តុលាការកំពូល បាន​សម្រេចអនុញ្ញាតឲ្យជនជាតិចិន​១១នាក់ ទៅស្បថ ដើម្បី​ចូលជាសញ្ជាតិខ្មែរ

408


(ភ្នំពេញ​)៖ ជនបរទេស​ចំនួន ១១​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន បាន​ស្បថ ចូល​ជា​សញ្ជាតិ​ខ្មែរ បន្ទាប់ពី​ព្រះមហាក្សត្រ ព្រះ​ប្រទាន ព្រះរាជក្រឹត្យ​ឲ្យ​រៀបចំ​ឲ្យ​ធ្វើ​សម្បថ នៅ​ចំពោះមុខ​តុលាការ​កំពូល ដើម្បី​បំពេញ​នីតិសម្បទា​ជា​ជនជាតិខ្មែរ​តាម គោលការណ៍ និង​នីតិវិធី​កំណត់​នៃ​ច្បាប់​សញ្ជាតិ​។​

​ពិធី​សម្បថ បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​៨ ខែក្កកដា ឆ្នាំ​២០១៩ ក្នុង​តុលាការ​កំពូល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតី​លោក​បណ្ឌិត ជីវ កេង ប្រធាន​ក្រុមប្រឹក្សា​សម្បថ និង​ជា​អនុប្រធាន​តុលាការ​កំពូល ។

​សូមបញ្ជាក់ថា ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម​សីហមុនី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​សព្វ​ព្រះរាជ​ហរ​ទ័យ ព្រះ​ប្រទាន​ព្រះរាជ្យក្រឹត្យ​ឲ្យ​ជនបរទេស​ទាំង​១១​រូប បាន​ចូលសញ្ជាតិ​ខ្មែរ​ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​លោក​ឧ​ត្ត​ម​សេនីយ​ទោ ឱក សំណាង អនុប្រធាននាយកដ្ឋាន​សញ្ជាតិ នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ជនបរទេស​ចំនួន ១១​រូប ដែល​បាន​ចូលសញ្ជាតិ​ខ្មែរ រួចហើយ​នេះ បន្ទាប់ពី​ព្រះមហាក្សត្រ​ខ្មែរ ទ្រង់​ព្រះ​ប្រទាន ព្រះរាជក្រឹត្យ​ឲ្យ​រៀបចំ​ឲ្យ​ធ្វើ​សម្បថ នៅ​ចំពោះមុខ​តុលាការ​កំពូល ដើម្បី​បំពេញ​នីតិសម្បទា​ជា​ជនជាតិខ្មែរ​តាម គោលការណ៍ និង​នីតិវិធី​កំណត់​នៃ​ច្បាប់​សញ្ជាតិ យោងតាម​មាត្រា ១៦ មាត្រា ២៧ នៃ​ច្បាប់​ស្តីពី​សញ្ជាតិ គ្រប់​ជនបរទេស​ដែល​បាន​ចូល សញ្ជាតិ​ខ្មែរ​រួចហើយ​តាមរយៈ​ព្រះរាជក្រឹត្យ ត្រូវតែ​ធ្វើ​សម្បថ​នៅ​ចំពោះមុខ​តុលាការ​កំពូល​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

ប្រភព CEN