និស្សិត​ ហុង ភារិន ជា​កូន​​ខ្មែរ​​ទី២​ មាន​ទេព​កោសល្យ​ពិសេស​ធ្វើ​ឲ្យ​ផ្អើល​ពិភព​​លោក បន្ទាប់​ពី​កុមារា សាលិ​​

195


ភ្នំពេញៈ ហុង ភារិន គឺជា​យុវជន​ទី២ ដែល​កំពុង​តែ​ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពី​សំណាក់​មហា​​ខ្មែរ​កម្ពុជា ក៏​ដូចជា​ពិភព​លោក ជា​ពិសេស​ប្រជាជនថៃ តែ​ម្តង​នា​ពេល​ថ្មីៗ​នេះ​ ដោយ​និស្សិត​ខ្មែរ​រូប​​នេះ​ បានបញ្ចេញសមត្ថភាពអច្ឆិរយ ដ៏​អស្ចារ្យ នៅប៉ុស្តិ៍​ស្ថានីយទូរទស្សន៍ Workpoint​ Entertainment នៃ​​កម្មវិធី «Super 100»។ ទម្រាំតែបានចូលរួមវគ្គផ្តាច់ព្រ័ត្រ នៅ​ចំពោះ​មុខគណៈកម្មការ យុវជន ហុង ភារិន បានឆ្លងកាត់វគ្គធ្វើតេស្តសមត្ថភាព លំបាកៗជាច្រើនដំណាក់កាល និងល្អិតល្អន់បំផុត។ ការ​បង្ហាញ​​សមត្ថភាពរបស់យុវជន ហុង ភារិន ថ្មីៗនេះ ជាមោទនភាពមួយរបស់ប្រទេសជាតិខ្មែរ ដែល​មាន​​យុវជន​មានទេពកោសល្យ ផ្នែកចងចាំ មនុស្សទូទៅមិនងាយមានអ្នកធ្វើបានឡើយ។

បន្ទាប់​ពី​ត្រូវមហាជនស្គាល់ច្រើនទាំងក្នុង និងក្រៅប្រទេស តាម​រយៈ​សមត្ថ​ភាព​ពិសេស ទាក់ទង​នឹង​ការ​ចងចាំថ្ងៃខែ នៅលើប្រតិទិន នៅក្នុង​កម្មវិធី​ដ៏ល្បី​ប្រចាំ​ប្រទេសថៃ «Super 100» នោះ បច្ចុប្បន្ននេះ យុវជន ហុង ភារិន ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ក្នុង​និងក្រៅស្រុក ចុះផ្សាយ​ព្រោង​​ព្រាត ពី​អច្ឆរិយ​ភាព​របស់លោក។ ទន្ទឹមគ្នានេះ លោក ហុង ភារិន បានបញ្ជាក់ថា ការចងចាំ គឺ​ទាម​ទារ​ឲ្យ​មាន​ការហ្វឹកហាត់ជាប្រចាំ និង​ព្យាយាម​ជារៀង​រាល់​ថ្ងៃ ព្រោះ​ទាំងនេះ​ជា​អាហារ​របស់​ខួរក្បាល។ អ្វី​ដែល​ពិសេស​ជាងនេះ លោក​មាន​តិច​និច​ពិសេសមួយ គឺ​ព្យា​យាមប្តូរអ្វីដែលចងចាំ​ឲ្យ​ទៅ​ជា​រូបភាព​។
និស្សិត​ខ្មែរ​រូបនេះ​បន្ត​ថា ខ្លួនបានចាប់ផ្តើមហ្វឹកហាត់ផ្នែកចងចាំនេះ អស់រយៈពេល១ឆ្នាំ ៦​ខែ មក​​​​​ហើយ​ ខណៈកំពុងរៀនមិនបានដឹងដែរថា ខ្លួនមានសមត្ថភាពពិសេសបែបនេះ។ តែ​យ៉ាង​​​​​ណា ពេល​ខំ​​ហ្វឹក​ហាត់បន្ត ទើបទទួលបានអារម្មណ៍ថា ខ្លួន​ឯង​អាច​ទៅ​រួចពាក់ព័ន្ធ​នឹង​ផ្នែក​​​ចងចាំនេះ ហើយ​ក៏​សម្រេច​​ចិត្តចូលរួមក្នុងកម្មវិធី «Supor 100» តែម្តង។ តែយ៉ាងណា ពេល​​ដាក់​ពាក្យ​ប្រឡង​ក៏​គ្មាន​សង្ឃឹម ១០០ ភាគរយដែរ ព្រោះកម្មវិធី​បាន​ឲ្យលោក​ធ្វើតេស្ត​លំបា​ក​​ជាច្រើន ទោះ​យ៉ាង​នេះ​ក្តី លោក​នៅ​​​តែ​ចូលរួមព្រោះ​គិតថា​បើ​មិន​សាក​ល្បង គឺ​មិនដឹង។

ក្រៅ​ពីបង្ហាញបទពិសោធន៍ទាំងនេះ យុវជន ហុង ភារិន ដែលមានដើមកំណើតនៅ ខេត្ត​កំពង់​ចាម បាន​បង្ហាញពីជីវិតតស៊ូរបស់ខ្លួនជាច្រើនថា កាលពីលោកមានអាយុ ៩ឆ្នាំ គឺ​មានប​ញ្ហា​គ្រួសារ​​ជាច្រើន ដោយ​ម្តាយឪពុករបស់លោកបានចែកផ្លូវគ្នា និងត្រូវគ្នាវិញម្តងជាពីរដង ដែល​ធ្វើ​ឲ្យ​កត្តា​ជីវភាព​កាន់​តែ​លំបាក។ ទោះយ៉ាងនេះក្តី ពេលមកបន្តសិក្សាថ្នាក់ទី១០ នៅ​វិទ្យា​ល័យ​បាក់ទូក រាជធានីភ្នំពេញ ទើប​គ្រួសារ​មានជីវភាពប្រសើ​បន្តិច ព្រោះ​ម្តាយ​មាន​ការ​ងារ​ធ្វើ។​​ អំឡុង​ឆ្នាំ ២០១៥ យុវជន ហុង ភារិន បានប្រឡងជាប់អាហារូបករណ៍ ទៅសិក្សា​បរិញ្ញាបត្រ​ផ្នែក​អភិ​វឌ្ឍន៍​​ជនបទ នៅសាកល​វិទ្យា​ល័យ​​រ៉ាឆាផាត់​ឆៃយ៉ាភូមិ ក្នុងប្រទេសថៃ ដែល​បច្ចុប្បន្ន​ជា​និស្សិត ឆ្នាំ៤ ឆមាស​ទី១។
យុវជន ហុង ភារិន ត្រូវបានគេចាត់ទុកថា ជាយុវជនគំរូមួយរូប ដល់អ្នកសិក្សាដទៃទៀត ឲ្យ​មាន​​កា​រ​ប្រឹង​​ប្រែង មានភាពឆ្លាតវៃក្នុងការសិក្សារ ចេះស្វែងរកវិធីសាស្ត្រនានា ដើម្បី​ជាភាព​ងាយ​ស្រួល​ក្នុង​ការ​ចង​ចាំ។ ការទទួលជោគជ័យក្នុងកម្មវិធី «Supor 100» ក្នុងទូរទស្សន៍ថៃនេះ ជា​កិត្តិយស​មួយ​ចំពោះ​ប្រទេស​ជាតិ ដែលយុវជនខ្មែរ មានទេពកោសល្យអស្ចារ្យ បាន​បញ្ចេញ​សមត្ថ​ភាព​ឲ្យ​ពិភព​លោក​បាន​ឃើញ រហូតគណៈកម្មការក្នុងកម្មវិធី ហៅលោកថា «អច្ឆរិយៈ​កម្ពុជា»។

​ឯឧកញ៉ា ស្រី ចាន់ថន​ ក៏​បាន​ប្រកាស​ក្នុង​​បណ្តាញ​សង្គមខ្លួន​ថា៖ «កូនខ្មែរ​ពិត​ជា​អស្ចារ្យ! សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ ពិតជាអស្ចារ្យ រំភើប និង​មាន​មោទក​​ភាព​ណាស់​សម្រាប់​ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ ២២ ឆ្នាំ ដែល​កំពុង​បន្ត​ការសិក្សា​​នៅ​ប្រទេសថៃ បា​នចូ​ល​រួម​បង្ហាញ​សមត្ថ​ភាព​ពិសេស នៃការ​ធ្វើតេស្ត​សមត្ថភាព​នៃ​ការ​ចងចាំ​ក្នុងកម្មវិធី «Super100» របស់​ស្ថានីយ៍​​ទូរទស្សន៍​ថៃ​មួយ​ឈ្មោះ Workpoint Enterntainment។ ដើម្បី​​លើកទឹកចិត្តដល់រូបប្អូន ហុង ភារិន ផ្ទាល់ ខ្ញុំសូ​ម​ចូលរួម​ជួយ​ជាថវិកា​ជូន​ប្អូន​ចំនួន (៤លាន​រៀល)​ ផង​ដែរ​ សម្រាប់​ជួយ​សម្រួល​ដល់​ការសិក្សារបស់ប្អូនបន្តទៀត។ ប្រសិន​ជាប្អូន​បាន​​ទទួល​ព័ត៌​មាន​ពី​ខ្ញុំ​តាម​ facebook នេះ​ សូម​ប្អូន​ជួយ​ទំ​នាក់ទំនង ខ្ញុំតាម​រយៈ​លេខ 086 616 616 ដើម្បី​​ទទួលថវិកានេះ។ សូមអរគុណ!»។​

លោក ហុង ភារិន ក៏​ប្រកាសថ្ឡែង​អំណរគុណ​ដល់ស្រ្តី​ នៅ​បរទេស​អូស្រ្តាលី ដែល​ឧបត្ថម្ភ​ប្រាក់​ដល់​ខ្លួន​​ដែរ​ថា៖ «ខ្ញុំ​បាទ​ឈ្មោះ ហុង ភារិន ​សូមអរគុណចំពោះបងស្រី ​Sarina Lucky Luy ​និងស្វាមី​ ដែល​រស់​នៅ​​ប្រទេសអូស្រ្តាលី​ ព្រមទាំង​ប្រជា​ពល​​រដ្ឋ​ខ្មែរ​​ទាំងអស់ ​ដែលរស់នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ទាំង​អស់​ដែលបានចូលរួមលើកទឹកចិត្តដល់ខ្ញុំបាទនូវថវិកាចំនួន​1,360$ ហើយ​​ខ្ញុំ​​បាទក៏សូមអរគុណ នូវ​ទឹក​ចិត្ត​បងប្អូនខ្មែរទាំងអស់ ដែលបានគាំទ្ររូបខ្ញុំបាទផងដែរ។ ខ្ញុំបាទ​សូមជូនពរ បង​ស្រី និង​​ស្វាមី​​ព្រម​ទាំង​បងប្អូនខ្មែរទាំងអស់ឲ្យជួបតែសេចក្តីសុខនិងរកទទួលទានមានបានគ្រប់ៗគ្នា។សូមអរគុណ​»។​

ពិធីករ​លោក សាយ រតនៈ ក៏បានប្រកាសនៅក្នុងបណ្តាញសង្គមផងដែរថា៖ «សុំពឹងបងប្អូនជួយ Share​ ឲ្យ​ដំណឹង​​​នេះបានដល់ប្អូនប្រុស​ ហុង​ ភារិន​ ផង! នៅ​ពេលនេះ ​ខ្ញុំមិនដឹង​ថា​ប្អូន​ប្រុស​នៅ​ក្នុង​ប្រទេស ឬ ក្រៅ​ប្រទេស​ទេ​ ខ្ញុំចង់អញ្ជើញប្អូន​ឡើង​កម្មវិធីមួយនៃស្ថានីយ៍ទូរទស្សន៍​ CTN ដើម្បីអោយ​ប្អូន​​ជួយ​ចែក​រំលែកបទ​ពិសោធន៍​ល្អៗនៃការសិក្សារបស់ប្អូនជូនដល់មហាជនខ្មែរយេីង​ ជាពិសេស​ជូន​​​ដល់ប្អូនៗជា​និស្សិត​ និង​ សិស្សា​នុ​សិស្សទូទាំងប្រទេស​។ ជាមួយគ្នានេះ​ មាន​លោក​ឧកញ៉ា​ចិត្ត​សប្បុរស​​ម្នាក់​ លោក​​ចង់​ជួប និង​ជួយឧបត្ថម្ភថវិកា និង​​សម្ភារៈ​មួយ​ចំនួន​ធំជូនដល់ប្អូនប្រុសផងដែរ។ សូម​​ទាក់​ទងមកខ្ញុំបាទ​ 092967686 / 016802007​ សូ​ម​អរ​គុណ!»៕