អតីត​តារា​កំប្លែង នាយ តាក់ស៊ី ប្រកាស​លាចាក​សិក្ខា​បទ ព្រោះ​តែ​ស្ថាន​ភាព​ជំងឺ​ធ្ងន់ធ្ងរ គ្មាន​អ្នក​មើល​ថែ (មានវីដេអូ)

47


(ភ្នំពេញ)៖ អតីតតារាកំប្លែង នាយ តាក់ស៊ី (បច្ចប្បន្នជាព្រះសង្ឃ) មានឈ្មោះពិតថា រឿង សារ៉េត កំពុងតែទទួលរងនូវជំងឺបៀតបៀន កាន់តែធ្ងន់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ និងគ្មានអ្នកមើលថែផងនោះ បានប្រកាសថានឹងការលាចាកសិក្ខាបទ (សឹកពីបួស) មកជាគ្រហស្ថធម្មតាវិញ ព្រោះតែគ្មានកម្លាំងកំហែង គោរពតាមកន្លងព្រះពុទ្ធសាសនា ក៏ដូចជាធម៌វិន័យ នៃព្រះសង្ឃបានទៀតឡើយ។

យោងតាមការ Live ផ្ទាល់របស់បណ្ដាញសង្គមមួយ មានឈ្មោះថា «Nov Reth» អតីតតារាកំប្លែង នាយ តាក់ស៊ី បានថ្លៃងក្នុងសំឡេងមួយៗឲ្យដឹងថា ព្រះតេជគុណចង់សាងផ្នួសនេះ អស់មួយជីវិត ដើម្បីប្រណិបត្តិធម៌វិន័យ ក្នុងព្រះពុទ្ធសាសនា ប៉ុន្តែដោយសារតែស្ថានភាពជំងឺ កាន់តែធ្ងន់ទៅៗ ធ្វើឲ្យព្រះតេជគុណ មានចិត្តរារែកមិនចង់ បួសទៀតទេ ព្រោះមិនអាចប្រណិបត្តិធម៌វិន័យ ក្នុងព្រះពុទ្ធសាសនាបាន។

ព្រះតេជគុណ តាក់ស៊ី បានបន្តទៀតថា រយៈកាលនៃកាសាងផ្នួសជាភិក្ខុកន្លងមក លោកបានប្រណិបត្តិធម៌វិន័យ បានត្រឹមត្រូវ សមតាមបំណងប្រាថ្នាដែលខ្លួនចង់បាន ប៉ុន្តែបញ្ហាសុខភាពរបស់ព្រះតេជគុណ ហាក់បីដូចជាទ្រុឌ ទ្រោមខ្លាំង ជាពិពេសគឺរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ ដែលធ្វើឲ្យព្រះតេជគុណ មិនអាចបរិយាយប្រាប់ ដល់មហាជនទូទៅបាន។

ក្នុងស្ថានភាពបែបនេះ ព្រះតេជគុណ តាក់ស៊ី បានបង្ហើបប្រាប់ថា រូបព្រះអង្គផ្ទាល់មិនអាចនៅប្រណិបត្តិព្រះធម៌ តាមប្រពៃណីព្រះពុទ្ធសាសនាបានទៀតទេ ប៉ុន្តែចិត្តរបស់ព្រះតេជគុណ តែងតែគិតថា សាងផ្នួសអស់មួយជីវិត។ ពេលនេះព្រះតេជគុណ តាក់ស៊ី សូមជម្រាបដល់មហាជន និងពុទ្ធបរិស័ទ ទាំងក្នុង និងក្រៅប្រទេសថា បញ្ហារូប រាងកាយ និងស្ថានភាពជំងឺ មិនអាចបន្តជាព្រះសង្ឃទៀតបានទេ ដូច្នេះព្រះតេជគុណ នឹងលាចាកសិក្ខាបទ ក្នុងពេលចាប់ៗនេះ តាមប្រពៃណីសាសនា។

សូមបញ្ជាក់ថា ព្រះតេជគុណ តាក់ស៊ី បានសម្រេចសាងផ្នួសជាព្រះសង្ឃ កាលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុង វត្តដងទង់ ខេត្តកំពង់ស្ពឺ ក្នុងនោះក៏មានការចូលរួមពីលោកតា វ៉ិចទ័រ នាយគ្រឿន និងនាង ភីម ដែលជាភរិយា ព្រមទាំងតារាកំប្លែករួមក្រុមជាច្រើននាក់ទៀតផងដែរ៕

ប្រភព Khmertalking