សម្តេចតេជោ ហ៊ុន សែន ប្រកាស​​ស្វែងរក​អ្នក​ដែល​​សម្តេច​បាន​ជូន នាឡិកា​ម៉ាក TITONI តម្លៃ​៧៨០០រៀល កាលពី​ដើម​ឆ្នាំ១៩៧០

171


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កំពុងតែស្វែងរកនាឡិកាម៉ាក TITONI មួយគ្រឿងពីអ្នកដែលសម្តេចបានប្រគល់ជូននាដើមឆ្នាំ១៩៧០ ដោយមិនដឹងថា តើនាឡិកានេះនៅទីណា? នេះតាមការ Comments តបនឹង មានម្ចាស់ Account Facebook ម្នាក់ឈ្មោះ «MiNi Sota» ដែលបាន Comment សួរសម្តេចពេល​សម្តេចបង្ហោះរូបភាពថតជាមួយលោក សុក សារឿន ។

នាឡិកាផលិតនៅប្រទេស្វីសម៉ាក TITONI ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រាប់ថា សម្តេចបាន​ទិញក្នុងតម្លៃ៧៨០០រៀល ស្មើនឹងជាង២តម្លឹងមាស កាលពីដើមឆ្នាំ១៩៧០។ នាឡិកាមួយគ្រឿងនេះ ត្រូវបានគេឃើញសម្តេចពាក់ក្នុងសម័យតស៊ូនាដើមឆ្នាំ១៩៧០ ក្នុងរូបថតមួយប៉ុស្តិ៍ដែលថតជាមួយលោក សុក សារឿន ដែលជាអតីតមេបញ្ជាការរបស់សម្តេចនាសម័យនោះ និងពេលខ្លះសម្តេចថតម្នាក់ឯង និងតែងតែយកមកបង្ហោះលើ Facebook ជាពិសេសភ្ជាប់ជាមួយសាច់រឿងដែលសម្តេចរម្លឹកពីប្រវត្តិតស៊ូ។

តាមរយៈឆ្លើយឆ្លងមួយនៅក្នុង Facebook របស់សម្តេចដែលបានបង្ហោះលើសាច់រឿងតស៊ូ និងមាន​ប្រវត្តិជូរចត់ជាមួយលោក សុក សារឿន នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ មានម្ចាស់ Account Facebook ម្នាក់ឈ្មោះ «MiNi Sota» សួរទៅសម្តេចតេជោថា «នាឡិកាសម្តេចពាក់ទៅណាហើយ សម្តេច»។ ជាការឆ្លើយត្រឡប់ទៅវិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កំពុងតាមស្វែងរកមិនដឹងថា ខ្ញុំឲ្យទៅអ្នកណា? ម៉ាក titoni ទិញដើមឆ្នាំ១៩៧០ តម្លៃ៧៨០០រៀល លុយសម័យនោះគិតជាមាសជាង២ដំឡឹង»