អីយ៉ាស់! ប្រធានាធិបតីស្រីលង្កា ដើរលេងនៅផ្សារអេអន១ លក្ខណៈឯកជន​

158


(ភ្នំពេញ)៖ បន្ទាប់ពីបានអញ្ជើញចូលគាល់ព្រះមហាក្សត្រខ្មែរ អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប សម្តេចនរោត្តម សីហនុ រួចហើយនោះ ប្រធានាធិបតីស្រីលង្កា លោក ម៉ៃទ្រីប៉ាឡា ស្រ៉ីសេនា និងភរិយា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ បានឆ្លៀតចូលទៅដើរលេងកម្សាន្តនៅផ្សារទំនើបអេអន១។ កម្មវិធីដើរលេងកម្សាន្តនៅផ្សារអេអន១ ជាកម្មវិធីមួយឯកជនមួយមិនស្ថិតក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនៅកម្ពុជានោះឡើយ។

ជាមួយរូបភាពដើរក្នុងផ្សារជាច្រើនសន្លឹក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលទទួលភារកិច្ចលើដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា «ជូនលោកប្រធានាធិបតីស្រីលង្កាទស្សនាផ្សារអេអន១ តាមសំណើឥតព្រាងទុករបស់លោក»

សូមបញ្ជាក់ថា លោកប្រធានាធិបតីស្រីលង្កា ដែលមានវ័យ៦៨ឆ្នាំ បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងកាលពីថ្ងៃទី០៧ ខែសីហា ម្សិលមិញនេះ។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃនេះ លោកនឹងអញ្ជើញជួបសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃនេះ ហើយលោកនឹងអញ្ជើញទៅកាន់វត្តលង្កា ទៅដាំដើមពោធិ៍តំណាងឱ្យប្រទេសស្រីលង្កានៅមណ្ឌលវិបស្សនាភ្នំឧដុង្គ ហើយក៏នឹងអញ្ជើញទៅទស្សនាប្រាង្គប្រាសាទរបស់ខ្មែរនៅខេត្តសៀមរាបផងដែរ៕