រួមគ្នាទប់ស្កាត់ការបាក់ច្រាំងទន្លេ នៅខេត្តត្បូងឃ្មុំ

74


(ត្បូងឃ្មុំ)៖ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោក គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បើទោះបីកំពុងមានបញ្ហាសុខភាពក៏ដោយនោះ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះទៅត្រួតពិនិត្យ និងចាត់វិធានការទប់ស្កាត់ការបាក់ច្រាំងទន្លេស្ថិតនៅភូមិកំពង់ឬស្សី ឃុំជីរោទ៍១ ស្រុក/ខេត្តត្បូងឃ្មុំ ប្រវែងប្រមាណ១០០ម៉ែត្រ។ ការបាក់ច្រាំងនេះ កំពុងបង្កការគំរាមកំហែងដល់ លំនៅឋានរបស់ប្រជាពលរដ្ឋ និងអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវបេតុងតាមមាត់ទន្លេនោះផងដែរ។

ក្នុងដំណើរចុះពិនិត្យ និងចាត់វិធានដោះស្រាយការបាក់ច្រាំងនេះ ក៏មានការអញ្ជើញចូលរួមពីលោកលោក ឡាំ ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ និងលោក ជៀម ចន្ទសោភណ្ឌ អភិបាលខេត្ត ត្បូងឃ្មុំ។

ដេីម្បីបញ្ចៀសបានផលប៉ះពាល់ពីការបាក់ច្រាំងនេះ ក្រោមការចង្អុលបង្ហាញពីឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេ្តត្បូងឃ្មុំ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទូចសុំឱ្យក្រសួងធនធានទឹកចាត់តាំងមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ ចុះរៀបបាវ (Geotextile Bag) ទប់ច្រាំងការពារកុំឱ្យបាក់បន្ត។

ក្នុងពេលចុះពិនិត្យដោយផ្ទាល់នៅកន្លែងរៀបចំបាវខ្សាច់នៅថ្ងៃនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឱ្យ អាជ្ញាធរមូលដ្ឋាន ចាត់តាំងកម្លាំងប្រជាការពារឱ្យចូលរួមជាមួយមន្ត្រីធនធានទឹក ដេីម្បីពន្លឿនការបូមខ្សាច់ ច្រកបាវឱ្យបានឆាប់កុំឱ្យមានការបាក់ច្រាំងបន្តទៀត។

ក្នុងចុះពិនិត្យការទប់ស្កាត់ការបាក់ច្រាំងនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានលេីកសសេីរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីជំនាញដែលបានខិតខំបំពេញការងារទាំងភ្លៀងដោយមិនគិតពីសុខភាពផ្ទាល់ខ្លួន៕

(ប្រភព Fresh News)