ប្រពៃណាស់! កូនឈើចម្រុះ ២៥០០ដើម ត្រូវយកមកដាំនៅបរិវេណសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីលើកកម្ពស់សោភណ្ឌភាពបរិស្ថាន

37


(សៀមរាប)៖ ដើម្បីលើកកម្ពស់សោភណ្ឌភាពបរិស្ថាន និងបង្កើនគម្រប់ព្រៃឈើនោះ កូនឈើចំនួន២៥០០ដើម ត្រូបានអាជ្ញាធរស្រុកប្រាសាទបាគង យកមកដាំដុះ នៅក្នុងបរិវេណសាលាស្រុក ដែលជាផ្នែកមួយទប់ស្កាត់ឱ្យបាននូវសកម្មភាពអនាធិបតេយ្យ ក្នុងវិស័យព្រៃឈើ ជួយជំរុញទាំងបច្ចេកទេស និងស្មារតីដល់សហគមន៍ឱ្យបានរឹងមាំ ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋ ដែលរស់នៅពឹងផ្អែកលើផលអនុផលព្រៃឈើ។

ពិធីដាំកូនឈើទាំង២៥០០ដើមខាងលើនេះ បានធ្វើឡើងនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ ក្រោមវត្តមានលោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបាគង, លោក សូរ ប្លាតុង អភិបាល ស្រុកប្រាសាទ និងលោក សែម សុខខូយ អគ្គនាយកក្រុមហ៊ុន វ្យាធបុរៈអភិវឌ្ឍន៍ ឯ.ក ដែលបានសហការឧបត្ថម្ភកូនឈើទាំងនេះ ដើម្បីយកមករៀបចំដាំដុះសួនច្បារថ្មីក្នុងបរិវេណសាលាស្រុក ផងដែរ។

ដើមឈើដែលបាន ធ្វើការប្រគល់ទទួល ដើម្បីយកមករៀបចំដាំនៅបរិវេណសាលាស្រុកមានចំនួន ២៥០០ដើម ក្នុងនោះដើមឈើគ្រញ៉ូង ចំនួន២០០០ដើម ដើមឈើមានផ្កាចំនួន ៥០០ដើម ដូចជាដើមត្របែកព្រៃ ដើមលឿងរាជ ដើមក្ងោក និងដើមរំដួល ផងដែរ។

នៅក្នុងពិធីនេះដែល ក៏មានការប្រគល់ទទួល អំពូលបំភ្លឺសាធារណៈ (សូឡា) ចំនួន ១០ផ្ទាំង ឧបត្ថម្ភដោយក្រុមហ៊ុន យុវពាណិជ្ជ តាមរយៈលោក ភូ ភក្តី ជាតំណាងក្រុមហ៊ុន ដើម្បីធ្វើការបែងចែកជូនសម្រាប់បំពាក់ នៅតាមសាលាឃុំទាំង៩ និង១ផ្ទាំងទៀតដាក់នៅក្នុងបរិវេណសាលាស្រុក។

ការដាំដុះដើមឈើ នាពេលនេះ គឺដើម្បីចូលរួមថែរក្សាបរិស្ថាន បំផុសការស្រលាញ់ធម្មជាតិ ជាពិសេសចូលរួមកាត់បន្ថយកំដៅដល់ភពផែនដី និងលើកសោភណ្ឌភាព នៅក្នុងបរិវេណសាលាស្រុកឱ្យមានការទាក់ទាញ និងដើម្បីផ្សារភ្ជាប់ រវាងរដ្ឋបាលស្រុកជាមួយពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋផងដែរ ឱ្យដូចពាក្យស្លោកថា «មនុស្សម្នាក់ ដាំដើមឈើមួយដើម ដើម្បីលំនឹងនៃបរិស្ថានធនធានធម្មជាតិ ជាតិយើង»