ស្រីស្អាត​ គឹម ច័ន្ទបរមី បានកាដូឡាន​​ទំនើបថ្មី​​តម្លៃជិត​ ១០ ម៉ឺន​ដុល្លារ​ពី​​ចៅប្រុស​នាយករដ្ឋមន្ត្រី

100


ភ្នំពេញៈ ក្រោយ​ពី​រាង​រយាល​ពី​ការ​ងារ​សិល្បៈ​មួយ​រយៈ​ និង​អតីត Freshie Girl កញ្ញាគឹម ច័ន្ទបរមី បានទទួលកាដូពីគូស្នេហ៍របស់នាង ដែលជាចៅប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកហ៊ុន បញ្ញាបុត្រ បាន​ទិញ​រថយន្តទំនើបម៉ាក Mercedes C300 ពណ៌សដ៏ថ្មីសន្លាង តម្លៃជិត ១០ ម៉ឺនដុល្លារ សម្រាប់​កាដូ​ថ្ងៃខួបកំណើត​នាង កាលពីថ្ងៃទី​២៨ ខែកក្កដា កន្លង​មក​​​។
ដោយ​ក្តី​រំភើប​នោះ កញ្ញា គឹម​ ច័ន្ទបរមី ក៏​ថ្លែង​អំណរគុណគូស្នេហ៍​ភ្លាម​ក្រោយ​បាន​ថត​រូប​ផុស្តិ៍ ហើយ​​ប្តូរ​ Profile ដោយសរសេរ​សារថា ៖​«អរគុណ សម្រាប់កាដូខួបកំណើតឆ្នាំនេះ, អរគុណ​ការ​គោរព​ឱ្យតម្លៃ និងថែរក្សាការស្រលាញ់ភាពស្មោះត្រង់ដូចដើម ដូចថ្ងៃដែលពួកយើងចាប់ ផ្តើម​​​ស្គាល់គ្នាដំបូង»។

បើ​តាម​ដឹង​នោះ​ ការជូន​ជា​កាដូបែប​នេះ អាចនិយាយ​បាន​ថា មិនមែនជាកាដូលើកទី ១ នោះ​ទេ សម្រាប់​​កញ្ញា ច័ន្ទបរមី ព្រោះថា​ការភ្ជាប់ស្នេហ៍ជាមួយនឹង​ ចៅប្រុស​លោកនាយករដ្ឋមន្ត្រី ដែល​មាន​លុយ​ចាយ​មិនចេះអស់នេះ​ធ្វើឱ្យស្រីស្រស់​មានភាពហ៊ឺហារ​ដែលតារាផ្សេងៗ​ទៀតមិនអាច​ធ្វើ​បាន​ដូច​ជា​​រូបនាងបានឡើយ។

ចំណង​ស្នេហ៍​អ្នក​ទាំង​ពីរ​រវាង​កញ្ញា គឹម ច័ន្ទបរមី គេ​ក៏​នៅមិនទាន់​បញ្ជាក់​ពីពេល​វេលា​នៃការ​ដឹកដៃ​ចៅ​សម្តេចហ៊ុន សែន ចូលរោងការឡើយ ប៉ុន្តែមុននេះ ​នាងអះអាងថា ចាស់ទុំ​ទាំងសង​ខាង​បានដឹងឮ​អស់ទៅហើយ និងគ្មានអ្នកណាជំទាស់ រឿងនេះឡើយ។​ ដោយ​ឡែក​មហាជន​បាន​លើកឡើងថា ​នេះជាលើកទី១ ហើយ​ដែលសាច់ញាតិ​នាយករដ្ឋមន្ត្រី មក​ភ្ជាប់​សាច់​ឈាម​ជាមួយ​នឹង​អ្នក​​សិល្បៈ ហើយ​គេជឿ​ថា មិនយូរទេ​តារាសម្តែងស្រី​ស្រស់សោភា សាច់​សខ្ចី រូបនេះ​នឹង​ក្លាយ​ទៅ​ជា​ជំទាវ​តូច​ជា​មិន​ខាន​ឡើយនា​ពេល​អនាគត​៕