ច្បាស់ការហើយ! មន្រ្តីខាងផ្លូវថ្នល់ បំភ្លឺថា ផ្លូវគោក មានតែពីរទេ គឺ «ផ្លូវថ្នល់ និង ផ្លូវដែក»

127


ផ្លូវគោកនៅកម្ពុជា ចែកចេញជាពីរប្រភេទប៉ុណ្ណោះ គឺផ្លូវថ្នល់ និង ផ្លូវដែក។ នេះការបំភ្លឺរបស់លោក គង់ វិមាន អនុរដ្ឋលេខាធិការ និង ជានាយខុទ្ទកាល័យរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន នៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

ការបង្ហោះសារលើទំព័រហ្វេសប៊ុក លោក គង់ វិមាន នាពេលនេះ គឺលោក មានបំណងចង់ឲ្យសាធារណជនឈ្វេងយល់ពីប្រភេទផ្លូវនៅកម្ពុជា ដើម្បីជៀសវាងការបកស្រាយខុស។ បន្ថែមពីលើសារនេះ លោក ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះថា៖«យើងបកស្រាយ តាមឯកសារ គឺមានតែពីរហ្នឹងទេ អត់មានអីលើសពីនេះហ្នឹងទេ»។

បើតាមសារលើទំព័រហ្វេសប៊ុករបស់លោក គង់ វិមាន ដដែល ផ្លូវថ្នល់ចែកចេញជា ៤ប្រភេទ គឺ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ (ផ្លូវជនបទ) និង ផ្លូវរុក្ខបាល។ តែបើនិយាយពីគមនាគមន៍វិញ គឺមាន៣ប្រភេទ រួមមាន ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស។ មន្រ្តីជាន់ខ្ពស់របស់ក្រសួងសាធារណការរូបនេះ ស្នើដូច្នេះថា៖«អ្នកបកស្រាយខុស សូមកែតម្រូវផង ដើម្បីកុំឲ្យមានការយល់ច្រឡំដល់មហាជន»។

ការបកស្រាយនេះ គឺបន្ទាប់ពីកម្មវិធីមួយរបស់ហង្សមាស អះអាងថា ផ្លូវគោកនៅកម្ពុជា មានដល់ទៅ៣ប្រភេទ គឺ គឺផ្លូវជាតិ ផ្លូវខេត្ត និង ផ្លូវ រុក្ខបាល។ ក្នុងកម្មវិធីនោះ ពិធីការិនី បានចាត់ចម្លើយរបស់បេក្ខជនម្នាក់ ឈ្មោះ កៅ សីហា ថាខុស ដែលឆ្លើយថា ផ្លូវគោកនៅកម្ពុជា មានពីរប្រភេទ គឺផ្លូវថ្នល់ និង ផ្លូវដែក៕

ប្រភព Thmeythmey