យ៉ុ​ង ចាន់​កន្និកា ទទួល​បាន​ការ​​សុំ​ទោសពី​បុរស​រិះគន់​តាមហ្វេសប៊ុក​​ ក្រោយ​​ពី​ស្វាមី​នាង​​ព្រមាន

192


ភ្នំពេញៈ ទី​បំផុត​​បុរស​ម្នាក់​ដែល​បាន​ប្រើប្រាស់​ពាក្យពេចន៍​អសុរ​សរិះគន់​​ក្នុង​ពេល​​​កំពុង​តែ​ធ្វើការ​ឡាយ​ផ្ទាល់​​​លក់​ផលិតផលរក្សាសម្រស់​​ជា​ទម្លាប់​របស់​អតីត​តារាចម្រៀង​អ្នក​នាង យ៉ុ​ង ចាន់​កន្និកា នោះ​បាន​យល់​​ព្រម​ចេញ​មុខ​សុំ​ទោស​ជា​សាធា​រណៈ​​ហើយ ក្រោយ​ពី​មាន​ការ​ព្រមាន​ពី​សំណាក់​ស្វាមី​របស់​នាង​មកនោះ​។

ការ​ចេញ​មក​សុំ​ទោស​ពី​បុរស​រូប​នេះ ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ស្វាមី​របស់​អ្នក​នាង យ៉ុ​ង ចាន់​កន្និកា បាន​ធ្វើ​ការ​​ព្រមាន​ជា​សាធារណៈ​មួយ​ទៅ​កាន់​បុរស​​នេះ ជុំវិញ​ការ​ជេ​រ​ប្រមាថ​ខាងលើ​​ មុន​ពេល​​ដែល​លោក​ចាត់​វិធានការ​តាម​ផ្លូវច្បាប់។
ស្វាមី​​របស់​អ្នក​នាង យ៉ុ​ង ចាន់​កន្និកា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​មន្ត្រី​ប៉ូលិស​ថ្នាក់​​ឧត្តមសេនីយ៍​មួយ​រូប​​ នៅ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ប្រកាស​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​​ទៅ​កាន់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​បុរស​​ម្នាក់​មានឈ្មោះ​ថា sokvuthy chean ឲ្យ​ចេញ​មុខ​សុំ​ទោស​ភរិយា​របស់​លោក​ក្នុង​អំឡុង​រយៈពេល​៣​ ​ថ្ងៃ ជុំវិញ​ការ​ប្រើប្រាស់​ពាក្យពេចន៍​ប្រមាថ​មួយ​នេះ។

បន្ទាប់​ពី​បានឃើញ​សារ​ព្រមាន​ពី​ស្វាមី​របស់​អ្នក​នាង យ៉ុ​ង ចាន់​កន្និកា នោះ​ ​បុរស​ជា​ម្ចាស់ហ្វេសប៊ុក​​ខាង​លើ​នេះ បាន​យល់ព្រម​ចេញ​មុខ​មក​សុំ​ទោស​ទៅ​កាន់​អតីត​តារាចម្រៀង​រូប​នេះ ឆ្លើយ​តប​ទៅ​តាម​ការ​​ចង់បាន​ពី​ស្វាមី​របស់​នាងភ្លាមៗ​ផង​ដែរ​។
​បុរសជា​ម្ចាស់ហ្វេសប៊ុក​​​នោះ បាន​សរសេរ​សារ​សុំ​ទោស​ជា​សាធារណៈ​ថា ៖ «ជូន​ដល់​បងស្រី យ៉ុ​ង ចាន់​កន្និកា និងបង chan chamnan (​ស្វាមី​) ដោយ​យោង​តាម​​​សារ​លើ​ហ្វេ​ស​ប៊ុក​ផេ​ករ​បស់បង ដោយ​ប្រើ​ពាក្យអសុរស​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​ភាព​ថ្លៃថ្នូរ​របស់​បង​នោះ​ឱ្យ​ប្អូនសុំ​អភ័យទោស​យ៉ាង​ជ្រាលជ្រៅ​អស់ពី​ចិត្ត ដោយហេតុ​ហួសវិស័យ​ដែល​ប្អូន​ធ្វេសប្រហែស បណ្តាល​​ឱ្យ​ជន​អាណា​មិ​ក​ចូល​មក​ធ្វើ​ប្រតិបត្តិកា​ផ្តេសផ្តាស​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​បង​ទាំង​ពីរ ហើយ​ប្អូន​ទើបនឹង​បានដឹង​ពេល​ឃើញ​បង​បង្ហោះ​សារ​នឹង​ឯង ។ ដោយ​យោង​តាម​កម្មវត្ថុ​ខាងលើ សូម​បង​មេត្តា​អភ័យទោស​ដោយ​អនុគ្រោះ ប្អូន​សង្ឃឹមថា​បង​ទាំង​ពីរ​នឹង​យល់ ហើយ​អធ្យាស្រ័យ​ដល់​ប្អូន»។

ក្រោយ​ឃើញ​សារ​សុំ​ទោស​ពី​បុរស​ខាងលើ​នេះ ស្វាមី​របស់​អ្នក​នាង យ៉ុ​ង ចាន់​កន្និកា ក៏​បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​វិញ​ថា ៖ «មិន​ថា​ហេតុផល​បែប​ណា តែ​បងប្រុស​គាត់​បាន​ទទួលខុសត្រូវ​ខ្ពស់។ ខ្ញុំ​នឹង​បញ្ចប់រឿង​នេះ ហើយ​ក៏​សូម​អរគុណ បងប្អូន មិត្ត​ភ័ក្ក​ទាំងអស់ ​ដែល​បាន​ចុច like and comment ចូល​ក្នុង​​ការ​ផុស​​​ក្នុង​អា​ខោ​ន​ហ្វេ​ស​បុក​របស់ខ្ញុំ ទាំង​ការ​គាំទ្រ និង​ការ​រិ​:​គន់​ក្នុង​ន័យ​ស្ថាបនា»។
ឯ​អតីត​តារាចម្រៀង​អ្នក​នាង យ៉ុ​ង ចាន់​កន្និកា វិញ ក៏​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ផង​ដែរ​ថា ៖«អគុណ​បងប្រុស​សម្រាប់​ការ​សុំ​ទោស​ជា​សាធារណៈ អរគុណ​បង សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​សម្រាប់​អា​ខោ​ន​ផ្ទាល់ខ្លួន កុំឱ្យ​មាន​បញ្ហា​ត្រូវ​គេ​ហេ​ក​ដូច​បងប្រុស​ទៀត»។

ជា​ការ​កត់សម្គាល់​នោះ​ មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​អ​តី​តារាចម្រៀង និង​ជា​ម្ចាស់​បទ «​វាចា​ស្រី​ឡង់សេ​» អ្នក​នាង យ៉ុ​ង ចាន់​កន្និកា ត្រូវ​បាន​ទទួល​រង​នូវ​ការ​ជេរ​ប្រមាថ​បែប​នេះ ពោល​កន្លង​មក​នាង​ក៏​ធ្លាប់​ទទួល​ការ​រិះគន់​ផង​ដែរ ជុំវិញ​ការ Live លក់​ផលិតផល ដែល​មហាជន​ទាំងនោះ​យល់​ថា មានការ​ស្លៀកពាក់​មិន​សមរម្យ៕​