តើគួរទិញកង់ប្រភេទណា សម្រាប់ជិះហាត់ប្រាណ?

47


ការជិះកង់មិនត្រឹមតែជួយការពារបរិស្ថាន និង សន្សំសំចៃចំណាយលើសាំងប៉ុណ្ណោះទេ វាក៏ជួយដល់សុខភាពយ៉ាងច្រើន ទៅដល់អ្នកដែលចូលចិត្តកីឡា​ប្រភេទនេះផងដែរ។ ដោយមើលឃើញពីការនិយមរបស់បងប្អូន ក្នុងការប្រើប្រាស់កង់ជាមធ្យោបាយ សម្រាប់ហាត់ប្រាណ និង ជិះកម្សាន្ត។ ថ្ងៃនេះ Khmer4141 សូមចែករំលែកនូវ ចំនុចគួរយល់ដឹងមួយចំនួន ក្នុងការជ្រើសរើស ប្រភេទកង់ ដែលសាកសម នឹង តំរូវការរបស់បងប្អូនទាំងអស់គ្នា។

១. កង់ភ្នំ (Mountain Bike)

កង់ភ្នំជាប្រភេទកង់ដែលពេញនិយម សំរាប់អ្នកដែលចូលចិត្តជិះលើផ្លូវដី មានឧបសគ្គ ដូចជាផ្លូវលំ ស្រុកស្រែចំការ ឡើងឬចុះទួលជាដើម។ វាមានសំបកង់ធំជាងកង់ធម្មតា និង មាននូវបូម (Suspension) ដែលអាចសំរួលដល់ការជិះផ្លូវរលាក់ផងដែរ។

ជាទូទៅ កង់ដែលមានបូម ២ ទាំងមុខនិងក្រោយ (Full Suspension) គឺមានតម្លៃថ្លៃជាង កង់ដែលមានតែបូម១ ខាងមុខ (Hardtail) ។

២. កង់គួក ឬ  Road Bike

Road Bike ឬកង់គួក ជាប្រភេទកង់ដែលមានទំងន់ស្រាល និង មាននូវដៃកង់ រាងអោនទៅមុន (Drop Bar) ដែលអាចកាត់បន្ថយនូវការបាំងខ្ទប់នូវខ្យល់បានច្រើន។ វាសាកសមចំពោះអ្នកដែលចូលចិត្តនូវល្បឿនលឿន សម្រាប់ការប្រណាំង និងអាចជិះទៅកាន់ផ្លូវឆ្ងាយៗបាន។

៣. កង់សម្រាប់ជិះក្នុងទីក្រុង (City Bike)

កង់ប្រភេទនេះគឺថាពេញនិយមខ្លាំងណាស់ ក្នុងប្រទេសយើង ព្រោះថាវាមានតម្លៃទាប និងមានភាពងាយស្រួលសម្រាប់ស្រ្តីក្នុងការជិះ។ វាជាប្រភេទកង់សម្រាប់ជិះទៅកាន់ទីជិតៗដូចជា ទៅផ្សារ សាលារៀន  ឬទៅធ្វើការជាដើម។ អ្នកក៏អាចជិះកង់នេះសម្រាប់ហាត់ប្រាណឬជិះកម្សាន្តក្នុងទីក្រុងក៏បានដែរ។

អត្ថបទដោយ៖ ផាន់ណា