ក្រសួងទេសចរណ៍ថាភ្ញៀវទេសចរកើនឡើង តែអ្នកទិញសំបុត្រចូលមើលអង្គរមានការធ្លាក់ចុះជាងឆ្នាំមុន សណ្ឋាគារមួយចំនួននៅខេត្តសៀមរាបចាប់ផ្តើមបិទទ្វារ….

73


​(​រាជធានី​ភ្នំពេញ​)៖ យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​ដែល​ជា​អ្នកលក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​បានអោយ​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​ទិញ​សំបុត្រ​ទស្សនា​បាន​ធ្លាក់​ចុះ​តាំងពី​ខែមក​រា ដើមឆ្នាំ​២០១៩ រហូត​មក​ដល់​ប​ច្ចុ​ប្ប​ន្នេះ ដែល​បណ្តាល​អោយ​អ្នក​ប្រតិបត្តិ​វិស័យ​ទេសចរណ៍​មួយ​ចំនួន​ខាតបង់​ចំណូល ជាក់ស្ដែង​សណ្ឋាគារ​មួយ​ចំនួន នៅ​ក្នុង​ខេត្តសៀមរាប​បាន​បិទ និង​ផ្អាក​អាជីវកម្ម ដោយសារ​តែ​មិន​មាន​ភ្ញៀវ​ចូល​ស្នាក់​នៅ ធ្វើ​ឱ្យ​ចំណូល​ធ្លាក់​ចុះ មិន​អាច​ទប់ទល់​បាន​តទៅ​ទៀត ។

បើ​តាម​យោង​តាម ការ​ផ្សព្វផ្សាយ​របស់​បណ្ដា​សណ្ឋាគារ​មួយ​ចំនួន នៅ​ខេត្តសៀមរាប ឃើញ​ថា​តម្លៃ​សណ្ឋាគារ​បាន​ធ្លាក់​ចុះ​មក​នៅ​ទាប ហើយ​គោលដៅ​សម្រាប់​ភ្ញៀវ​ក្នុងស្រុក ជាក់ស្ដែង​សណ្ឋាគារ​ផ្កាយ​៣​និង​ផ្កាយ​៤​មាន​តម្លៃ​ប្រមាណ​តែ​២០​ទៅ​៣០​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​យប់ ដោយ​រក្សា​សេវាកម្ម​របស់​ខ្លួន​នៅ​ដដែល ។

​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ មិន​អាច​ទាក់ទង​បាន​ទេ នៅ​ថ្ងៃ​ទី​០៤ កញ្ញា​នេះ ដោយសារ​លោក​ជាប់​ធុរកិច្ច​នៅ​ក្រៅប្រទេស ។ ​យ៉ាងណា​ក៏​ដោយ​បើ​តាម​ស្ថិត​របស់​ក្រសួងទេសចរណ៍ ក្នុង​រយៈ​ពាក់កណ្ដាល​ឆ្នាំ ២០១៩ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់​កម្ពុជា មាន​ចំនួន ៣,៣​លាន​នាក់ ហើយ​អះអាង​ថា​កើនឡើង ប្រមាណ​១១,២​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨​កន្លង​ទៅ តែបើ​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​ដែល​ជា​អ្នក​ទទួល​លក់​សំបុត្រ​ជូន​ភ្ញៀវ​បរទេស​ទស្សនា​រមណីយដ្ឋាន​អង្គរ​បានអោយ​ដឹង​ថា​រយៈពេល​៨​ខែ​ដើមឆ្នាំ ២០១៩​នេះ ភ្ញៀវ​ទេសចរ​បរទេស​ទិញ​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​ធ្លាក់​ចុះ​ប្រមាណ​១១,០៥​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៨ ៕