តោះ! មក​យល់​ដឹង​ពី​​ពិធីសែន​​ព្រេន​​​តាម​ទំនៀម​បុរាណ​ សុំ​សុខ​ឲ្យ​ដំរី​ឈឺ​​របស់​ជន​ជាតិ​ភាគ​តិច​​នៅ​រតនគិរី​

196


ខេត្តរតនគិរីៈ​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជិត ​១០ ​គីឡូម៉ែត្រ ​ពី​ក្រុង​បាន​ឡុង តំបន់​អភិរក្ស​ដំរីអៃរាវត្តា គឺ​ជា​​ជំរំ​សត្វ​ដំរី​ ដែល​​ផ្ដល់​ឱកាស​ដល់​ភ្ញៀវទេសចរ​បាន​ជួប​សត្វ​ប្រមោយវែង និង​ហ្ម​របស់​វា​ជា​ជនជាតិ​ភាគ​​តិច​។ នៅ​មាន​សកម្មភាព​អេកូទេសចរណ៍​ដទៃ​ទៀត ដូចជា ការ​ជិះ​ដំរីកម្សាន្ត​សហគមន៍​ ការ​ថត​រូប​​អនុស្សាវរីយ៍​មុន​​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​សត្វ​ដំរី ផ្ដល់​ចំណី និង​ថែទាំ​ដំរី​ក្នុង​ជម្រក​ព្រៃ​ធម្ម​ជាតិ​​នៃ​ព្រៃ​សហគមន៍​កាទៀង ដែល​​មាន​​ផ្ទៃដី​ទំហំ ៣០០ ហិកតា ​ខណៈ​​តំបន់សហគំន៍​​អៃរាវត្តា ជា​ជម្រ​ក​​ធម្មជាតិ​នៃ​ដំរី​ចិញ្ចឹម និង​បន្ថែម​​ដោយ​ផ្ទៃ​ដី​​កសិកម្ម ៦០ ហិកតា​។​

​ជា​សំណាង​មិន​ល្អ​ ថ្មីៗ​នេះ មាន​សត្វ​ដំរី​ឈ្មោល​មួយ​ក្បាល​​ឈ្មោះ​ថា ក្នុង​​ចំណោម​ដំរី​ ៤​ នៅ​ពុំ​​ទាន់​ជា​សះ​​​ស្បើយ​នៅ​ឡើយ​ បើ​ទោះ​បីជា​ ត្រូវ​បា​ន​​ព្យាបាល​ជំងឺ​ពី​គ្រូ​ពេទ្យ​សត្វ​ ប្រើ​ពេល​វេលា​អស់ ​៣ ​ខែ ​មក​ហើយ​​នោះ ទើប​ថ្មីៗ​នេះ ខាង​សមាគម​អភិរក្ស​ដំរីអៃរាវត្តា សម្រេច​ធ្វើ​ពិធី​សែន​ព្រេន​ទៅ​តាម​ទំនៀម​ដើម​របស់ជន​ជាតិ​ភាគ​តិច ដែល​ជា​ហ្មដំរី​នោះ​គឺ​ពិធី​សែន​ព្រេន​កាប់​ជ្រូក ដុត​មាន់ និង​សែន​ស្រា​ ដើម្បី​សុំ​​សេចក្តី​សុខ​ និង​សុំ​ឲ្យ​ដំរី​នោះ​ឈ្មោះ «បុកវ៉ា» ឆាប់ជា​សះ​ស្បើយ​​ពី​ជំងឺ​របស់​វា​។​

ប្រធាន​​មូល​និធិ​សមាគម​អភិរក្ស​ដំរីអៃរាវត្តា អ្នកស្រី ខៃ ចិន្តា​  បាន​បង្ហើប​ឲ្យ​ដឹង​ពី​ការ​ធ្វើ​ពិធី​សែន​ព្រេន​ ដើម្បី​​សុំ​នូវ​សេចក្តី​សុខសប្បាយ​ ជា​ពិសេសសុំ​​ឲ្យ​ដំរី​ឈឺ​ ឆាប់ជា​ពី​ជំងឺ​តាម​ទំនៀម​ដើម​នៃជនជាតិ​ព្រៅ ជា​ហ្ម​ដំរី​នោះ​​​​ថា៖ «ទោះបី​ជា​យើង​រស់​នៅ​ក្នុង​សម័យ​ទំនើប​​បែប​វិទ្យាសាស្រ្ត​យ៉ាង​ណា​​ក្តី ក៏​យើង​មិន​បាន​បំភ្លេច​តាម​ទំនៀម​ទម្លាប់របស់​បង​ប្អូនជន​ជាតិ​ដើម ដែល​ជា​ម្ចាស់​ទឹកដី និង​ជា​ហ្ម​ដំរីនោះ​ដែរ​ ដូច​ពាក្យ​ចាស់​ដំណាល​ថា អាគមផ្សំ​អាយុនោះ​ឯង​។ ម្យ៉ាងទៀត​យើង​ក៏​មិន​ចង់​ឲ្យ​មាន​ការ​ខុស​​ទំនៀម​​របស់​ពួកគាត់​ដែរ ខណៈ​យើង​ក៏​បាន​ប្រើ​វិធី​តាម​សម័យ​ទំ​នើប ​​រក​គ្រូ​ពេទ្យ​បសុសត្វ​ទៅ​ព្យាបាល​ អស់​រយៈ​ពេល​ប្រមាណ​៣​ខែ​មក​ហើយ​ដែរ​។ ​ដូច្នេះ​ហើយ​បានជា​ប៉ុន្មាន​ថ្ងៃ​នេះ ខ្ញុំ​ក៏​យល់​ព្រម​ឲ្យ​ហ្ម​ដំរី​ រៀបចំ​ពីធី​សែន​ព្រេន​ឲ្យ ​«បុកវ៉ា​» តាម​ទំនៀម​ ដោយ​មាន​កាប់​ជ្រូក​ ១ ក្បាល ​កាប់​មាន់ និង​ស្រា​​ជន​​ជាតិ ជា​លើក​ដំបូង​​ផង​ដែរ​ សម្រាប់​រយៈ​ពេល​ដែល​យើង​​បង្កើត​ជា​សមាគម​ ៤ ឆ្នាំ​មក​នេះ​»​។​
អ្នក​ស្រី​ ចិន្តា បាន​បន្ត​ថា៖ «ទោះជា​យ៉ាងណា ក៏​យើង​នៅ​តែបន្ត​​ខំ​រក​គ្រូ​ពេទ្យ​ជំនាញ​ ដើម្បីមក​​ព្យាបាល «បុកវ៉ា» ឲ្យ​បានជា​សះស្បើយ​ដែរ»៕​