តារា​ស្រី​ពន្លកថ្មី​​កូន​កាត់​ខ្មែរ-ភូមា កញ្ញា ឡេ ឆៃលីម ប្រាថ្នា​ចង់​បាន​ទីផ្សារ​សិល្បៈខ្ពស់

59


ភ្នំពេញៈ តារា​សម្ដែងវ័យ ២០ ឆ្នាំ ដែល​ជា​ពន្លក​​​សិល្បៈ​ថ្មី​ និង​ជា​តារា​​កូនកាត់ខ្មែរ-ភូមា កញ្ញា ឡេ ឆៃលីម ហៅ ស៊ីងស៊ីង ហាក់ទទួលបានឱកាស លេចមុខ​មាត់ខ្លាំងក្លា​តែម្ដង ដោយសារតែ​ក្រៅពី​មាន​រូប​សម្រស់​ស្រស់សោភា ​ជានារីកូនកាត់នោះ នាងក៏មាន​សមត្ថភាពខ្ពស់​ ខុសឆ្ងាយ​ពីអ្នកសិល្បៈមួយ​ចំនួន ខណៈ​នាង​ទើបតែ​បាន​ប្រឡូកសិល្បៈតែក្នុងរយៈពេលខ្លីក្តី តែនាង​ប្រកាស​ថា មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​តារា​ល្បី និង​មាន​ទី​ផ្សារ​សិល្បៈ​ខ្ពស់ ក្រោយពីមានការគាំទ្រច្រើនជា​ហូរ​ហែ​មក​។

​ស្រីស្រស់ ឡេ ឆៃលីម បាន​បញ្ជាក់ថា ខ្លួន​ត្រូវបានផលិតករហៅសម្ដែងភ្លាម បន្ទាប់ពីបាន​ឃើញ​រូប​សម្រស់ ហើយ​​​ក៏បានផ្ដល់ឱកាស​​ឲ្យសម្ដែងបន្តបន្ទាប់​ទៀត ក្រោយពីនាងទើបចូលសិល្បៈក៏ពិតមែន ប៉ុន្តែ​​ចង់ឲ្យសម្ដែងតួអ្វីក៏នាងលេងបានគ​មិនថាជា​តួស្លូត ​តួកាច ​ឬ ​នារីស៊ិចស៊ី​ នាងអាច​សម្ដែង​បាន​ដោយ​មិនលំបាក​នោះទេ ​ដោយសារតែនាង​ តាមមើលការ​សម្ដែង​របស់​តារារៀមច្បង​គ្រប់រូប​ ហើយ​តែង​ត្រាប់​តាម។​ នាងថាខ្លួនយក​ទូរទស្សន៍ ​និងការសម្ដែង​ របស់​តួគ្រប់ប្រភេទ​ធ្វើគ្រូជាធំ​ ទើបក្នុង​ពេល​ផលិតករ​អោយនាងថតស្ប៉ត​ ឬ​សម្ដែងអ្វីមួយ គ្រា​ន់តែប្រាប់ក៏អាច​ទៅរួច​។ ​យ៉ាងណាមិញ ​នាងក៏​នៅ​ត្រូវ​ការ​បទពិសោធន៍​ និងការហ្វឹកហាត់​ជាច្រើនផ្សេងទៀតផងដែរ ដើម្បី​ពង្រឹង​សមត្ថភាព​។

កញ្ញា ឡេ ឆៃលីម ​ក៏បាន​បញ្ជាក់ថា ការប្រឡូក​នៅ​ក្នុងវិថី​សិល្បៈ​ខ្មែរ ​ពេលនេះ តម្រូវ​ឲ្យនាង​ត្រូវតែ​ប្រឹង​ពុះពារ​ដោយសារ​តែនាងមិន​ចង់បរាជ័យ ប៉ុន្តែ​បើឲ្យនាង​ល្បីដោយ​រឿងអាស្រូវ ​ក៏នាងមិនធ្វើដែរ។ សម្អាងលើ​រូបសម្រស់ ​និងមុខមាត់​ជាតារាកូនកាត់ខ្មែរ-ភូមា​ នាងអះអាងថា​ខ្លួន​មិនសូវ​អត់ការ​សម្ដែង​នោះ​ទេ ​ចាប់តាំងពីបាន​ចូលប្រឡូក។

គេ​សង្កេត​ឃើ​ញ​ថា មានផលិតករទាំងស្ប៉ត​ សម្អាងការ​ ភាពយន្តខ្នាតធំ ​និងភាពយន្តភាគ​ទូរទស្សន៍​ ផ្ដល់​ឱកាស​​ឲ្យនាង​បាន​ថតជាហូរហែ ខណៈ​នាងក៏​មាន​ក្តី​រំពឹងថា ប្រជាប្រិយភាពនឹ​ងឈានឡើង ដោយ​នាង​​​ក៏បាន​ត្រៀមខ្លួន សម្ដែងឲ្យបានល្អគ្រប់ទម្រង់​​ មិនថាការ​សម្តែង​តួចកាចឆ្នាស់ តួ​ស្លូត ក្រមិច​ក្រមើម ដើម្បីឲ្យ​មហាជន​ឆាប់ស្គាល់ផង​ដែរ៕