អ៊ីវ៉ា បង្ហើប​ថា មិន​ទាន់​ច្បាស់រឿង​ចេញ​ទៅ​សម្តែង​នៅ​កូរ៉េ​​

48


ភ្នំពេញៈ ​​​ តារា​ចម្រៀង​ប្រុស​ស្រី​ទាំង​នោះ​រួម​មាន​លោក ព្រាប សុវត្ថិ រួម​ទាំង​ប្រុស​ទាំង​បី នៅ​ផលិត​កម្ម​ហង្សមាស លោក ខេម លោក Tempo Tris និង​លោក គូម៉ា តារា​ចម្រៀង​របស់​ទ្រនំ​ និង​កញ្ញា អ៊ីវ៉ា មក​ពី​ទ្រនំផលិត​កម្ម​​សាន់ដេ ព្រម​ទាំង​មាន​​ក្រុម​ភ្លេង​ចចក​​សមុទ្រ​​ផង​ដែរ​នោះ ដែល​ពួកគេ​នឹង​មាន​វត្តមាន​ទៅ​សម្តែង​ក្នុង​កម្ម​វិធី​តន្រ្តី​បុរី​ឡេង​ណាវ៉ាត្រា​។
តែ​សម្រាប់​តារា​ចម្រៀងស្រី​ ដែល​​​ល្បី​ថា មាន​ផលិតកម្ម​ធំ ២ គឺ​ហង្សមាស និង​ថោន កំពុង​តែ​ចាំ​ត្រង​យក​តារា​ចម្រៀង​ស្រី​ស្រស់​​សោភា សាច់​សខ្ចី រាង​ស្ល៊ីម កញ្ញា អ៊ី​វ៉ា ហាក់​ដូចជា​នៅ​មិន​ទាន់​ច្បាស់​ពី​វត្តមាន​របស់​ខ្លួន​​ទេ ​សម្រាប់​ឱកាស​ចេញ​ទៅ​កើប​​ប្រាប់​ដុំ​នៅ​ក្រៅ​ប្រទេស​មួយ​នេះនៅ​ឡើយ​ទេ​​។​

រដូវ​កាល​បុណ្យ​ភ្ជំបិណ្ឌ​​របស់​ខ្មែរ​ កាន់​តែជិត​មក​ដល់​នោះ ស្រាប់​​តែ​​ឃើញ​មាន​សារ​បង្ហាញ​ឈ្មោះ​តារា​ចម្រៀង​​​ប្រុស​ស្រី ​មួយ​ចំនួន​​​យ៉ាង​ហោច​ណាស់​មក​ពី​ទ្រនំ​ផលិត​កម្ម​ធំ​បី​​គឺ​ផលិត​កម្ម​ហង្សមាស ថោន និង​សាន់ដេ ចេញ​ពី​គណនី​​ហ្វេសប៊ុក​លោក យឹម តាស្រង់ ដែលជា​អ្នក​គ្រប់​គ្រង​ទូទៅ​នៅ​ផលិត​កម្ម​ថ្មី​គឺ​ហ្គាឡាក់ស៊ី​ណាវ៉ាត្រា ប្រកាស​ត្រៀម​វត្តមាន​ទៅ​សម្តែង​​នៅ​ប្រទេស​​​កូរ៉េ​ខាង​ត្បូង​។​

តារា​ចម្រៀង​ស្រី​សំឡេង​ពីរោះ ជា​ទី​ពេញ​និយម​នៃ​យុវវ័យ​មាន​ឈ្មោះ​ពិត ឃីន ស្រីនាថ ហៅ​កញ្ញា អ៊ីវ៉ា បង្ហើបថា៖ ​«ចាស់​បង!​​​នាងខ្ញុំ​ពិតជា​ត្រូវ​បានខាង​អ្នក​រៀបចំ​ការ​សម្តែង​តន្រ្តី​នៅ​កូរ៉េ​ អញ្ជើញ​មែន​! តែ​ពេល​​​នេះ​ នាង​ខ្ញុំ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ដែរ​​​ទេ​ថា​តើ​អាច​បាន​ទៅ​ចូល​រួម​សម្តែង​មួយ​នេះ ព្រោះនាង​ខ្ញុំ​នៅរង់​ចាំ​ពេល​វេលា​សម្រេច​ចិត្ត​ចុង​ក្រោយ​មួយ​ទៀត​ក្នុង​រយៈ​​ពេល​​​មួយ ឬ​ពីរ​ថ្ងៃ​សិន​គឺ​ដោយសារ​មាន​ពាក់​ព័ន្ធ​នឹង​កាល​វិភាគ​របស់​សម្តែង​សិល្បៈ​របស់​នាង​ខ្ញុំ​នៅ​ក្នុង​ស្រុក​តែ​ម្តង​»។​
​តារា​ចម្រៀង​ស្រី​ កាន់​តែ​ល្បី​ពី​ប្រិយ​មិត្ត​អ្នកគាំទ្រ​ស្រទាប់​យុវ​វ័យ​កញ្ញា អ៊ីវ៉ា កាល​ពី​មុន​នេះ មាន​លេច​ឮ​ថា នាង​ត្រៀម​ខ្លួន​ចេញ​រក​ទ្រនំ​ថ្មី ក្រោយ​ពី​នាង​បាន​ផុត​កុងត្រា​ជាមួយ​នឹង​ទ្រនំ​ចាស់​សានដេ​មក តែជា​ចុងក្រោយ​ ទំនងជា​មាន​ការ​ចចារ​ត្រូវ​រ៉ូវ​គ្នា​ ទើប​បាន​ធ្វើ​ឲ្យ​ស្រីស្រស់​ អ៊ីវ៉ា តារា​ចម្រៀង​ស្រី​មាន​ស្រុក​កំណើត​មក​ពី​ខេត្តកំពង់ស្ពឺសម្រេច​ចិត្ត​បន្ត​នៅ​លើ​នាវា​ផលិត​កម្ម​សាន់ដេ​ដដែល​វិញ​​​។