អ្នកថត​រូប​ស្រ្តី​កញ្ញា​​​ នាក់ សុផល ​​ បើក​ពិព័ណ៍​រូប​ថត​សិល្បការិនី​៣ ជំនាន់​ក្រោម​ប្រធាន​បទ ​«សូរស្រ្តី»​

46


ភ្នំពេញៈ បណ្តុំ​រូប​ថត និង​សំឡេង​សិល្បការិនីទម្រង់​​បុរាណ​ខ្មែរ​ចំនួន​ ១៨ រូប នឹង​ត្រូវ​​យក​ទៅ​​ដាក់​តាំង​បង្ហាញ​ចែកជូន​សាធារណជន​ បាន​ទស្សនា ស្តាប់ និង​​ស្វែង​យល់​ពី​ប្រវត្តិ​ និងលក្ខខណ្ឌ​នៃ​ការ​រស់​​នៅ​​​​របស់​​គាត់​​បច្ចុប្បន្ន​ជាមួយ​អាជីព​​សិល្បៈនៅ​ចុង​ខែសីហា​នេះ​។​
ការ​​​​បើក​ពិព័រណ៍​នេះ មាន​ប្រធាន​បទ​​ថា «សូរស្រ្តី» ​ដែលមាន​អត្ថ​​ន័យ​​ចង់បង្ហាញ​លទ្ធ​ផល​នៃ​​​​ស្រាវជ្រាវ​​ឲ្យ​​ដឹង​បាន​ពី​ស្ថានភាព និង​បញ្ហានានា​របស់​​សិល្បការិនី​ខ្មែរ​ ៣ ជំនាន់ មាន​​វ័យ​ចន្លោះ​​ពី​ ២០ឆ្នាំ រហូត​​ដល់​​វ័យ​ជិត ​៩០ ឆ្នាំ ដែល​មាន​មុខ​របរជា​អ្នក​សិល្បៈ​​។

​​កញ្ញា នាក់ សុផល ជា​អ្នក​​ប្រកប​ថត​រូប​អាជីព​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ​បាន​​​ប្រកប​របរ​ជាអ្នក​ថត​​រូប​តាំង​ពី​ឆ្នាំ​២០១០ និង​ជា​អតីត​និស្សិត​ បាន​បញ្ចបើ​ការ​សិក្សា​ នៅឯ​សាកល​វិទ្យា​​ល័យ​​​​ភូមិន្ទ​​វិចិត្រ​សិល្បៈ​​​ ​ប្រាប់​ពី​គោល​​បំណងនេះ​ថា៖ «ខ្ញុំគឺជា​​ស្រ្តី​​ម្នាក់​មាន​របរ​​​របរ​ជា​​អ្នក​​ថត​​រូប​​តាំង​​ពី​ឆ្នាំ​​២០១០​មក ​​​ដូច​​​ជា​មនុស្ស​​ប្រុស​​ដែរ ហើយ​​ស្គាល់​ពី​​ពិសោធន៍​សម្រាប់​អាជី​ព​ខ្លួន​។ តែ​អត់​ដឹង​ពី​ស្ថាន​ភាព​របស់​​អ្នកសិល្បៈ​ខ្មែរ​​​នោះ​ឡើយ ជាពិសេស​គឺ​សិល្បការិនី​នៅ​តាម​ខេត្ត​នានា​តែ​ម្តង​»។

អ្នក​ថត​រូបស្រ្តី​​ វ័យ​ ៣០ ឆ្នាំ រូប​នេះ​​ឲ្យ​ដឹង​​ថា៖« គំនិតស្រាវជ្រាវ​ចង់​ដឹងពីស្ថាន​ភាព​សិល្បការិនី​ខ្មែរ​ទម្រង់​សិល្បៈ​បុរាណ​​នេះ​ បាន​កើត​ឡើង​កាល​ពី ​៥ ខែ​មុន ខណៈ​​​​ខ្ញុំ​បាន​ប្រើ​ពេលចំនួន​ ​២​ខែ​ ចុះ​ទៅ​​ថត និង​សម្ភាសន៍​ផ្ទាល់​ជាមួយ​​សិល្បការិនី​ខ្មែរ​ចំនួន​ ១៨ រូប ដែល​ពួក​​​គាត់​​ជា​​អ្នក​​សិល្បៈ​ទម្រង់​បុរាណ​។ ខ្ញុំ​បាន​កំណត់​យក​ការ​ស្រាវជ្រាវ​ ទិន្ន​ន័យ​ពួក​គាត់​លក្ខណៈជា​ក្រុម​អ្នក​​​សិល្បៈ​​​ចំនួន​ ៣ ជំនាន់​។ ក្នុង​​នោះ​ពួក​គាត់​​មាន​វ័យ​​​ចន្លោះ​ពី ​២០ ឆ្នាំ រហូត​​ដល់​ជិ​ត ៩០ ឆ្នាំ ឯ​ណោះ ដោយ​មាន​លំនៅ​ឋាន​ផ្សេងៗ​គ្នា​​​តាម​បណ្តា​​ខេត្ត​ក្រុង​នានា​មាន​ដូចជា ក្រង​ភ្នំពេញ ខេត្ត​កណ្តា​ល សៀមរាប កោះកុង ឧត្តរមានជ័យ កំពង់ធំ ស្វាយ​រៀង​ ជាដើម»​។

ដោយ​ចង់​​ផ្សព្វ​ផ្សាយផ្នែក​វប្បធម៌​​ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​សិល្បការិនី ​ទម្រង់​បុរាណ​ទាំង​ ៣ ​ជំនាន់​ ដែល​​​កំពុង​តែ​រស់​នៅ​តាម​បណ្តា​ខេត្ត​-ក្រុង​ មិន​សូវ​ត្រូវ​បាន​គេ​ស្គាល់ និង​ចាប់​អារម្មណ៍​ នោះ​ ទើប​អ្នក​ថត​​រូប​ជា​ស្រ្តី​កញ្ញា នាក់ សុផល បាន​សហ​ការ​បង្កើត​គម្រោង​តាំង​ពិព័រណ៍​​មាន​ចំណង​ជើង​​ថា «​សូរ​ស្រ្តី» នេះ​ឡើងជា​មួយ​ស្រ្តី​អាមេរិក កញ្ញា អេមីលី ហូវី។ ការ​តាំង​ពិព័រណ៍​នេះ នឹង​ចាប់​ផ្តើម​បើក​សម្ពោធ​​នៅ​ថ្ងៃល្ងាច​ទី​២៣ ខែ​សីហា និង​បន្ត​តាំង​ទៅ​ដល់​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៩​ នៅ​វិចិត្រសាល Mirage Contemporary Art Space ក្នុង​ខេត្ត​សៀមរាប​​៕​