អង្គការ​សិល្បៈ​ខ្មែរ​អតមៈ នឹង​​រៀបចំ​មហោស្រពតន្រ្តីបុរាណថ្មី «បុណ្យរួម»​ ​លើក​ទី​២​ក្នុង​ឆ្នាំ​នេះ​

124


ក្រុង​​សៀម​រាបៈ ​បុណ្យរួម ដែល​ជាមហោស្រពតន្រ្តីបុរាណថ្មីនៃតំបន់ទន្លេ​មេគង្គ និងជប៉ុន ​ដែល​នឹង​ប្រារព្ធ​​ធ្វើ​​​នៅ​​ខេត្ត​សៀមរាប ក្នុង​ខែកញ្ញា ខាងមុខ ហើយ​នេះ​ជាលើកទី ២ ដែរ​ សម្រាប់​មជ្ឈ​មណ្ឌល​បេតិ​ក​ភណ្ឌ របស់​អង្គ​​ការ​សិល្បៈខ្មែរអមតៈ ដែលមានមូលដ្ឋាននៅក្នុងក្រុងសៀមរាប បាន​រៀបចំ​មហោ​​​ស្រព​តន្រ្តី​បុរាណ​ថ្មី​នៃតំបន់ទន្លេ​មេគង្គ និងជប៉ុន ដែលមានការចូលរួមពីក្រុមតន្រ្តី មក​ពីប្រទេស​ទាំង ៦ នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ និង​ជប៉ុន។

លោក សុង សេង នាយកមជ្ឈមណ្ឌលបេតិកភណ្ឌ បានឲ្យ​ដឹង​ថា​៖«​បុណ្យរួម នឹងរៀបចំ​ឡើង​រយៈ​ពេល​ ៦ ថ្ងៃ ដែល​មាន​កម្មវិធីច្រើន​ដូចជា ​ការប្រគំតន្ត្រី​ សិក្ខាសាលា ​វេទិកា​​ពិភាក្សា​ និង​ការផ្លាស់ប្តូរ​បទ​ពិសោធន៍​​នានា​ពី​បណ្តាប្រទេស​ជា​សមាជិក​ចូល​រួម​។ បុណ្យរួម​នេះ​ រៀប​ចំ​ឡើង​​ដោយ​មជ្ឈមណ្ឌល​បេតិក​ភណ្ឌ​​របស់អង្គការ​សិល្បៈខ្មែរអមតៈ ដោយ​មានការគាំទ្រពី​ខាង​មូលនិធិជប៉ុនប្រចាំនៅអាស៊ី ​ ក្រុម​​​ហ៊ុន​​​ផាទីក​ (Pactics) និងសណ្ឋាគាទ្រីឡាញ(Treeline Urban Resort) និង​ដៃគូ​សហការ​ជា​ច្រើន​ទៀត​​​មានដូចជា បេមប៊ូស្តេក សហគ្រាសសង្គមហ្វារ សាកលវិទ្យាល័យបញ្ញាសាស្រ្តខេត្តសៀមរាប សាក​ល​វិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ សមាគមសម្ព័នភាពបារាំង និងហាងកាហ្វេហាតរ៉ក់អង្គរ។ លើស​​ពី​នេះ​ បុណ្យ​រួម ក៏ជា​​ការជួបជុំរវាងសិល្បករកម្ពុជា និង​សិល្ប​ករ​ជាច្រើន​នាក់​ទៀត​មកពី​ជុំវិញ​តំបន់​​មេគង្គ និងប្រទេសជប៉ុនទៀត​ផង​»។


លោក សុង សេង បាន​បន្ត​ថា៖« បុណ្យរួម​ មិនមែនគ្រាន់តែ ​ជាវេទិកា ​សម្រាប់ផ្សព្វផ្សាយ អំពីសិល្បៈ​តន្ត្រី​​នៃតំបន់​ទន្លេមេគង្គ និង​ប្រទេស​ជប៉ុន ប៉ុណ្ណោះ​ទេ តែវាជា​វេទិកា​មួយ​ដ៏សំខាន់​ក្នុងការធ្វើឲ្យ​សិល្បករ ក៏​ដូច​ជា​ប្រជាជន ដែល​មាន​វប្បធម៌​ប្រហាក់ប្រហែល​ ឬផ្សេងគ្នា ​បង្កើតចំណងមិត្តភាព​ ឬភាតរភាព ដោយ​ពុំគិត​អំពី​ជាតិសាសន៍ ឬពណ៌សម្បុរនោះ​ឡើយ។ ពួកគេនឹង​ចែករំលែក​បទ​ពិសោធន៍​​ជុំវិញ​ការច្នៃ​ប្រឌិត​​នៃតន្ត្រី​ប្រពៃណី​របស់ពួកគេ​នៅ​កម្ម​វិធី​បុណ្យរួម ​ខណៈ​បុណ្យ​នេះ​មាន​គោល​បំណង​លើក​ទឹក​ចិ​ត្ត​សិល្បករ​ក្នុង​ការយក​តន្រ្តី​ជាគោល​ក្នុងការចែករំលែក​វប្បធម៌​ បង្កើត​​​ទំនាក់​​ទំនង​​រវាងគ្នា និងគ្នា និង​​បង្កើត​តន្ត្រីបែបច្នៃប្រឌិត​រួមគ្នា​​»។ ​


កម្ម​វិធី​ «បុណ្យរួម» នឹងរៀបចំឡើងពីចាប់​ពី​ថ្ងៃទី ៣ ដល់ ទី​៨ ខែកញ្ញា ឆ្នាំ ២០១៩ នៅ​ក​ក្រុងសៀមរាប ខណៈ​ ​រយៈពេលបីថ្ងៃដំបូង​ ជាកម្មវិធីផ្លាស់ប្តូបទពិសោធន៍គ្នាទៅវិញទៅមករវាងតន្ត្រីករ ហើយ​ពីថ្ងៃទី ៥ ដល់ទី៨ ជាកម្មវិធីសម្រាប់សាធារណជនចូលរួម ដោយផ្ទាល់​ជាមួយសិល្បករ​នៅ​ក្នុងសិក្ខាសាលា វេទិ​កា​ពិភាក្សា និងការប្រគំតន្ត្រី។ ឯ​ពិធីប្រកាស​បើក «បុណ្យរួម» ​នឹងធ្វើឡើងនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៩ នៅ​ហាង​កាហ្វេ​ហាត​រ៉ក់អង្គរ (Hard Rock Angkor Café) ​ក្រុងសៀមរាប នៅម៉ោង ៦:៣០ នាទី ល្ងាច៕​