​ក្រសួង​ការងារ អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ទាំងអស់ ឈប់សម្រាក ​៤​ថ្ងៃ ដោយមាន​ប្រាក់​ឈ្នួល ក្នុងថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​

155


ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​៥ ​ខែកញ្ញា បានចេញ​សេចក្តីជូនដំណឹងពីថ្ងៃ​ឈប់​បុណ្យ​ភ្ជុំបិណ្ឌ​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជម្រាប​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​​ដែល​ស្ថិតក្នុង​ដែន​អនុវត្ត នៃ​ច្បាប់​ស្តីពី​ការងារ​បាន​ជ្រាបថា យោងតាម​ច្បាប់​ស្តីពី​ការងារ និង​ប្រកាស​របស់​ក្រសួង​​លេខ​៤៧៨​ក​.​ប​/​ប្រ​.​ក​.​អ​.​ឆ​.​ក ចុះ​ថ្ងៃ​អង្គារ ៧​កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ ស្តីពី​ការឈប់​បុណ្យ ដែលមាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​២០១៩ និង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​បងប្អូន​​កម្មករ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌខាងមុខនេះ សូម​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ អនុវត្ត​ដូចតទៅ​ ៖

១. អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ទាំងអស់​របស់ខ្លួន ឈប់សម្រាក ដោយមាន​ប្រាក់​ឈ្នួល នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​
​ខាងមុខនេះ ក្នុងអំឡុងពេល​បួន​ថ្ងៃ គឺ​ថ្ងៃទី ២៧-២៨-២៩ និង​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ ជំនួស​ឱ្យ​ថ្ងៃទី​២៩ ដែល​​ត្រូវចំ​ថ្ងៃអាទិត្យ​ ។​

២. ខិតខំ​រៀបចំ​បើកប្រាក់​ឈ្នួល ជូន​កម្មករនិយោជិត​លើក​ទី​២ ឱ្យ​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។ បើ​ពុំមាន​លទ្ធភាព​បើក​​ប្រាក់​ឈ្នួល​ទាន់ពេល​ទេ សូម​អនុញ្ញាតឱ្យ​កម្មករនិយោជិត ទទួល​ប្រាក់​បុរេប្រទាន យ៉ាងតិច​៥០% (​ហាសិប​ភាគរយ​) មុន​​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​សេចក្តីសង្ឃឹម យ៉ាង​ជឿជាក់ថា លោក លោកស្រី ដែលជា​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ប្រាកដជា​អនុវត្តន៍ តាម​សេចក្តីជូនដំណឹង​នេះ បានល្អ​ត្រឹមត្រូវ​ជាពុំខាន៕