អង្គការ​សិល្បៈ​ខ្មែរអមតៈ ចាប់​ផ្តើម​ទទួល​សំណើ​មូល​និធិ ​«ដាំដុះ» ពី​សិល្បករ-ការិនី​គ្រប់​ទម្រង់​

44


ភ្នំពេញៈ ​សិល្បករ-ការិនី​ ដែលត្រូវ​ការ​​មធ្យោ​បាយជំនួយ​ផ្នែក​ហិរញ្ញវត្ថុជួយ​ផ្តល់​លើគម្រោង បង្កើត​ស្នា​​ដៃ​​​​សិល្បៈថ្មីៗ គម្រោង​​​សហ​​​គមន៍ និង​​ស្រាវជ្រាវ​​​​ វិស័យ​សិល្បៈ-​វប្ប​ធម៌នោះ​​ អង្គ​ការ​​សិល្បៈ​ខ្មែរ​​អមតៈ ចាប់​ផ្តើម​ប្រកាស​ទទួល​ពាក្យ​ស្នើសុំ មូល​និធិ​ខ្នាតតូច ​«ដាំដុះ»​ លើកទី​៣​ ហើយ​ក្នុង​​ឆ្នាំ​២០១៩នេះ។

បើ​តាម​​គេហទំព័រ​​អង្គ​ការ​សិល្បៈ​ខ្មែរអមតៈឲ្យ​ដឹង​ពីគម្រោង​ស្នើសុំ​មូល​និធិខ្នាតតូច «ដាំដុះ» លើកទី៣ នេះ​​ថា៖ «​យើង​បាននឹងបើក​ទទួលពាក្យ​ស្នើសុំ​មូល​និធិខ្នាតតូច «ដាំ​ដុះ» គម្រោង​របស់​សិល្បករ-ការិនី​! មូលនិធិខ្នាតតូចដាំដុះ ផ្តល់​ការឧបត្ថម្ភ​ចន្លោះ​ពី ៥០០ ដុល្លារ រហូតដល់ ១៥០០ ដុល្លារ។ ហើយ​ការ​ទទួល​ពាក្យ​ស្នើសុំគឺ​ចាប់​ពីថ្ងៃទី ៣០ ខែ​សីហា​ ដល់ ថ្ងៃទី ៣០ ខែតុលា ហើយបេក្ខជន​ជ័យលាភី​​នៃ​ សំណើ​និមួយៗ​ នឹង​ត្រូវបាន​ប្រកាស​នៅ​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ»​។

មូល​និធិ​នេះ ​ចែកជា២​ប្រភេទ ​​គឺមូល​និធិ​សម្រាប់​​គម្រោង និង​មូល​និធិ​ចល័ត។ មូល​និធិ​​​សម្រាប់​​គម្រោង គឺ​សម្រាប់​កិច្ច​ការ​សិល្បៈ​ច្នៃប្រឌិត គម្រោង​​សិល្បៈ​​សហគមន៍ គម្រោង​​​ស្រាវ​ជ្រាវ​​ពី​សិល្បៈ និង​វប្បធម៌​នៅកម្ពុជា​ ដែល​សិល្បករ-ការិនី​ អាច​ស្នើ​សុំ​ប្រាក់​ឧបត្ថម្ភ​ពី​​អង្គ​ការ​យើង​បាន​ចន្លោះ​​ពី ​១០០០ ដុល្លារ ទៅ​ដល់ ១៥០០ ដុល្លារ​។ ឯ​មូល​​និធិ​ចល័ត​​ ប្រើ​សម្រាប់​​ការ​ចូល​​រួម​​កម្ម​វិធី​ទាក់​ទង​​​នឹង​​សិល្បៈ និងវប្បធម៌ ដូចជា​សិក្ខា​សាលា ​សន្និ​សីទ​ ការធ្វើ​​និវាសន​ដ្ឋាន​ វគ្គ​បណ្តុះ​​បណ្តាល ​និង​បេសកកម្ម​ស្រាវ​​ជ្រាវ​ទាំងនៅក្នុង​ប្រទេស​កម្ពុជា និង​ក្រៅ​ប្រទេស ​ដែល​ស្ថិត​នៅ​ក្នុង​តំន់​អាស៊ី ​អាច​ស្នើ​សុំ​បាន​ចំនួន​ត្រឹម​​តែ ៥០០ ដុល្លារ ​ប៉ុណ្ណោះ​។

​មាន​សិល្បការិនី​ពីររូប ដែល​ធ្លាប់​ទទួល​បាន​មូល​និធិ​ខ្នាតតូច «ដាំដុះ»​ពី​អង្គ​ការ​សិល្បៈ​ខ្មែរ​អតមៈ មាន​អ្នក​គ្រូរបាំ​ឈ្មោះ ពេជ្រ សុភាវី ដែល​ទទួល​មូល​និធិ​ចល័ត​ដាំដុះ​​ក្នុង​ឆ្នាំ​២០១៩​ ដើម្បី​​ចូល​រួម​កម្មវិធី SEA Choreolab 2019 ជាផ្នែកមួយ​នៃគម្រោង​និវេសនដ្ឋាន​ Rimbun Dahan​ កាល​ពីថ្ងៃទី៥ ដល់ទី១៤ ខែ​កក្កដា កន្លងមក​នៅ​ប្រទេសម៉ាឡេស៊ី និង​កញ្ញា សៅ ស្រីម៉ៅ ទទួល​​​មូល​​និធិ​គម្រោង​កាល​ពី​ឆ្នាំ​​២០១៨។ ខណៈ​​ព័ត៌មាន​បន្ថែម​លម្អិត​ពី​មូលនិធិ​ដាំដុះ​នេះ អាច​ទាក់​ទង​តាម grant​s​@c​am​bo​di​a​n​livingarts​.org​ ឬតាម​ទូរ​សព្ទ​ ០១០ ៩៤១ ២២៤៕