អរគុណច្រើន! ជាង១០ឆ្នាំមកនេះ ជប៉ុនចំណាយថវិកាជាង២០លានដុល្លារ ដើម្បីជួសជុលប្រាសាទខ្មែរ

270


(ភ្នំពេញ)៖ លោកបណ្ឌិត តាកេស៊ី ណាតាហ្គាវ៉ា សហប្រធាននៃគម្រោងជប៉ុន-អប្សរា ការពារប្រាសាទអង្គរ (JASA) បានបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំមកនេះ រដ្ឋាភិបាលជប៉ុន បានចំណាយថវិកាជាង២០លានដុល្លារ ដើម្បីជួសជុល និងស្រាវជ្រាវប្រាសាទនានា នៅក្នុងប្រទេសកម្ពុជា។

ការបញ្ជាក់បែបនេះរបស់បណ្ឌិត តាកេស៊ី ណាតាហ្គាវ៉ា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ការចូលរួមចំណែករបស់លោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា លើការថែរក្សាបេតិកភណ្ឌប្រវត្តិសាស្ត្រកម្ពុជា» នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ នៅស្ថានទូតជប៉ុន។

លោកបណ្ឌិត តាកេស៊ី ណាតាហ្គាវ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងការងារជួសជុលកន្លងមកនេះ គឺក្នុង១០ឆ្នាំដំបូងហ្នឹង សម្រាប់ការស្រាវជ្រាវ ដើម្បីជួសជុលនេះ យើងចំណាយថវិកាប្រហែលជា ២០លានដុល្លារ សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ចំណាយទៅលើការងារពិសោធន៍ ការងារសម្រាប់អ្នកឯកទេស ដែលចុះមកធ្វើការសិក្សាស្រាវជ្រាវ សម្រាប់ការងារ ជួសជុលប្រាសាទនេះ»

លោកបណ្ឌិត បានរៀបរាប់ថា ការជួសជុលប្រាសាទនៅកម្ពុជា នាពេលកន្លងមក ថវិកាបានមកពីរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការយូណេស្កូ។ ថវិកាសម្រាប់ស្រាវជ្រាវ ការជួសជុលប្រាសាទនៅកម្ពុជា គឺជាថវិកាដាច់ដោយឡែក ហើយការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ជាចំណែកយ៉ាងសំខាន់ នៅក្នុងការផ្ដល់ជំនួយនេះផងដែរ។

លោកបណ្ឌិត តាកេស៊ី ណាតាហ្គាវ៉ា ក៏បានចូលរួមចំណែក លើការថែរក្សា ការស្តារឡើងវិញ និងសកម្មភាពស្រាវជ្រាវ នៅប្រាសាទព្រះវិហារ និងសំបូរព្រៃគុកដែលជា បេតិភណ្ឌពិភពលោក នៃអង្គការយូណេស្កូរបស់កម្ពុជា ក្នុងនាមលោកជា ប្រធានក្រុម នៃសាកលវិទ្យាល័យវ៉ាសេដា។ សម្រាប់ការជួសជុលប្រាសាទនៅកម្ពុជា ភាគីពាក់ព័ន្ធទាំងអស់ បានយកចិត្តទុកដាក់ ក្នុងការសិស្សាស្រាវជ្រាវ ទៅតាមបែបផែន របស់បេតិភណ្ឌពិភពលោក។

គួរជម្រាបថា សហប្រធាន នៃគម្រោងជប៉ុន-អប្សរា បានចូលរួមចំណែកជំរុញការផ្លាស់ប្តូរ ផ្នែកអប់រំរវាងជប៉ុន-កម្ពុជា តាមរយៈការជួសជុល និងស្តារឡើងវិញនៃអង្គរ ជាពិសេសប្រាសាទបាយ័ន ក្នុងនាមលោក ជាប្រធានក្រុមរដ្ឋាភិបាលជប៉ុន សម្រាប់ការថែរក្សា ការពារប្រាសាទអង្គរ (JSA) ចាប់តាំងពីបង្កើតឡើង នៅឆ្នាំ១៩៩៤ និងក្នុងនាម ជាសហប្រធាន នៃគម្រោងជប៉ុន-អប្សរា ការពារប្រាសាទអង្គរ (JASA) ចាប់ពីឆ្នាំ២០០៥ ព្រមទាំងបណ្តុះបណ្តាលអ្នកជំនាញ បច្ចេកទេសកម្ពុជាជាច្រើនរូប សម្រាប់គម្រោងអង្គរជាង២៥ឆ្នាំ៕