥ ខែ​កក្កដា នេះ​​​ថា​៖ «​ការ​បើក​កម្ម​វិធី​បុណ្យ​ផ្កាយ​ចាប់​ផ្តើម​នៅថ្ងៃ​ទី​១៣ ខែ​កក្កដា ចាប់​ពី​ម៉ោង​៣​រសៀល​​​ទៅ​ នៅសាល​អង្គរ-​គីហ្សូណា​នៃមជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)។ ចំណែក​​ថ្ងៃ​ទី​ ១៤ ខែ​កក្កដា ជា​ការប្រគំតន្រ្តីអ៊ីឈីតាន់ ផ្សាយបន្តផ្ទាល់​នៅស្ថានីយវិទ្យុ​ និងទូរទស្សន៍​ហង្ស​មាសអេចឌីធីវី វេលាម៉ោង​ ១១ ព្រឹក​ ដល់​ម៉ោង​១​រសៀល ខណៈ​ថ្ងៃ​ដដែល​ចាប់​ពី​ម៉ោង ​៦ ដល់ ​ម៉ោង ៧ ល្ងាច ​ជា​ការ​ ការប្រគំ​តន្រ្តី​ពិសេសនៅ​សាលអង្គរ-គីហ្សូណានៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន។​ ចំណែកឯ​នៅព្រឹក​ថ្ងៃច័ន្ទ ​​ទី១៥ ខែកក្កដា ឆ្នាំ​២០១៩ ជា​កម្ម​វិធី​សិក្ខាសាល​រួម​មួយ​ នៅសាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ដោយ​មាន​ក្រុម​ចម្រៀង និង​រាំ TEMPURA ​KIDZ ពេញនិយមរបស់​ជប៉ុន​ ​ដែល​​មាន​សមា​ជិក​បួន​រូប​​ស្រី ៣ រូប​ និង​ប្រុស ១ រូប នោះ​»។​

សេចក្តី​ប្រកាស​ដដែល​នេះ បាន​បន្ត​ឲ្យ​ដឹង​ពី​ប្រវត្តិ​ក្រុម​ចម្រៀង និង​រាំ TEMPURA ​KIDZ ដែរ​ថា៖ «ក្រុម​នេះ​​ត្រូវ​បាន​បង្កើតឡើង​នៅឆ្នាំ២០១២។​ ចំពោះ​ការសម្តែងពួកគេ​ប្រកប ​ដោយ​ថាមពល​ និង​មាន​លក្ខណៈ​ថ្មី​ប្លែក​អមទៅ​ដោយក្បាច់រាំ​ដ៏គួរឲ្យ​ចាប់អារម្មណ៍។ ពួកគាត់​បានសម្តែង​និងរៀបចំ​សិក្ខា​សាលា​​យ៉ាងសកម្ម​នៅ​លើឆាក​អន្តរ​ជាតិ​ជាច្រើន​រហូតមក​ដល់ពេលនេះ​ពួកគាត់​សម្តែងបាន ១៣ ប្រទេស មាន​ចំនួន ​១៧ ទីក្រុង ដែល​ក្នុងនោះ​រួម​មាន​ប្រទេស​កម្ពុជា​ផងដែរ។​ ហើយ​ពួកគាត់ ​ធ្លាប់បានមក​សម្តែង​លើកទីមួយ​នៅ​កម្ពុជា​ផង​ដែរ កាលពី​ឆ្នាំ២០១៧។ ស្ថានទូត​ជប៉ុន​សង្ឃឹមថា​ការមក​ដល់​សាជាថ្មី​ជាលើកទី២ ​របស់ពួកគាត់ ​នៅប្រទេស​កម្ពុជាឆ្នាំ​២០១៩​នេះ នឹង​នាំ​យកនូវ​ការ​សម្តែង​​រឹតតែ​អស្ចារ្យ​ជូន​ដល់ទស្សនិកជន​ដែល​ទន្ទឹងរង់ចាំ​ទស្សនា​ជាមួយ​នឹង​សម្លេង​ហ៊ោ​កញ្ជ្រៀវ​គាំទ្រ​ផង​​ដែរ​»។

ដើម្បី​ចូលរួម​ពិធីបុណ្យផ្កាយ​ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅក្នុង​រាជ​ធានី​ភ្នំពេញ នៅ​ចន្លោះ​ថ្ងៃទី១២ ដល់ថ្ងៃទី​១៥​ ខែកក្កដា ឆ្នាំ២០១៩ នេះ មជ្ឈ​​ម​ណ្ឌល​អាស៊ី​នៃ​មូ​ល​និធិ​ជប៉ុ​ន (JFAC) បាន​អញ្ជើ្​ញ​ក្រុ​ម​ម្រៀង និង​រាំ​ដ៏​ល្បី​នៅ​ជប៉ុន​មាន​ឈ្មោះថា TEMPURA KIDZ មកចូលរួមសម្តែង​កម្ម​វិធី និង​ជា​ការមក​កាន់​ទឹកដី​ប្រទេស​កម្ពុជា​ជា​លើក​ទី​២​ផង​ដែរ​។