កីឡា E-Sports កម្ពុជា រកឃើញ​ក្រុម​តំណាង​ជាតិ ទៅ​​ប្រកួត​​ស៊ីហ្គេម នៅ​ហ្វីលីពីន

33


(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) បានរកឃើញក្រុមតំណាងកម្ពុជា ដើម្បីបញ្ជូនទៅចូលរួម ប្រកួតស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីននាចុងឆ្នាំ២០១៩ នេះហើយ គឺក្រុម Helheim ដែលដណ្ដើមបានជើងឯកក្នុង កម្មវិធីប្រកួតជ្រើសរើសក្រុមជើងឯកកីឡា E-Sports តំណាងកម្ពុជាលើវិញ្ញាសា Mobile Legends ក្នុងដំណើរឆ្ពោះទៅស៊ីកាន់ការប្រកួតកីឡាស៊ីហ្គេម នៅផ្សារទំនើបអ៊ីអន-២ សែនសុខកាលពីយប់មិញ។

លោក ជា ច័ន្ទបូរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជាបានថ្លែងក្រោយពិធីបិទការប្រកួតថា លោកពិតជារំភើបរីករាយ ដែលដំណើរការប្រកួតបានបញ្ចប់ដោយជោគជ័យ ពិសេសមានក្រុមចូលរួមសរុប ១០០ក្រុម ដែលសរបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននៃវិស័យកីឡា E-Sports នៅកម្ពុជា។ តែអ្វីដែលលោករឹតតែសប្បាយចិត្ត គឺកីឡា E-Sports ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេមលើកដំបូង នៅហ្វីលីពីនចុងឆ្នាំនេះ។

ដូច្នេះក្រោយរកឃើញក្រុមជើងឯកក្នុងការប្រកួតខាងលើ សហព័ន្ធ និងគ្រួសារកីឡា E-Sports កម្ពុជាទាំងអស់បានប្រគល់ភារកិច្ចដ៏ធំនេះដល់ក្រុម Helheim ក្នុងការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ពិសេសលោកបានផ្ដាំផ្ញើដោយម៉ឺងម៉ាត់ ចំពោះក្រុម Helheim ថា «ត្រូវទៅយកមេដាយជូនកម្ពុជា គ្មានទេពាក្យថា ទៅយកបទពិសោធន៍…សហព័ន្ធកីឡាអេឡិចត្រូនិកអត់ត្រូវការពាក្យនេះដាច់ខាត»។ សំដីប្រធានសហព័ន្ធ។

លោកសង្កត់ធ្ងន់ថា «ការណ៍ខ្ញុំនិយាយបែបនេះ ក្នុងនាមជាមេទ័ព អត់ដែលប្រាប់កូនទាហានថា ខ្ញុំចាញ់ទេ។ ប៉ុន្ដែសហព័ន្ធកីឡាអេឡិចត្រូនិក លើវិញ្ញាសាផ្សេងៗ យើងទទួលបានចំណាត់ថ្នាក់ល្អៗ លេខ១-លេខ២ រហូត។ ឥឡូវនេះ ខ្ញុំមើលឃើញសក្ដានុពលកីឡាករយើង ហើយពួកគាត់ធ្លាប់សាកល្បងខ្លះៗដែរ ខ្ញុំជឿជាក់ថា ពួកយើងនឹងធ្វើបាន ហើយខ្ញុំមិនទទួលយកដាច់ខាតពាក្យថា ទៅយកបទពិសោធន៍ បើចាញ់ឲ្យដឹងយើងអន់ ហើយត្រូវទទួលស្គាល់ ហើយខំប្រឹង អត់ដោះសារទេ»

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា កម្មវិធីនេះមានក្រុមចុះឈ្មោះសរុប ១០០ក្រុមមកពី ២៥រាជធានី-ខេត្ត។ ការប្រកួតជម្រុះ បានធ្វើតាមប្រព័ន្ធ Online កាលពីថ្ងៃទី២៥-២៦ ខែសីហា មុនរកឃើញ ១៦ក្រុម ឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៨-២៩ ខែសីហា រហូតរកឃើញក្រុមជើងឯក គឺក្រុម Helheim ដែលបានផ្ដួល ក្រុម Man Version Pro ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីគ្រងជើងឯក អមដោយប្រាក់រង្វាន់ ៥លានរៀល ពិសេសបានក្លាយជា ក្រុមតំណាងជាតិ ទៅប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីន នាចុងឆ្នាំ២០១៩៕