រំភើបណាស់! ព្រោះតែស្រលាញ់គ្រូ សិស្សមួយថ្នាក់រៃប្រាក់គ្នាជួយគ្រូ លោកគ្រូឃើញហើយទប់ទឹកភ្នែកមិនបាន (មានវីដេអូ)

191


ប្រេស៊ីល ៖ លោកគ្រូអ្នកគ្រូប្រៀបបីដូចជាអ្នកមានគុណ ដោយទោះជាបង្រៀនរយៈពេលវែង ឬខ្លី លោកគ្រូអ្នកគ្រូគឺបានផ្តល់នូវចំណេះដឹងដល់សិស្សានុសិស្ស ផ្តល់ដំបូន្មានឲ្យក្លាយជាកូនល្អ និងសិស្សល្អ ជាគំរូល្អដល់សង្គម។ ថ្មីៗនេះក៏មានការចែករំលែកពេញបណ្តាញសង្គមទូទាំងពិភពលោកនូវរឿងរ៉ាវគួរឲ្យរំភើប បន្ទាប់ពីសិស្សសាលាមួយក្រុមបានដឹងថាលោកគ្រូបង្រៀនរបស់ពួកគេមិនទទួលបានប្រាក់ខែរយៈពេល២ខែមកហើយ ហើយបាននាំគ្នារៃអង្គាសលុយជូនគ្រូ។

លោក Bruno Rafael Paiva គឺជាគ្រូបង្រៀននៅសាលាមួយក្នុងប្រទេសប្រេស៊ីល នៅពេលដែលលោកទទួលការងារនេះខាងសាលាបានសន្យាថាលោកនឹងទទួលបានប្រាក់ខែសមរម្យ។ ប៉ុន្តែបន្ទាប់ពីលោកគ្រូរូបនេះបង្រៀននៅសាលាបានរយៈពេល២ខែ ខាងសាលានោះគឺមិនបានបើកប្រាក់ខែឲ្យលោកទេ ដោយខាងរដ្ឋបាលបានប្រកែកមិនផ្តល់នូវប្រាក់ខែដែលធ្លាប់បានសន្យា។

ដោយមានការអាណិត សិស្សសាលាក្នុងថ្នាក់ដែលលោកBruno បានបង្រៀន ក៏បាននាំគ្នាដើររៃអង្គាសប្រាក់ម្នាក់បន្តិចតាមលទ្ធភាពដែលខ្លួននៅជាសិស្សសាលា។ ហើយប្រាក់ដែលរៃអង្គាសបានសរុបចំនួន ៣៥៩ដុល្លារអាមេរិក បន្ទាប់ពីទទួលបាននូវកាដូដ៏ពិសេសពីសិស្សរបស់ខ្លួន លោកគ្រូរូបនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះផងដែរសិស្សៗនៅទីនោះក៏បានប្រាប់ទៅគ្រូថា លោកគ្រូសាកសមទទួលបាននូវអ្វីច្រើនជាងនេះ ប៉ុន្តែមានតែការរៃអង្គាសប្រាក់ជូនគ្រូគឺជារឿងមួយដែលពួកគេអាចធ្វើបានជូនលោកគ្រូរបស់ពួកគេ៕

 

 

ប្រភព ៖ buhayteacher.com