អបអរសាទរ! ទីបំផុត ប្អូនប្រុស ទុយ សុខដុង ដែលពិការដៃ ជើង បានប្រឡងជាប់ហើយ

21


បងប្អូនជាច្រើន ប្រាកដជាបានជ្រាបហើយថា បេក្ខជនប្រឡងបាក់ឌុប ដែលមានពិការទាំងដៃ និងជើង ផងនោះ  ឈ្មោះ  ទុយ សុខដុង ក៏បានប្រឡងជាប់ ហើយក៏ទទួលបាននិទ្ទេស D ទៀតផង។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ ចំពោះប្អូនប្រុស​ដែលខំប្រឹងប្រែង ប្រឡងរហូតទទួលបានពិន្ទុ និងនិទ្ទេសល្អ ព្រមជាមួយពាក្យជូនពរប្អូនប្រុស ឲ្យជួបតែសេចក្តីសុខ និងសម្រេចតាមក្តីស្រមៃ។

ដោយឡែក​នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួង អប់រំ ក៏បានបង្ហោះសារថា “ចូលរួមអបអរសាទរបេក្ខជន ទុយ សុខដុង ដែលបានខិតខំប្រឹងប្រែងតស៊ូ រហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩។ សូមជម្រាបថា បេក្ខជន ទុយ សុខដុង បានប្រឡងនៅមណ្ឌលបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ខេត្តកំពង់ធំ”។

យ៉ាងណាមិញ ក៏មានតែពាក្យជូនពរ ដល់ប្អូនប្រុស​ដែលបានប្រឡងជាប់ និងជូនពរឲ្យប្អូនប្រុស សម្រេចតាមក្តីស្រមៃ ដែលខ្លួនបានប៉ង និងឈោងចាប់យកនៅថ្ងៃអនាគត ។​ គួរបញ្ជាក់ផងដែរថា​ សិស្សានុសិស្ស ៧៩,០៥២នាក់ ឬស្មើ ៦៨.៦២ភាគរយ បានទទួលជោគជ័យ។ នៅក្នុងនោះមានសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន ២៤៣០នាក់, ជាប់និទ្ទេស C ចំនួន ៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤,១០០នាក់ និងនិទ្ទេស E ចំនួន ៥៦,២៣២នាក់៕

ប្រភព៖ MoEYS Cambodia