មានវីដេអូ! អ្នកនិពន្ធ​វ័យក្មេង គឹម ឌីណា បង្ហាញ​ស្នាដៃ​បទ​ចម្រៀង​ថ្មី «មនុស្ស​បាក់​ទឹកចិត្ត» ច្រៀង​រៀបរាប់​ពី​ជីវិតតស៊ូ​របស់ខ្លួន!

36


ភ្នំពេញ)៖ អ្នកនិពន្ធរឿងប្រលោមលោក «ភរិយាខ្ញុំអាយុ១៨ឆ្នាំ» គឹម ឌីណា បានបង្ហាញនូវស្នាដៃបទចម្រៀងថ្មីរបស់ខ្លួនមួយបទ មានចំណងជើងថា «មនុស្សបាក់ទឹកចិត្ត» ដែលអត្ថន័យនៃបទចម្រៀង គឺនាងច្រៀងរៀបរាប់ពីជីវិតរបស់ខ្លួន ដែលធ្លាប់ជាមនុស្សបាក់ទឹកចិត្ត តែនៅតែព្យាយាមតស៊ូរស់នៅ មិនព្រមបោះបង់។

យោងតាមហ្វេសប៊ុកផេកផ្លូវការ របស់អ្នកនិពន្ធ គឹម ឌីណា ផ្ទាល់បានបង្ហោះនូវវីដេអូបទចម្រៀង មានចំណងជើងថា «មនុស្សបាក់ទឹកចិត្ត» ភ្ជាប់ជាមួយនឹងសារដែលមានន័យថា ««មនុស្សបាក់ទឹកចិត្ត» ទាំងការច្រៀង និងការសម្តែងមិនបានល្អមែន ព្រោះខ្ញុំមិនមែនជាអ្នកចម្រៀង ឬអ្នកសម្តែងនោះទេ ហើយយើងធ្វើបទនេះ ក៏មិនទៅតាមលក្ខណៈអ្នកជំនាញដែរ។ តែអ្នកនិពន្ធម្នាក់នេះបានធ្វើវាចេញពីចិត្ត និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ហើយវាក៏ដូចជាការផ្សះផ្សាផ្លូវចិត្តរបស់ខ្លួនឯងផងដែរ។ ករណីមិនយល់សាច់រឿង ឬឆ្ងល់ថាការសម្តែងជាជីវិតពិតរបស់ខ្ញុំឬយ៉ាងណា គឺខ្ញុំនឹងមិនពន្យល់ច្រើនទេ ឬក៏ចាំពន្យល់នៅថ្ងៃសម្ពោធសៀវភៅ «មនុស្សបាក់ទឹកចិត្ត» ក៏មិនដឹង តែចំពោះទំនុកច្រៀង គឺជារឿងរបស់ខ្ញុំមែន»

នាងបន្តថា «ខ្ញុំសូមលើកទឹកចិត្តឲ្យមនុស្សស្រីផ្តោតលើការអប់រំ សិក្សាជំនាញ និង ហ៊ានសម្រេចក្តីបំណងរបស់ខ្លួន បើទោះជាមានគេថាអ្នកមិនស្អាត អ្នកធ្វើមិនកើត ឬ អ្នកមិនស័ក្តិសមនឹងក្តីសុបិនរបស់អ្នក។ អត់មានមនុស្សណាម្នាក់ សុខៗស្រាប់តែចង់ជួយអ្នកសម្រេចក្តីបំណងរបស់អ្នក បើអ្នកមិនប្រឹងប្រែងវាដោយខ្លួនឯងនោះទេ»

អ្នកនិពន្ធរឿង «ភរិយាខ្ញុំអាយុ១៨ឆ្នាំ» រូបនេះបន្ថែមថា «ពេលនេះ ខ្ញុំធ្វើបានហើយ! មនុស្សសំឡេងមិនពីរោះ និងមិនចេះសម្តែងហើយមានរូបរាងមិនស្អាតម្នាក់នេះ អាចច្រៀង និងអាចសម្តែងក្នុងចម្រៀងរបស់ខ្លួនបាន ហើយបទនេះជាសាក្ខីភាព នៃការយកជ័យជំនះ របស់ខ្ញុំមកលើខ្លួនឯង ដោយការប្រឹងយកឈ្នះធ្វើរឿងដែលខ្លួនមិនហ៊ានធ្វើ (ការច្រៀង និងការនិយាយដោយចំហពីបញ្ហាបាក់ទឹកចិត្ដ) កុំបោះបង់ចោលខ្លួនឯង ឬក៏សូម្បីតែលែងត្រូវការជីវិតរបស់ខ្លួនឯង ពេលអ្នកបាក់ទឹកចិត្ត។ ជីវិតមានតម្លៃណាស់!ឲ្យតែហ៊ានប្រឈមនឹងបញ្ហាហើយព្យាយាមជំនះ នោះអ្នកនឹងអាចឆ្លងកាត់ពេលវេលាដ៏អាក្រក់ៗបាន»

ជាមួយគ្នានេះបទ «មនុស្សបាក់ទឹកចិត្ត» នេះមិនត្រឹមតែជាបទចម្រៀងនោះទេ បើតាមការបញ្ជាក់របស់កញ្ញា គឹម ឌីណា ក្នុងសាររបស់ខ្លួនថា មនុស្សបាក់ទឹកចិត្តនឹងក្លាយទៅជា ចំណងជើងនៃសៀវភៅរឿង ដែលនាងគ្រោងនឹងបោះពុម្ពនៅក្នុងពេលឆាប់ៗនេះ ទៀតផង ។

ចង់ដឹងថា អត្ថន័យនៃបទចម្រៀង«មនុស្សបាក់ទឹកចិត្ត» មួយបទនេះ បង្កប់នូវខ្លឹមសារ យ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ និងទស្សនាទាំងអស់គ្នា៖

 

 

 

ប្រភព Khmertalking