វិចិត្រ​ករ​​ ជា​និស្សិត​រៀន​ពេទ្យ​​ត្រៀម​បង្កើត​ស្នាដៃ​​ ស៊េរីដាក់​តាំង​ពិព័រណ៍​នៅ​ចុង​ឆ្នាំ​២០១៩​

56


ភ្នំពេញៈ ​ខណៈ​​សព្វថ្ងៃ ​ខ្លួន​ជា​និស្សិត​កំពុង​​ចាប់យក​ការសិក្សា​ជំនាញ​គិលានុបដ្ឋាក​មែន​ក្តី តែ​ទេព​កោសល្យ​​​ជា​ដុង​ពី​កំណើត​​បូកផ្សំ​​ធ្លាប់​ចូលរៀន​សិល្បៈ​វិចិត្រកម្ម​ខ្លះ​កាល​នៅ​រៀន​វិទ្យា​ល័យ​​នោះ បន្ត​ជំរុញ​​ទឹក​​ចិត្តឲ្យ​លោក ហួរ សុបិន ចង​ក្រង​​ និង​ប្រមែ​​ប្រមូល​​ស្នាដៃ​សិល្បៈ​ខ្លួន​​ ត្រៀម​រៀបចំ​ដាក់​តាំង​ពីព័រណ៍​ទោល​​ជា​លើក​ដំបូង​របស់​ខ្លួន​ ដែល​មាន​លក្ខណៈ​ជា​ស៊េរី​​​​ នៅ​​ចុង​ឆ្នាំ​២០១៩​នេះ។
ទោះបី​​មិន​សូវ​មាន​ពេល​​សម្រាប់​បង្កើត​ស្នាដៃ​គំនូរ​ច្រើន​មែន​ក្តី ក៏​​លោក ហួរ សុបិន នៅ​តែ​​អាច​ឆ្លៀត​បង្កើត​ស្នាដៃ​គំនូរ​ប្រេង​យ៉ាង​​ស្អាត​ តាម​គំនិតបែប​ស្រមើ​ស្រមៃ​​ផ្ទាល់ខ្លួន​ ដោយ​ឆ្លុះ​បញ្ចាំង​​​ពី​ទស្សនៈ​ ឬ​បង្កប់​ន័យ​​អប់រំផ្នែក​​ណា​មួយ​នៅ​ក្នុង​សង្គម​ដូច​​ជា​ស្នាដៃ​ចុង​ក្រោយ​ខ្លះ​មាន​ដូចជាសាដៃ​ឈ្មោះ​ថា​ ​«នាង​ទេព​មច្ឆា​ដ៏​រីក​រាយ» និង​ស្នាដៃ​​ឈ្មោះ​ថា «ក្តី​ស្រមៃ»​ជា​ដើម​។​

លោក ហួរ សុបិន ជា​និស្សិត​រៀន​ជំនាញ​គិលានុបដ្ឋាក​ឆ្នាំ​ទី​ ២ នៃ​សាកលវិទ្យាវិទ្យាសាស្ត្រ​សុខាភិបាល​មាន​វ័យ ២១ ​ឆ្នាំ​មាន​​​ស្រុកកំណើត​ពី​ក្រុង​​សៀមរាប​ បង្ហើប​​​ពីគម្រោង​រៀបចំ​ការ​បើក​ពិព័រណ៍​ទោល​ខ្លួន​ នាពេល​ខាង​មុខ​នោះ​ថា៖ «​សម្រាប់​​​គម្រោង​​​ពិព័រណ៍​ទោល​របស់​ខ្ញុំ​ នៅ​ថ្ងៃ​ខាង​មុខ​នោះ គឺ​ខ្ញុំ​មាន​គម្រោង​ប្រមូល​ និង​បង្កើត​ស្នាដៃ​ជា​លក្ខណៈ​ស៊េរី ហើយ​នឹង​​ត្រៀម​​​​ចំនួន ​១២ ផ្ទាំង​​​ ដើម្បីដាក់​​តាំង​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នេះ​​។ វា​ជា​ប្រភេទ​នៃ​ការ​បើក​ពិព័រណ៍​ស្នាដៃ​ទោល​ដំបូង​របស់​​​​ខ្ញុំ ដោយ​ក្នុង​មាន​ទាំង​ស្នាដៃ​ចាស់ និង​សា្នដៃ​បង្កើត​ថ្មី​​»។​

វិចិត្រ​ករ​​ ហួរ សុបិន ​បន្ត​ពី​អត្ថន័យ​​របស់​ផ្ទាំង​​គំនូរ​ពីរ​ប្រភេទ​ ដែល​លោក​ទើប​តែ​បាន​ផូស​បង្ហាញ​តាម​បណ្តាញ​សង្គម​ថ្មីៗ​​​នេះ​ដែរ​ថា៖ «​ដូចគំនូរ​ឈ្មោះ ​«នាង​ទេព​មច្ឆា​ដ៏​រីក​រាយ» គឺជាមច្ឆា​ដ៏​ស្រស់​ស្អាត​បំផុត​ក្នុងមហា​សមុទ្រ​ហើយ​នាង​ទទួល​បាន​ការ​ស្រឡាញ់​យ៉ាងខ្លាំង​ពីមនុស្ស​​គ្រប់គ្នា។ ​ស្នាម​ញញឹ​ម​​របស់​នាង​​មានតម្លៃ​​សម្រាប់​មនុស្សគ្រប់គ្នា​​ ហើយ​ក្តី​ស្រឡាញ់​​របស់​​នាង​​គឺ​​​ភ្លឺ​ជាងព្រះអាទិត្យ។ ​ខ្ញុំ​ប្រើ​ពណ៌​ក្រហម ​ដើម្បី​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់​រ​បស់​នាង​​ភ្លឺដូច​ព្រះអាទិត្យ​ ​ពណ៌ខៀវ​ដើម្បី​​តំណាង​ឲ្យ​​សេចក្តី​សប្បុរស​របស់​នាង​ត្រជាក់​ដូច​ជា​មហា​សមុទ្រ និង​ពណ៌បៃតង​ ដើម្បីតំណាង​ឲ្យ​ជីវិត​ត្រូវការ​ពន្លឺ និង​ទឹក​​ដើម្បីរស់នៅ។​

រីឯ ស្នាដៃ​មាន​ឈ្មោះ​ថា «ក្តី​ស្រមៃ»​​ ​និយាយ​អំពីការស្រមៃ​របស់នារី​របាំម្នាក់​ ដែលចង់ក្លាយជា​អ្នករបាំ​ដ៏​ជោគជ័យ​ និង​ល្បីល្បាញ​​ម្នាក់​ ដើម្បី​អភិរក្ស​​​​ក៏ដូច​​ថែរក្សា​នូវ​វប្បធម៌ អរិយធម៌​របស់​ដូនតា និង​អ្នីដែល​នាង​​ស្រឡាញ់​​ជា​យូរ​ណាស់​​មក​ហើយ។ ​មិនយូរប៉ុន្មាន​ នាង​ក៏​ក្លាយជា ​នារី​របាំ​​ដ៏​ល្បី​​ម្នាក់​កេរ្តិ៍ឈ្មោះ​​របស់នាង​​បាន​​ល្បី​​សុះ​សាយ​ ​ដូចជា​មេ​​អំបៅ​ ​ដែល​​​ហើរ​​បាន​ខ្ពស់ និង​​មាន​វត្តមាន​គ្រប់​ទីកន្លែង​ វប្បធម៌​ អរិយ​ធម៌ ​ដែល​នាង​​ស្រឡាញ់​ និង​ថែ​​រក្សា​​​​ជាយូរ​ណាស់​មក​ហើយ និង​​​បាន​​សាយ​ភាយ ទៅដល់ពិភព​ ដែលធ្វើឲ្យមនុស្សម្នា​ បាន​ស្គាល់​ប្រទេស​​​មួយ​នេះ​​​​កាន់​តែ​ច្បាស់​ ​និង​​ឆាប់រហ័ស​ ដូច​​ជា​ការ​រីក​លូតលាស់​ល្អផូរផង់​របស់​ផ្កា​ឈូក​ដ៏កម្រ​មួយ»។​
វិចិត្រ​ករ​ជា​និសិ្សត​ពេទ្យ​លោក​ ហួរ សុបិន ដែល​បាន​ឈ្នះ​ការប្រកួតប្រជែង​ទេពកោសល្យ​គំនូរ​​ប្រចាំ​ឆ្នាំ​ ២០១៨ កំពុង​តែ​ប្រមែ​​​ប្រមូល​ស្នាដៃ​​​​ខ្លួន​តាំង​ពីចាប់​ផ្តើម​​បង្កើត​មក​ ដើម្បី​រៀបចំ​ការ​តាំង​​ពិព័រណ៍​ទោល​មួយ ​នៅ​​វិចិត្រ​សាល​ Khbach​ Gallery នា​ចុង​​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ ជា​​លើក​ដំបូង៕​