ក្រុម U-15 កម្ពុជា ប៉ះ​ម្ចាស់ផ្ទះ​ចិន បើក​ឆាក​ពាន Jinshan Cup យប់នេះ

102


(សៀងហៃ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម ១៥ឆ្នាំ នឹងត្រូវតតាំងជាមួយក្រុមម្ចាស់ផ្ទះ U-15 ចិន ក្នុងជំនួបបើកឆាកពូល B នៃពានរង្វាន់ Shanghai Jinshan International Youth Football Championship 2019 (Jinshan Cup) នាវេលាម៉ោង ៦៖៤៥នាទីយប់នេះ (ម៉ោងនៅកម្ពុជា) នៅទីក្រុងសៀងហៃ ប្រទេសចិន។

គួរដឹងថា ក្រុមជម្រើសជាតិ U-15 កម្ពុជា បានធ្វើដំណើរទៅប្រទេសចិនកាលពីយប់ឈានចូលថ្ងៃទី២០ ខែសីហាម្សិលមិញ ដើម្បីចូលរួមប្រកួតពានរង្វាន់អន្ដរជាតិខាងលើ ដោយស្ថិតក្នុង B ជាមួយគូប្រជែង ២ក្រុមប៉ុណ្ណោះ បន្ទាប់ពីក្រុមជម្រើសជាតិ U-15 ថៃប្រកាសដកខ្លួន គឺក្រុមជម្រើសជាតិ U-15 ចិន និងក្រុមយុវជន U-15 Standard de Liege មកពីប៊ែលហ្ស៊ិក។

ចំពោះព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដើម្បីជំរុញការអភិវឌ្ឍន៍បាល់ទាត់យុវជន និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងបណ្ដាប្រទេសចូលរួម និងម្ចាស់ផ្ទះចិនផងដែរ។ ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមការប្រកួតពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែសីហា ដោយមាន ១២ក្រុមមកពី ៧ប្រទេសចូលរួម។ ចំពោះក្រុមគោព្រៃជំទង់កម្ពុជា ក្រោយចប់ការប្រកួត គ្រោងនឹងធ្វើដំណើរមកមាតុភូមិវិញនាថ្ងៃទី២៧ ខែសីហាខាងមុខ៕

ប្រភព Freshnews