គួរ​កោត​សរសើ​ខ្លាំងណាស់​ស្ថាបនិក​កម្មវិធី «ពេទ្យយើង»​ បាន​ជាប់​ការ​ប្រកួត​អន្តរជាតិ​នៅ​ស្វីស​

30


ភ្នំ​ពេញៈ ស្ថាបនិក​នៃ​​កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល​ «ពេទ្យយើង»​ ត្រូវបានជ្រើសរើស​ជា​បេក្ខ​ភាព​​អាជីវកម្មសង្គម​ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ ​នៅទីក្រុងហ្សឺណែវ​ ប្រទេស​ស្វីស​ នៅ​​ខែ​តុលា​ ឆ្នាំ​២០១៩​ ខាងមុខនេះ ក្រោយ​ពីជាប់​ជា​ក្រុម​ជម្រើស​ចុង​ក្រោយ​ទាំង​​៣ នៃ​បេក្ខភាព​អាជីវកម្ម ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដើម្បី​ប្រជែង​​ជាមួយ ១៦ ប្រទេស​។
បេក្ខ​ភាព​អាជីវកម្មសង្គមចំនួនបី​គឺ​មានកម្ម​វិធី​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល​ «ពេទ្យយើង» ដែល​ជា​ផ្នែក​មួយ​របស់​ក្រុម​ហ៊ុន First Womentech Asia Co, LTD អង្គការ Center for Sustainable Water និងក្រុមហ៊ុន SmartAgro បានឈ្នះ​ការប្រកួត ប្រជែង​កម្មវីធី គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព​សាកលឆ្នាំ ២០៣០ ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ទី​២២​ ខែ​សីហា ឆ្នាំ​២០១៩​ កន្លង​មក ដែល​រៀបចំដោយ​ក្រុមហ៊ុន​បណ្តុះ​បណ្តាល​សហ​គ្រិន​ (IMPACT HUB)​ និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ(UNDP) ដែល​ចម្រាញ់​ផ្តាច់​ព្រ័ត្រក្នុងចំណោម ក្រុម​ហ៊ុន និ​ង​អង្គ​ការ​ចំនួន​ ៧​។​​

​ លោកស្រី ប៉ុង លីមសាន ​ជាវិស្វករ​កម្មវិធីព័ត៌មានវិទ្យា ​និង​ជា​ស្ថាបនិក​​កម្ម​វិធី​ប្រព័ន្ធ​គ្រប់គ្រង​មន្ទីរ​ពេទ្យ​ឌីជី​ផល​ «ពេទ្យយើង» បាន​ថ្លែង​ថា៖ «ការទទួលបាន​ការគាំទ្រ​​ពីក្រុមគណៈ​​កម្មាធិការ​​វិនិច្ឆ័យ​​ជា​ចៅ​ក្រម​​​ទាំង​ ៤ រូប ​ចំពោះ​កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យឌីជីផល​ «ពេទ្យយើង»​ និង​​ការ​សម្រេច​​ជ្រើស​រើស​​កម្ម​​វិធីយើង​ទៅចូលរួម​ប្រកួតជា​លក្ខណៈ​អន្តរជាតិបន្ត​ទៀត​នេះ​គឺពិតជាមោទភាព​សម្រាប់​នាង​ខ្ញុំ​ជា​ស្ត្រី​​​ខ្មែរ​ ក្រុមការងារ​ជាកូនខ្មែរ​ និងប្រជាជនខ្មែរយើង​ ដែល​មាន​ស្នាដៃជា​របស់​យើងត្រូវ​បាន ទទួល​​ស្គាល់ ​និងជ្រើសរើស​យកទៅ​ចូលរួម​ប្រកួត​នៅលើ​វេទិកា​អន្តរជាតិ​ដ៏ធំមួយ​រៀបចំ​ដោយ​ក្រុម​ហ៊ុន​ និង​ស្ថាប័ន​អន្តរជាតិ​ដ៏ល្បីៗគឺ​​ IMPACT HUB និង​UNDP​។ ស្នាដៃយើង​ត្រូវបានគេមើល​ឃើញថាវា​នឹ​ង​​​ចូល​រួម​ចំណែកជម្រុញ​ឲ្យ​សម្រេច​បាន​នូវ​សុខមាល​ភាព មិនត្រឹម​តែពលរដ្ឋ​កម្ពុជាយើង​តែ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​​ជួយ​សុខ​មាលភាពនៃ​ពលរដ្ឋ​ក្នុង​តំបន់ និង​សាលក​ផង​ដែរ​»។

​ស្ថាបនិក​​កម្ម​វិធី​ប្រព័ន្ធ​គ្រប់គ្រង​មន្ទីរ​ពេទ្យ​ឌីជី​ផល​ «ពេទ្យយើង»​ លោក ស្រី ប៉ុង លីមសាន បាន​បន្តថា៖ «​ក្នុង​ចំណោម​បេក្ខភាព​អាជីវកម្មទាំងបី​ ដែលត្រូវបានជ្រើសរើស​ទៅចូលរួម​ប្រកួតប្រជែងនៅ​​​ទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វីស ខាងមុខនេះ ​គឺសុទ្ធតែ​អាជីវកម្ម​ថ្មីបង្កើតឡើង​ដោយស្ថាបនិកបរទេស​រស់នៅ និង​ធ្វើការ នៅកម្ពុជា (២ក្រុម) គឺ​មានតែកម្មវិធី «ពេទ្យយើង» របស់​នាង​ខ្ញុំ​​ តែ​​ប៉ុណ្ណោះ ដែល​បង្កើត​ឡើង​ដោយស្ថាបនិកខ្មែរ និង​ក្រុមការងារខ្មែរ ត្រូវជ្រើសរើស​ចូលរួមក្នុងកម្មវិធី​អន្តរជាតិ​មួយ​ នៅ​ខែ​តុលា ដែល​​ត្រូវ​ប្រជែង​​គ្នា​ក្នុង​ចំនួន​ ១៦ ប្រទេស​ទូទាំង​ពិភព​លោក​​។ នេះ​​គឺ​ជា​ឱកាស ​សម្រាប់ខ្មែរ ជា​​ពិសេស​ស្ត្រី​ខ្មែ​រ​យើងតែ​ម្តង​​ គឺ​អាច​បង្ហាញឲ្យ​​ពិ​ភពលោក​​បានដឹង​​ថា យើងអាចធ្វើបា​ន​​ ហើយ​ទង​​ជាតិយើង​លែង​ក្លាយ​ជាទង់ជាតិ ដែល​គេ​ស្គាល់​ក្រោម​រូប​បែប​ប្រល័យពូជសាសន៍ទៀតហើយ»​។

​គួរ​រំឮក​ដែរ​កម្មវិធី «ពេទ្យយើង» កាល​​ពីខែ​មីនា ឆ្នាំ​២០១៩ ​កន្លង​មក បាន​ពាន​​ជយ​លាភី​សហ​គ្រិន​ស្ត្រី​កម្ពុជា​​ក្នុង​វិស័យ​បច្ចេក​វិទ្យា​រួច​ម្តង​មក​ហើយ ​ចំពោះគំនិតច្នៃ​ប្រឌិតផ្នែក​បច្ចេក​វិទ្យា​ព័ត៌​មាន​វិទ្យា ដែល​ផ្តល់​ដំណោះស្រាយ​ផ្នែកបច្ចេកវិទ្យា​ដល់វិស័យ​សុខាភិបាល​ សេវា​ព្យាបាល​ និង​ប្រព័ន្ធ​គ្រប់​គ្រង​របស់​មន្ទី​រពេទ្យ ​និងគ្លីនិក​បែបទំនើប​នៅក្នុង​ប្រទេស​កម្ពុជាយើង​៕​