តារា​ចម្រៀង​ស្រី​សិចស៊ី រតនៈ ពិសី សម្រេច​ចុះ​​កុងត្រារយៈ​ពេល​​ ៥ឆ្នាំ​​ ចូល​ទ្រនំថោន​

74


ភ្នំពេញៈ នាពេល​បច្ចុប្បន្ននេះ គេសង្កេត​ឃើញ ​​តារាសម្ដែង​ និង​ចម្រៀងស្រី​​រូបនេះ ​ហាក់​មាន​សន្ទុះ​ខ្លាំង​​ក្នុង​ការ​ងារ​​សិល្បៈ​ ជាពិសេសនោះ គឺ​នាងតែងតែ​ក្ដាប់បានឱកាស​ចេញទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ ជា​ញឹក​ញាប់​។ យ៉ាងណាមិញ ស្របពេលការងារសិល្បៈ កំពុងតែមមាញឹកខ្លាំង​ ស្រាប់​តែ​ថ្មីៗ​នេះ តារា​ស្រី​ចូល​ចិត្ត​បញ្ចេញដើមទ្រូងមូលក្បំ​កញ្ញា រតនៈ ពិសី បាន​ឲ្យ​ដឹង​ពីការចុះកិច្ចកុងត្រា ជាមួយ​នឹង​​ផលិត​កម្ម​ថោន ​រយៈពេល​ ៥ ឆ្នាំ​ ដោយ​សារ​ចង់​ឲ្យ​ខ្លួន​ជា​តារា​ចម្រៀង​ម្នាក់​ដែល​មាន​ទ្រនំ​ច្បាស់​លាស់​​​នឹង​​គេ ក្រោយ​​ពី​បាន​​ប្រឡូក​ចូល​​សិល្បៈ​ប្រមាណ​ជិត​ ១០​ ឆ្នាំ​​ ម​ក​គឺ​ជា​តារា​ចម្រៀង​ឯករាជ្យ​។​

កញ្ញា រតនៈ ពិសី ​​វ័យ ​២៥ ឆ្នាំ ប្រាប់​​ថា​៖ « នាងខ្ញុំ បាន​​ចុះ​កុង​ត្រា​​ជា​មួយ​​​​​ផលិត​កម្ម​ Top Music ដែលជា​ផលិត​កម្ម​មួយ​ ​ក្រោម​ទ្រនំ​ផលិត​កម្ម​ថោន​​ ​រ​យៈ​​ពេល​ ៥​ ឆ្នាំ​​។ ​កាល​ដែល​ព្រម​នេះ ក៏​មាន​ការ​ពេញ​ចិត្ត​ និង​ដឹង​ច្បាស់​ពី​លក្ខខណ្ឌ​​​របស់​ផលិត​កម្ម​ដែរ​ ទើប​ហ៊ាន​សម្រេច​ចុះ​​​រយៈ​ពេល​យូរ​នោះ​។ ម្យ៉ាង​​ដោយ​សារ​​គិត​ថា ប៉ុន្មាន​ឆ្នាំ​ ដែល​នាងខ្ញុំជា​តារា​ចម្រៀង​ឯក​រាជ្យ​យូរ​ណាស់​មក​ហើយ​ដែរ ទើបពេល​នេះ​នឹក​​​ចង់​​បាន​ទ្រនំ​មួយ​ច្បាស់​លាស់​នឹង​គេ​ ក៏​សម្រេច​ចិត្ត​ចូល​ជាមួយ​គ្រួសារ​ផលិត​កម្ម​ថោន​តែ​ម្តង​»។
កញ្ញា រតនៈ ពិសី បន្ត​ថា៖ «នាងខ្ញុំ​ ពិត​ជា​មានអារម្មណ៍​សប្បាយចិត្ដ​ ជាពន់ពេក ដែល​មាន​ឱកាស​ធំៗ​​ពីរ​នៅនឹង​ដៃ ក្នុងពេលតែមួយ គឺការចុះការត្រាច្រៀងក្នុងផលិតកម្មថោន និង​ក្ដី​ស្រមៃ​ចេញ​ទៅ​សម្ដែង​នៅក្រៅប្រទេស ដោយការចេញទៅសម្ដែងលើកនេះ នាងសង្ឃឹមថា នឹង​មាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់ ​បងប្អូនខ្មែរ​ដែលរស់នៅទីនោះ»។

​ហើយ​ការចុះ​កុងត្រានេះ​ទៅ​ តារា​ចម្រៀង និងសម្ដែងចំណូល​ថ្មី​នៃ​​​ផលិតកម្មថោន ស្រីស្រស់​សាច់​ស​​ដូច​​បណ្ដូល​ចេក​ រតនៈ ពិសី មានការរំពឹងយ៉ាងមុតមាំថា នឹង​ទទួល​បានការគាំទ្រ​ច្រើន​ពី​ទស្សនិក​ជន ខណៈ​​នាងសង្កេតឃើញ តារាចម្រៀងនៅក្នុងផលិតកម្មល្បីមួយនេះ សុទ្ធតែ​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង និង​មានភាពល្បីល្បាញជាបន្តបន្ទាប់​៕​