កាត់បន្ថយការប្រើប្រាស់ប្រាស់ថង់ប្លាស្ទិក! ក្រសួងបរិស្ថាន បើកយុទ្ធនាការដើរចែកកន្ត្រកបរិស្ថាននាខេត្តសៀមរាប

152


សៀមរាប ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងបរិស្ថានបានបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងគណៈអភិបាលខេត្តសៀមរាប អាជ្ញាធរក្រុងសៀមរាប កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហមកម្ពុជា កាយឬទ្ធិ សិស្សានុសិស្ស និងអាជីវករជាច្រើននាក់។

យុទ្ធនាការនេះរៀបចំឡើងដើម្បីជំរុញឱ្យប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេសប្រជាជនដែលរស់នៅទីប្រជុំជនបានយល់ដឹង និងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងយល់ដឹងចំពោះផលប៉ះពាល់នៃសំណល់ប្លាស្ទិក សំដៅធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និង សោភ័ណភាពទីប្រជុំជន។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា អនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកបានផ្តោតលើចំណុចសំខាន់ចំនួន ៤៖ ទី១. ការកំណត់ប្រភេទទំហំកម្រាស់លើថង់ប្លាស្ទិកស្តើងមានដៃយួរត្រូវបានហាមឃាត់លើការនាំចូល ការផលិតក្នុងស្រុក ការចែកចាយ និង ការប្រើប្រាស់ (កម្រាស់០,០៣ មិល្លីម៉ែត្រ និងរង្វាស់ទទឹងបាត ២៥ សង្ទីម៉ែត្រ)។ ទី២. ការលើកទឹកចិត្ត៖ ការនាំចូលនិងផលិតប្លាស្ទិកឬសម្ភារវេចខ្ចប់ដែលផលិតពីវត្ថុធាតុងាយពុកផុយ ឬជីវប្លាស្ទិក ដែលត្រូវដាក់អាករពិសេសជាបន្ទុករបស់រដ្ឋ។ ទី៣.ការនាំចូលឬផលិតថង់ប្លាស្ទិកនឹងជាប់អាករពិសេស និងទី៤. ការអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក៖ ការផ្តល់ថង់ប្លាស្ទិកនៅតាមទីផ្សារទំនើបនិងនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មនានា ត្រូវគិតតម្លៃបន្ថែម។

ដើម្បីទទួលបានជោគជ័យក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថាការចូលរួមរបស់ប្រជាពលរដ្ឋ ពិតជាមានភាពចាំបាច់បំផុត និងបានជំរុញឱ្យប្រជាពលរដ្ឋអនុវត្តគោលការណ៍ 3Rs ចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការប្រើប្រាស់ថង់ប្លាស្ទិកឡើងវិញ ឬប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក និងការកែច្នៃឡើងវិញនូវថង់ប្លាស្ទិក។ ចំណែកឯម្ចាស់អាជីវកម្ម និងម្ចាស់សេវាកម្មនានា ដែលមានការផ្តល់ថង់ប្លាស្ទិកដល់អតិថិជនត្រូវស្ម័គ្រចិត្តចូលរួមអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនឹងទទួលបានការលើកទឹកចិត្តផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានជឿជាក់ថាតាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្ត្រកបរិស្ថាននៅក្រុងសៀមរាមនេះនិងជាសារដ៏សំខាន់សម្រាប់បណ្តុះស្មារតីស្រឡាញ់ បរិស្ថាន និងចូលរួមអនុវត្តមេត្រីភាពបរិស្ថានក្នុងចំណោមបងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា បរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជាគឺមានជាង ១ម៉ឺនតោនក្នុងមួយថ្ងៃៗដែលពលរដ្ឋរស់នៅក្នុងរាជធានីនិងក្រុងធំៗត្រូវបានប៉ានប្រមាណថាបានបង្កើតសំរាម ១ គីឡូក្រាមក្នុងមួយថ្ងៃ និងបងប្អូនប្រជាពលរដ្ឋរស់នៅតាមជនបទបង្កើតសំរាមប្រមាណកន្លះគីឡូក្នុងមួយថ្ងៃ។ សរុបមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៤ លានតោន ក្នុងនោះ ២០% ជាសំណល់ថង់ប្លាស្ទិក ៕

 

 

 

ប្រភព៖ ក្រសួងបរិស្ថាន