បុគ្គលិកក្រុមហ៊ុន Alibaba មកជូនដំណើរ លោក Jack Ma ជាលើកចុងក្រោយ ក្រោយគាត់សម្រេចចិត្តលាឈប់ពីការងាររបស់ខ្លួន

79


ទីបំផុតទៅលោក Jack Ma ប្រធានក្រុមហ៊ុន Alibaba បានសម្រេចលាឈប់ពីការងារហើយ កាលពីថ្ងៃទី ១០ ខែ កញ្ញា កន្លងទៅនេះ។ នៅថ្ងៃចុងក្រោយនៃការបង្ហាញខ្លួនរបស់គាត់នៅឯក្រុមហ៊ុនគេបានកត់សម្គាល់ឃើញថា មានបុគ្គលិកគ្រប់ផ្នែកគ្រប់ជាន់ថ្នាក់បានប្រមូលគ្នាយ៉ាងកកកុញនៅបរិវេណខាងក្រៅអាគារក្រុមហ៊ុន ដើម្បីជូនដំណើរ និងនិយាយពាក្យលាទៅកាន់លោក Jack Ma ក្នុងបរិយាកាសយ៉ាងរីករាយ។

លោក Jack Ma ដែលជាអតីតគ្រូបង្រៀនភាសាអង់គ្លេសបានបង្កើតក្រុមហ៊ុន Alibaba ​នៅក្នុងឆ្នាំ ១៩៩៩​ និងបានអភិវឌ្ឍន៍ក្រុមហ៊ុនមួយនេះឲ្យទទួលបានជោគជ័យបំផុតពោលនៅពេលបច្ចុប្បន្ននេះក្រុមហ៊ុន Alibaba មានតម្លៃសរុបរហូតដល់ ៤៨០ ពាន់លានដុល្លារអាមេរិក។ ក្រៅតែពីបានផ្តល់ភាពរីកចម្រើនដល់ក្រុមហ៊ុន​ លោក Jack Ma ក៏បានអភិវឌ្ឍន៍ខ្លួនពីគ្រូបង្រៀនក្លាយទៅជាមហាសេដ្ឋីលំដាប់កំពូលនៅក្នុងប្រទេសចិនជាមួយនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបចំនួន ៤១,៨ ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ជូនថា លោក Jack Ma បានដើរចេញពីក្រុមហ៊ុន Alibaba នៅក្នុងវ័យ ៥៥ ឆ្នាំ និងនៅក្នុងឆ្នាំដែលក្រុមហ៊ុនត្រូវប្រារព្ធខួបទី ២០ នៃការបង្កើតក្រុមហ៊ុនផងដែរ ​ហើយបរិច្ឆេទនៃការលាឈប់ពីការងារនេះត្រូវបានលោកប្រកាសតាំងពីឆ្នាំមុនមកម្លះ។ អ្នកដែលត្រូវស្នងតំណែងពីលោក Jack Ma គឺលោក Daniel Zhang ដែលត្រូវបានគេតែងតាំងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនកាលពីឆ្នាំ ២០១៥។

ឆ្លើយតបទៅនឹងក្រុមអ្នកសារព័ត៌មានដែលសួរអំពីការងារបន្ទាប់ក្រោយដើរចេញពីក្រុមហ៊ុន លោក Jack Ma បានឲ្យដឹងថា គាត់ចង់ត្រលប់ទៅកាន់វិស័យអប់រំវិញតែមិនទាន់ដឹងច្បាស់ថាផ្នែកអ្វីឲ្យប្រាកដនោះទេ។ គេរំពឹងថា លោក Jack Ma ប្រហែលជាចង់ត្រលប់ទៅធ្វើជាគ្រូបង្រៀនវិញតែមិនមែនបង្រៀនផ្នែកភាសាអង់គ្លេសដូចកាលពីមុនឡើយ ពោលអាចជាផ្នែកធ្វើអាជីវកម្ម ឬភាពជាអ្នកដឹកនាំជាដើម៕

ប្រភព Khmernote