ក្រុម​ហ៊ុម7NG រៀបចំ​​តាំង​ពិព័រណ៍គោ ការដេញថ្លៃគោ និង​ទី​ផ្សារ​​សត្វ​កម្ពុជា​លើក​ទី៣​នៅ​វិហារ​​សួគ៌​

86


ខេត្ត​កណ្តាលៈ ​​ព្រឹត្តិការតាំងពិព័រណ៍គោ​កម្ពុជា​លើក​ដំបូងគេ នេះ​គឺធ្លាប់ត្រូវ​បានប្រព្រឹត្ត​ឡើង​ចំនួន​ពីរ​ដង​​រួច​មក​ហើយ​​នៅលើទឹកដី​អរិយក្សត្រ​​ដែលដឹកនាំ​ដោយលោកប្រធាន​សមាគម​បង្កាត់​ពូជ​គោ​ប្រា​ម៉ាន់​​កម្ពុជា​កាល​ពីឆ្នាំ២០១០​ និង២០១១​ កន្លងទៅ​ តាមរយៈ​កិច្ចសហការ​រវាង​សមាគម​បង្កាត់ពូជ​គោប្រាម៉ាន់​​កម្ពុជា​ ក្រុមហ៊ុន 7NG (Cambodia ) Co,.ltd និង​គម្រោង i-Capitalivestock របស់​កម្មវិធី i-Group បាន​កំពុងរៀបចំ​បង្កើត​ឲ្យ​មានជា​​ព្រឹត្តិ​ការ​តាំង​ពិព័រណ៍គោ ការដេញថ្លៃគោ និង​ផ្សារ​សត្វ​កម្ពុជា​លើកទី៣ នៅក្នុង​ឆ្នាំ​នេះ​។

លោក សួស ថានិត ដែល​ជា​អ្នក​គ្រប់គ្រងនៃ​​​គម្រោង i-Capitalivestock របស់កម្មវិធី i-Group បាន​ឲ្យ​ដឹង​​ពី​ការ​រៀបចំ​​ព្រឹត្តិការណ៍​នេះ​ថា៖ « ការបង្កើត​ឲ្យ​មានព្រឹត្តិការណ៍តាំងពិព័រណ៍គោ​កម្ពុជាលើកនេះ​ ចង់​​ចូលរួម​ចំណែក​ជាមួយ​ក្រសួង​កសិកម្ម​ និង​រាជរដ្ឋាភិបាល ​គឺក្នុងគោលបំណង​ផ្តោតការយកចិត្តទុក​ដាក់​យ៉ាងសំខាន់ៗ​ ដូចជា​ ថែរក្សា​ការពារ ​លើកកម្ពស់​ពូជគោ​ក្នុងស្រុក ​ក៏ដូចជាការចិញ្ចឹមសត្វ​ និង​ការ​បង្ក​បង្កើន​ផល​កសិកម្ម ដែល​មាន​តាំង​ពីបរម​បុរាណ​​មកឲ្យ​មាន​តម្លៃ ​បង្ហាញនូវ​ពូជគោសាច់​ និង​គោ​ទឹក​ដោះ ​ដែល​នាំ​ចូល​​ពីបរទេស​ល្បីៗ​ មានដូចជា​​ពូជគោ​ក្នុងស្រុក ​ពូជគោប្រាម៉ាន់នាំ​មក​ពី​ប្រទេស​អាមេរិក និង​អូ​ស្រ្តាលី​ ឬ​​ពូជសត្វ​គោ ហូស្តេន​ប៊ីហ្វាម៉ស្ទ័រ (HoteinBeefa master) ​​មក​​ពី​​​​តំបន់​​ឥណ្ឌូ-ប្រេ​ស៊ីល​ ជាដើម​»។ ​

​លោក​ សួស ថានិត បាន​បន្ត​ថា៖«​ យើង​ក៏​បញ្ជ្រាបនូវ​បច្ចេកទេស​ និង​វិធីសាស្រ្តថ្មីៗ​​នៃ​ការចិញ្ចឹមគោ​ឲ្យ​ទទួល​​បានជោគជ័យ ដើម្បី​ស្តារ និង​លើកកម្ពស់នៃ​​កម្រិត​ជីវភាព​ប្រជា​កសិករ​ ដែលប្រកបរបរ​ចិញ្ចឹម​សត្វ​​ជា​លក្ខណៈគ្រួសារ​ឲ្យ​មាន​ជីវភាព​ធូរធារផង​ដែរ​។ ​ជាពិសេស ផ្តោតលើក​សុខភាពប្រើប្រាស់​កសិ​ផល​​កសិ​​កម្ម​តែ​ម្តង​។​​ ព្រឹត្តិការណ៍នេះ​នឹងត្រូវបានរៀបចំឡើង​ក្នុងទិសដៅប្រមូលផ្តុំ​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម​ និង​ដាំ​ប​ន្លែ ផ្លែ​ឈើ ​សុវត្ថិភាព​ទាំងអស់ ​មកបង្ហាញ​ដេញថ្លៃ ​និងចែករំលែក​បទពិសោធន៍​បច្ចេក​​ទេស​​ផ្សេងៗ​នៅ​ក្នុង​វិស័យ​កសិកម្ម ដើម្បីឲ្យ​មាន​ភាព​ជឿនលឿន​ ដូចជា​ប្រទេសជិតខាង​»។​
ចំពោះ​រៀបចំ​​ដាក់បង្ហាញនេះ ក៏​នឹង​ជា​ផ្តល់ឱកាសឲ្យ​មានទី​ផ្សារសត្វចិញ្ចឹម និង​កសិ​ផល​ សុវត្ថិ​ភាព​កម្ពុជា​ផ្សេងៗ​ ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមិនធ្លាប់មានពីមុខមក។

​អ្នក​គ្រប់គ្រងនៃ​​​គម្រោង i-Capitalivestock របស់កម្មវិធី i-Group លោក​ សួស ថានិត​ បាន​បង្ហើប​ឲ្យ​ដឹង​ថា៖ «​ជា​ការ​ពិត​នោះ សម្រាប់​ពូជ​គោ​ យើង​មាន​បង្ហាញ​ជូន​ដល់​ប្រជា​កសិករ​នូវ​ប្រភេទ​សត្វ​គោ​បី​សណ្ឋាន​ធំៗ​គឺ​ទី​១ ពូជគោ​ប្រាម៉ាន់ ដែល​នាំ​មក​ពី​ប្រទេស​អាមេរិក និង​អូស្រ្តាលី (ពូជគោបា និង​គោ​សាច់​) ទី​២​ ជា​ប្រភេទ​គោ​ចិញ្ចឹម​យក​ទឹក​ដោះ​ ដែល​មេ​គោ​មួយ​អាច​ផ្តល់​ទឹក​ដោះ​​​បាន​ចំណុះ​ដល់​ទៅ​២៥ លីត្រ ក្នុង​មួយ​ថ្ងៃ​ និង​ទី​៣​ប្រភេទ​គោ​ចិញ្ចឹមសម្រាប់​កាប់សាច់​ ដែ​ល​មាន​ប្រើ​បច្ចេក​ទេស​ចិញ្ចឹម​​រយៈ​ពេល ​៤ ខែ ​គោ​មួយ​ក្បាល​អាច​មាន​ទម្ងន់​ជាង ​១០០ គីឡូក្រាម​ បានបើ​ប្រៀប​នឹង​វិធី​ចិញ្ចឹម​​តាម​របៀប​បុរាណ​នោះ គឺ​គោមួយ​ក្បាល​អាច​មាន​ទម្ងន់​ចន្លោះតែ​ ​៥០-៦០ គីឡូក្រាម ប៉ុណ្ណោះ នៃរយៈ​ពេល​៤​ខែ​ដូចគ្នា។ ខណៈ​​តម្លៃ​ខ្លួន​សត្វគោ​ ប្រភេទ​ប្រាម៉ាន់ ​វិញ​ ១​ ក្បាល អាច​លក់​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី​២៥​០០ ដុល្លារ ​​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ ផង​ដែរគឺ​អាស្រ័យ​ទៅ​លើ​ភិន​ភាគ​នៃ​រូប​រាង​មាឌ ឆ្អឹង និង​សាច់ឈាម​របស់​​វា​តែ​ម្តង​»។​

ប្រជាកសិករ​ មកពី​កសិដ្ឋាន និង​គ្រួសារ​ពលរដ្ឋ​ចិញ្ចឹម​សត្វ​គោ​ចំនួន​ ៧ រស់​នៅ​តាម​តំបន់​ស្រុកនានា​នៅ​ក្នុង​ខេត្ត​កណ្តាល និង​ខេត្ត​កំពង់​​ចាម​ ​បាន​នាំ​យកពូជគោបី​សណ្ឋាន ដែល​មាន​ប្រមាណ​ជាង ១០០ ក្បាល មក​ប្រារព្ធ​ព្រឹត្តិ​ការ​តាំង​ពិព័រណ៍គោ ការដេញថ្លៃគោ និង​ទី​ផ្សារ​​សត្វ​កម្ពុជា​លើក​ទី៣ ប្រចាំ​ឆ្នាំ​២០១៩​ នៅ​តំបន់​អភិ​វឌ្ឍន៍ ​7NG នៅឯ​ភូមិ​វិហារសួគ៌ ឃុំវិហារសួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល កាលពី​ចុង​សប្តាហ៍ថ្ងៃ​ទី ​៧-៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ​កន្លងមក​។