ល្បី​ថា តារាចម្រៀង​សាច់សខ្ចីម៉ដ្ឋខៃ កញ្ញា វីរៈនិច្ច សម្រស់​​នៅហ្សីន​ ១០០ ភាគរយ​

121


ភ្នំពេញៈ ថ្មី​នេះ បង្ក​ការ​ភ្ញាក់​ខណៈ​ដែល​អតីត Freshie Girl លេខ២ កាលពីឆ្នាំ២០១៤ និង​បច្ចុប្បន្ន ជា​​តារា​ចម្រៀង​ស្រី​សាច់សខ្ចីម៉ដ្ឋខៃ ​មាន​ឈ្មោះពិត​​កញ្ញា ឆេង ស្រីនិច្ច ម្ចាស់បទ «មនុស្ស​ស្រី​មាន​សង្សារ​ច្រើន​​មិនមែនសុទ្ធតែសាវា» នៃ​ផលិត​កម្ម​សាន់ដេ បង្ហើប​ឲ្យ​ដឹង​ថា រូប​សម្រស់​នាង​​នៅ​ធានា​ថា ហ្ស៊ីន​ពី​ធម្ម​​ជាតិ​​ទាំងអស់​ ១០០ ភាគ​រយឯណោះ​។


តារាចម្រៀង​ស្រី សាន់ដេ រូបនេះ បាន​បញ្ជាក់​ថា៖ «ម៉ែខ្ញុំមិនឱ្យកែសម្រស់ទេ! គាត់ហាមតែម្តង អត់​ឱ្យ​កែ​កុន​អី​ត្រង់ណាជាដាច់ខាត។ ខ្ញុំផ្ទាល់មិនមែនថាខ្លួនឯងស្អាតគ្រប់យ៉ាងទេ តែឥឡូវយើងនៅក្មេងដែរ អ៊ីចឹង​​ក៏មិនចង់កែត្រង់ណាដែរ ព្រោះយើងក្មេងអ៊ីចឹងនៅផាត់មុខទៅលើកមុខបានដែរ!»។

​ចំពោះ​រឿង​សិល្បៈ​ច្រៀង​នេះ​ កញ្ញា វីរៈនិច្ច អតីត Freshie Girl លេខ២ កាលពីឆ្នាំ២០១៤ ហើយ​ដោយ​សារតែ​មានរូបសម្រស់ស្អាត ទឹកដមសំឡេងអំណោយផលនោះ ទើបនាង​អាច​ឈាន​ចូល​ច្រៀង​នៅ​សាន់ដេ បានដោយងាយ តាមរយៈការជួយជ្រោមជ្រែងពីលោកពូបង្កើតរបស់នាង ដែល​ជា​តារា​ចម្រៀង​​ល្បីស្រាប់ គឺលោកខាន់ ជេមស៍ នោះ​។

 

កញ្ញា វីរៈនិច្ច បានឱ្យដឹងថា លោកជេមស៍ បានជួយនាងច្រើនរឿងចូលសិល្បៈនេះ ហើយ​នាងច​ង់​ច្រៀង​​ជាមួយពូខ្លួន​ដែរ តែមិន​អាច​តាម​ចំណង់​ចិត្ត​បាន​ទេ​គឺ​អាស្រ័យ​លើ​​ក្រុម​ហ៊ុន​ជាអ្នករៀប​ចំ​ឱ្យ​ប៉ុណ្ណោះ។ តារាចម្រៀង​ស្រី​រាង​ខ្ពស់ស្រឡះកញ្ញា វីរៈនិច្ច បន្ថែមទៀត​ថា ៖​«តាំងពីការ​ស្លៀកពាក់​ឡើង​ឆាក ការច្រៀង និងរបៀបតុបតែងខ្លួនអីគឺ​ ពូជេមស៍ គាត់ជួយប្រាប់ដល់ខ្ញុំច្រើនណាស់។ ចំណែក​សំលេង​ច្រៀង​របស់​គាត់​ក៏​មាន​សំឡេង​​ល្អ ខ្ញុំចង់ច្រៀង ជាមួយគាត់ដែរ តែគឺ​នៅលើក្រុមហ៊ុនរៀបចំ»៕​​